ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការប៉ងឈ្លានពានរបស់សៀមលើប្រាសាទតាមាន់ធំ

15 ឆ្នាំ មុន

ខេត្តឧត្តរ​មាន​ជ័យ ៖ ​ស្ថាន​ការណ៍​ព្រំ​ដែន​កម្ពុជា-ថៃ នៅ​បរិវេណ​ប្រាសាទ​តា​មាន់​ធំ និង​តា​ក្របី​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ នៅ​មាន​លក្ខណៈ​​ធម្ម​តា​ទេ​ ទោះ​បី​ជា​​មាន​ការ​ដាក់​ពង្រឹង​កំលាំង​នៅ​​តាម​ទី​តាំង​ បន្ទាប់​ពី​មាន​ការ​បដិ​សេធ​ចោល​ ការ​ប៉ុន​ប៉ង​មក​ជួស​ជុល​ប្រាសាទ​តា​មាន់​ធំ​ពី​សំណើ​ភាគី​សៀម​យ៉ាង​ណា​ក្តី ។ កាល​ពី​ថ្ងៃ​ទី​២១ កញ្ញា កន្លង​មក​ ស្ថាន​ការណ៍​នៅ​​បរិ​វេណ​ប្រាសាទ​តា​មាន់​ធំ​របស់​ខ្មែរ​ជាប់​ព្រំ​ដែន​កម្ពុជា-សៀម មិន​ទាន់​មាន​ការ​ចល័ត​ទ័ព ឬ​ពង្រឹង​ទ័ព​ប្រឈម​ដាក់​គ្នា​នោះ​ទេ ហើយ​ទាហាន​ឈុត​ខ្មៅ​សៀម​ក្នុង​កង​ពល​៩៦០​ នៅ​តែ​ដាក់​កំលាំង​ប្រចាំ​ការ​នៅ​ទី​តាំង​ក្បែរ​ប្រាសាទ​ជា​ធម្ម​តា ។ ចំណែក​កង​ទ័ព​កម្ពុជា ក្នុង​កង​ពល​៤០២ នៃ​ភូមិ​ភាគ​៤ នៅ​តែ​បន្ត​ឈរ​ជើង​ជា​ធម្ម​តា ។ តាម​ការ​ផ្សាយ​សំលេង​របស់​ទូរទស្សន៍ CTN នា​ព្រឹក​ថ្ងៃ​ទី​២១ កញ្ញា លោក​នាក់ វង្ស មេ​បញ្ជា​ការ​រង និង​ជា​សេនា​ធិការ​កង​ពល​លេខ​៤២ ប្រចាំ​​តំបន់​ប្រាសាទ​តា​មាន់​ធំ​​មាន​ប្រសាសន៍​ថា​ យើង​បាន​ហាម​ឃាត់​ការ​ប៉ុន​ប៉ង​ជួស​ជុល​ប្រាសាទ​នេះ ព្រោះ​ជា​ប្រាសាទ​របស់​ខ្មែរ​ សូម្បី​តែ​ការ​ចង់​ជួស​ជុល​របង​ក៏​ត្រូវ​ហាម​ឃាត់​ដែរ ។ ទោះ​បី​ជា​បែប​ណា ​លោក​មាន​ប្រសាសន៍​ថា សភាព​ការណ៍​ស្ងប់​ស្ងាត់​ល្អ​ប្រសើរ​ធម្មតា​ទេ មិន​មាន​អ្វី​គួរ​ឱ្យ​កត់​សំគាល់​នោះ​​ឡើយ ។

ស្ថាន​ការណ៍​ព្រំ​ដែន​កម្ពុជា-​សៀម នៅ​បរិ​វេណ​ប្រាសាទ​​តា​មាន់​ធំ​ ក្នុង​ពេល​នេះ​មិន​មាន​​ស្ថាន​​ភាព​តាន​តឹង​ទេ ។ ទាំង​ទាហាន​កម្ពុជា និង​​ទាហាន​សៀម​ ប្រតិ​បត្តិ​ការ​នៅ​ក្នុង​ព្រំ​ដែន​រៀងៗ​ខ្លួន ហើយ​​ភ្ញៀវ​ទេស​ចរ​នៅ​តែ​ធ្វើ​ដំណើរ​មក​ទស្សនា​កំសាន្ត​ប្រាសាទ​តា​មាន់​ធំ​ជា​ប្រក្រតី ។ លោក​នាយ​ឧត្តម​សេនីយ៍ ជា តារា មេ​បញ្ជា​ការ​រង​នៃ​កង​យោធ​ពល​ខេមរ​ភូមិន្ទ​ដែល​ទទួល​ខុស​ត្រូវ​តំបន់​ព្រំ​ដែន​កម្ពុជា-សៀម​មាន​ប្រសាសន៍​ថា ប្រាសាទ​តាមាន់​ធំ គឺ​ស្ថិត​នៅ​ក្រោម​​​បូរណ​ភាព​ដែន​ដី​របស់​កម្ពុជា ប្រសិន​បើ​ប្រទេស​ថៃ​ចូល​ធ្វើ​ការ​ជួស​ជុល​ ចាត់​ទុក​ថា ជា​ការ​ឈ្លាន​ពាន​លើ​ដែន​ដី​កម្ពុជា ដែល​ត្រូវ​ធ្វើ​ការ​តប​តភ្លាមៗ​ និង​​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ។

ប្រាសាទ​តា​មាន់ធំ ស្ថិតនៅ​លើ​ខ្នង​ភ្នំ​ដង​រែក ក្នុង​ខេត្ត​ឧត្តរ​មានជ័យ ជិត​បង្គោល​ព្រំដែនលេខ​២៣ ដែល​បានធ្វើឡើង​ដោយ​បារាំង​-សៀម ឆ្នាំ​១៩០៤-១៩០៧ ត្រូវ​ពួក​សៀម​វង្វេង​ប្រវត្តិ​សាស្ត្រ​កំពុង​តែ​ប្រើ​ល្បិច​កល​ក្នុង​ចេតនា​ទន្ទ្រាន​ចូលកាន់​​កាប់ ។ បន្ទាប់​ពី​ដើ​រ​អុក​ឡុក​ពេញពិភព​លោក ចង់​បានប្រាសាទ​ព្រះវិហារ​ខ្មែរ ដោយ​ឥត​កេរ្តិ៍​ខ្មាស​ ត្រូវទទួល​បរាជ័យ ពួកសៀម​ជ្រុលនិយម​បាន​បន្ត​បង្កើត​ជំលោះ​មួយ​ថ្មីទៀត គឺ​ប៉ុន​ប៉ង​ឈ្លាន​ពាន​​យកប្រាសាទ​តាមាន់ធំ​របស់ខ្មែរ ។ តាម​ទូរទស្សន៍ ASTV របស់ថៃ​បាន​ផ្សាយ​ដដែល​ៗ​ថា ថៃ​នឹង​បញ្ជូន​ក្រុមជំនាញ​ថៃ​មក​ជួសជុល​ប្រាសា​ទ​តាមាន់ធំ នៅ​ក្នុងទឹក​ដីរបស់ខ្មែរ ។ នេះ​ជា​ចេតនា​អាក្រក់​របស់សៀម ​កំពុង​បង្ហាញ​ចិត្ត​ព្រហើន​ ឥត​ខ្មាស​ចង់​បាន​ប្រាសាទ​បុរាណ​របស់​ខ្មែរ ។ យោង​​តាម​សន្ធិសញ្ញា​ និង​អនុសញ្ញា​បារាំង​-សៀម ឆ្នាំ​១៩០៤-១៩០៨ ប្រជុំ​ប្រាសាទ​តាមាន់​តូច​ ប្រាសា​ទ​តា​មាន់ធំ​ខ្មែរ ស្ថិត​នៅ​ក្នុង​​អធិបតេយ្យ​ភាព​របស់​កម្ពុជា ចំពោះ​សៀមវិញ ​​​ដល់​​ពេល​សម​ល្ម​មទទួល​ស្គាល់​ការ​ពិត​ហើយ ។ តែ​ផ្ទុយ​ទៅវិញ សៀម​កំពុង​តែ​អុជ​អាល​អួត​អាង​ប្រាប់ប្រជាជន​​ខ្លួន​ថា បានបណ្តេញទាហាន​ខ្មែរ​ចេញពីប្រាសាទ​តា​មាន់​ធំជា​ច្រើន​លើក​មក​ហើយ លើក​នេះ​ គេនឹងធ្វើ​ការ​វាយ​ប្រហារ​ដោយ​អាវុធ​​ បើ​ខ្មែរ​នៅតែ​បន្ត​នៅ​ក្នុង​បរិវេណ​ប្រាសាទ​តា​មាន់​ធំ​របស់ខ្មែរ​នោះ​ទៀត​ ។ ស្តាប់​មើលទៅ ហាក់​ដូចជា​​ខ្លួន​ជា​ជន​រងគ្រោះ ដោ​យ​ប្រើ​ល្បិច​កល​ស្វា​ស៊ី​បាយ​លាប​មាត់​ពពែ នេះ​ជា​ការ​លា​ប​ពណ៌​ដាក់​កំហុស​ឱ្យ​ខ្មែរ​ ដែលជាអ្នក​រង​គ្រោះ ដោយ​ការ​​ឈ្លាន​ពាន​របស់​ចោ​រសៀម ។

គួរ​ឱ្យ​​អនិច្ចា​ ខ្មែរ​នៅ​ក្នុង​ដី​ខ្លួន បែរជា​ពួក​ទាហាន​​សៀម​វង្វេង​ប្រវត្តិសាស្ត្រ​ចូល​មក​ឆា​ឆៅ​ថា ជា​ដី​​របស់សៀម​វិញ ។ វា​ដូច​​ទៅ​នឹង​ការ​​ប្រើ​លេស​បង្ក​រឿង​អំពី​ប្រាសាទ​ព្រះវិហារ​ខ្មែរ ​ពួក​សៀម​​បង្កើត​បញ្ហា​ថ្មី​ជា​និច្ច ដើម្បី​ចិញ្ចឹម​ជំលោះ​ឱ្យ​បាន​​យូរ​ជា​មួយ​កម្ពុជា ប្រយោជន៍​ចំណេញ​នយោ​បាយ​ផ្ទៃ​ក្នុង​របស់ខ្លួន ។ ដល់​យូរៗ​ទៅរក​​ហេតុ​ផល​បង្ក​ទំនាស់​លែង​បាន​ ក៏ទាម​ទារ​ឱ្យ​ប្តូរ​ឈ្មោះ​ព្រះវិហារ​ខ្មែរ ទៅជា​ព្រះ​វិហាន​ទៅវិញ ។ ចាំ​ថា ដូនតា​ខ្មែរ​​មិន​បាន​កសាង​ប្រាសាទ​ព្រះ​វិហាន​​ដែល​​ពួក​សៀម​វង្វេង​ប្រវត្តិសាស្ត្រ​ បាននាំ គ្នា​និយាយ​នោះទេ ប៉ុន្តែ​ដូនតា​ខ្មែរ​បាន​កសាង​ប្រាសាទ​ព្រះវិហារ​យ៉ាង​ល្អ​ឯក​នៅ​លើ​ខ្នង​ភ្នំដង​រែក ៕