រូបសំណាកព្រះគោព្រះកែវ បានកំពុងសាងសង់លើបណ្តោយផ្លូវជាតិលេខ៥ នៅមុំភូមិសាស្ត្រស្រុងឧត្តុង្គ ខេត្តកំពង់ស្ពឺ បានរងការរិះគន់ថាជាសំណង់មួយដែលមិនស្អាត គោមិនចំជាគោ និងមិនមានលក្ខណៈស្រដៀងទៅ និងរូបចម្លាក់ចាស់ៗ ដែលដូនតាខ្មែរបានសងរួចមកហើយនោះ ។

ពលរដ្ឋបានលើកឡើងថា រូបចម្លាក់ទាក់ទងរឿងនឹងរឿងប្រវត្តិសាស្ត្របែបនេះគួរណាមានការផ្ចិតផ្ចង់យកចិត្តទុកដាក់ក្នុងការកសាងឲ្យមានលក្ខណៈសមរម្យ ដើម្បីទុកជាកន្លែងប្រវត្តិសាស្ត្រជាទីគោរពសក្ការៈនិងបម្រើឲ្យវិស័យទេសចរណ៍ផង ។ អ្នកបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ បានថតរូបសំណាកព្រះគោព្រះកែវ មកបង្ហោះ និងរិះគន់លើបណ្តាញសង្គមជាច្រើន ។
ចំណែក លោក កុសល ដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៥ កាលពីចុងសប្តាហ៍មុននិយាយថា បើសិនជាគេជ្រើសរើសជាងចម្លាក់ដែលមានទឹកដៃស្អាតជាងនេះ រូបសំណាកព្រះគោព្រះកែវនេះនឹងក្លាយជាទីទាក់ទាញ ជាកន្លែងគោរពសក្ការៈ និងជាកន្លែងទេសចរណ៍ មិនខុសពីរូបសំណាកព្រះថោងនាងនាគនៅខេត្តព្រះសីហនុនោះឡើយ ។

លោកថា ពលរដ្ឋខ្មែរបានគោរព និងជឿលើបារមីព្រះរូបព្រះគោព្រះកែវ ដូច្នេះបើសាងសង់រូបសំណាកមួយដែលមើលទៅមិនដូចរូបសំណាកនានា ដែលដូនតាខ្មែរបានកសាងនោះនឹងធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ពលរដ្ឋជាមិនខានឡើយ ។
តាមរឿងព្រេងនិទាន «ព្រះគោព្រះកែវ» ជាបងប្អូន និងគ្នាដែលកើតចេញពីពោះម្តាយតែមួយ ប៉ុន្តែបងជាសត្វគោ គឺព្រះគោ ចំណែកប្អូនជាមនុស្សដែលមានឈ្មោះកែវ (ព្រះកែវ) ។ បងប្អូនព្រះគោព្រះកែវ មានរិទ្ធីបារមីពូកែអស្ចារ្យ ។ នៅក្នុងពោះរបស់ព្រះគោ មានផ្ទុកនូវវត្ថុដ៏មានតម្លៃ ។

ចំណែកព្រះកែវ ជា «ត្បូងដ៏ពិសិដ្ឋ» ។ រឿងនិទានព្រះគោព្រះកែវតបានដំណាលថា ស្តេចថៃបានចាប់ព្រះគោព្រះកែវយកទៅឃុំនៅស្រុកសៀមដោយមានជំនឿថា កាលណាបានព្រះគោព្រះកែវគង់នៅទីណា ទីនោះនឹងបានសុខក្សេមក្សាន្ត ។
ជាការកត់សម្គាល់មួយរយៈចុងក្រោយនេះ អាជ្ញាធរខេត្ត ក្រុងជាច្រើន បានសាងសង់រូបចម្លាក់នានានៅលើដងផ្លូវ នៅទីប្រជុំជន កន្លែងសួនច្បារសាធារណៈក្នុងខេត្ត ដើម្បីលើកកម្ពស់សោភណ្ឌភាព ក៏ដូចជារំលឹកពីរឿងរាវប្រវត្តិសាស្ត្រ ក៏ដូចជា ដើម្បីទាក់ទាញភ្ញៀវទេសចរ ផងដែរ ។

រូបសំណាកចុងក្រោយដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជន គឺរូបសំណាកព្រះថោងនាងនាគនៅខេត្តព្រះសីហនុ ។ ព្រះថោងដោងស្បៃនាងនាគ ដែលជានិមិត្តរូបនៃការកកើតទឹកដីអរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់នគរខ្មែរ គោកធ្លកនោះត្រូវបានស្ថាបនាដោយ លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ មានកម្ពស់ ២១ម៉ែត្រ ទម្ងន់៦០តោន ធ្វើពីស្ពាន់ និងបានចំណាយថវិកាអស់ជាង១លានដុល្លារ ។
ដោយសារជារឿងនិទានជាប់ទាក់ទងប្រវត្តិសាស្ត្រទឹកដីផង រូបព្រះគោព្រះកែវមានទាំងរូបគំនូ និងចម្លាក់នៅពាសពេញប្រទេស ដែលគេអាចយកមកជាមូលដ្ឋានក្នុងការសាងសង់ឲ្យមានលក្ខណៈសិល្បៈខ្មែរដ៍ទាក់ទាញបាន ៕

ចែករំលែកព័តមាននេះ