ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​អំពាវនាវ​សុំ​ឱ្យ​មានការ​ស្រាវជ្រាវ​ករណី​ព្រួត​វា​.​យ​ធ្វើ​ឲ្យ​ប្តី​គាត់​ពិការ​មួយ​កំណាត់​ខ្លួន

2 ឆ្នាំ មុន
  • ក្រចេះ

អ្នកស្រី ម៉ាច សុ​ភ័​ណ្ណ ដែល​ជា​អាជីវករ​លក់ដូរ​អ៊ី​វ៉ា​ន់​ចាប់ហួយ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ បាន​អំពាវនាវ​ស្នើ​សុំ​ទៅ​ដល់​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​ទៅ​នឹង​

ខេត្តក្រចេះ ៖ អ្នកស្រី ម៉ាច សុ​ភ័​ណ្ណ ដែល​ជា​អាជីវករ​លក់ដូរ​អ៊ី​វ៉ា​ន់​ចាប់ហួយ នៅ​ស្រុក​ស្នួល ខេត្តក្រចេះ បាន​អំពាវនាវ​ស្នើ​សុំ​ទៅ​ដល់​កម្លាំង​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ​បើក​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​មនុស្ស​មួយ​ក្រុម​ដែល​បាន​ធ្វើ​សកម្មភាព​ព្រួត​វា​.​យ​ប្តី​របស់​គាត់ បណ្ដាល​ឱ្យ​រង​របួសធ្ងន់ រហូត​ដល់​ពិការ​មួយ​កំណាត់​ខ្លួន ។

ករណី​ខាងលើ​នេះ បាន​កើតឡើង​តាំងពី​ពាក់កណ្ដាល​ខែឧសភា ឆ្នាំ​២០២២​កន្លង​ទៅ តែ​មាន​សភាព​ស្ងប់ស្ងាត់ ទើបនឹង​បែកការ ក្រោយ​ពី​មានការ​បញ្ចេញ​រូបភាព​វី​ដេ​អូ​ឃ្លី​ប​មួយ​ចំនួន ពាក់ព័ន្ធ​ទៅ​នឹង​ករណី​មួយ​នេះ បន្ទាប់​ពី​បុរស​រង​គ្រោះ​ត្រឡប់​មក​ពី​ព្យាបាល​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម​វិញ​។

បើ​តាម​ការ​រៀបរាប់​ពី​ជន​រង​គ្រោះ​ឈ្មោះ លោក វ៉ា​ន់ មន្នី​រិ​ទ្ធ រស់នៅ​ភូមិ​ស្រែ​រនាម ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ បាន​រៀបរាប់​ឱ្យ​ក្រុម​អ្នក​សារព័ត៌មាន​ដឹង​ថា មុន​ពេល​កើតហេតុ លោក​បាន​ជិះ​ម៉ូតូ​ក្នុង​គោលដៅ​ទៅ​លេង​បាល់ទះ​នៅ​ឯ​ក្រុមហ៊ុន​ស្មា​ត​មួយ​កន្លែង ស្ថិត​នៅ​ភូមិរ​វៀងជ័យ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ ។

បុរស​រង​គ្រោះ​បន្ត​ថា ខណៈ​ពេល​ដែល​ឈរ​មើល​គេ​លេង​បាល់ទះ​នៅ​ទីតាំង​ខាងលើ ក៏​មាន​មិត្ត​ភ​ក្កិ​បាន​ខ​ល​ទូរស័ព្ទ​ហៅ​ទៅ​ផឹកស្រា​ក្រឡុក​នៅ​តំបន់​ក្បែរ​ក្រុមហ៊ុន​ថ្ម​ម៉ាប ហើយ​នៅ​ពេល​គាត់​កំពុង​តែ​ជិះ​ម៉ូតូ​តាម​ផ្លូវ​នោះ ស្រាប់តែ​មាន​រថយន្ត​តា​កូ​ម៉ា ពណ៌​ស​មួយ​គ្រឿង ជិះ​តម្រង់​ទៅ​បំ​បុក​រូប​លោក ទើប​រូប​លោក​សម្រេចចិត្ត​គេច​ចេញ បណ្តាល​អោយ​ម៉ូតូ​ធ្លាក់​ចូល​ប្រឡាយ​ទឹក តែ​ម្តង​ទៅ​។

បុរស​រង​គ្រោះ​បន្ត​ទៀត​ថា ក្រោយ​ពេល​ធ្លាក់​ប្រឡាយ​ទឹក ក៏​មាន​ក្រុម​ជនសង្ស័យ​មួយ​ក្រុម​ប្រដាប់​ដោយ​ដំបង​ឈើ​គ្រប់​ដៃ​មក​ព្រួត​វា​.​យ បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ទៅ​លើ​រាង​កាយ នៅ​ក្នុង​ប្រឡាយ​ទឹក​នោះ​។

ក្រោយមក​ជន​រង​គ្រោះ​ក៏​ត្រូវ​បាន​គេ​ស្រង់​យក​មក​ខាងលើ ហើយ​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ឃុំ​ស្វាយ​ជ្រះ ដោយ​មាន​ខ្នោះជើង​និង​ដៃ​ព្យួរ​ឡើង​លើ រហូត​ដល់​ជន​រង​គ្រោះ​សន្លប់​បាត់ស្មារតី ទើប​គេ​បញ្ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​វិញ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម អស់​រយៈពេល​ជិត​២​ខែ ទើបបាន​ធូរស្បើយ ប៉ុន្តែ​ត្រូវ​រង​ពិការ​ភាព​មួយ​កំណាត់​ខ្លួន​ផ្នែក​ខាងក្រោម ។

បើ​តាម​អ្នកស្រី ម៉ាច សុ​ភ័​ណ ដែល​ជា​ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ត្រឡប់​មក​ពី​ព្យាបាល​នៅ​ប្រទេស​វៀតណាម​វិញ ជន​រង​គ្រោះ​ត្រូវ​បាន​មេការ​អ្នកបកប្រែ​ក្រុមហ៊ុន​ចិន ដាក់​ពាក្យបណ្ដឹង ពាក់ព័ន្ធ​ករណី​លួច​ខ្សែភ្លើង​នៅ​ក្នុង​ក្រុមហ៊ុន​របស់​គេ ។

ប្រពន្ធ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា កន្លង​ទៅ ប្ដី​របស់​គាត់​តែងតែ​ដឹក​ជញ្ជូន​អ៊ី​វ៉ា​ន់​យក​ទៅ​បោះ​ឱ្យមក​លក់​នៅ​តាម​ភូមិ​ខាងលើ តែ​មិន​ដែល​មាន​ទំនាស់ និង​បញ្ហា​អ្វី​ជាមួយ​អ្នក​ណា​ទេ ។ រឿង​អី​គេ​ចោទប្រកាន់​ប្ដី​របស់​គាត់​ដែល​ជា​ជន​រង​គ្រោះ​ថា ជា​អ្នក​លួច​ខ្សែភ្លើង​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ចិន វា​អាច​ជា​ការ​ភ័ន្ដ​ច្រឡំ​។

អ្នកស្រី​បញ្ជាក់​ថា ជីវភាព​ក្រុម​គ្រួសារ​របស់​គាត់​មាន​ជីវភាព​សមរម្យ លក់ដូរ​ការងារ​ប្រចាំ​ថ្ងៃ ធ្វើ​ចំការ​ផង និង​ចិញ្ចឹម​ទា​រាប់​ពាន់​ក្បាល ចាំបាច់​អី​ទៅ​លួច​របស់របរ​ខ្សែភ្លើង​បន្តិចបន្តួច​ហ្នឹង​មក​ធ្វើ​អី​។ អ្នកស្រី​បាន​ស្នើ​សុំ​ឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​និង​ជួយ​រក​យុត្តិធម៌​ឱ្យ​ក្រុម​គ្រួសារ​របស់​អ្នកស្រី​ផង មិនដឹង​ជា​ត្រូវ​ពឹង​អ្នក​ណា​នោះ​ទេ បើរ​ត់ទៅ​សួរ​ប៉ុស្តិ៍​នគរបាល​ស្វាយ​ជ្រះ​ថា ឲ្យ​ទៅ​សួរ​អធិការ​ស្រុក​ស្នួល​។ លុះដល់​ពេល​ទៅ​ដល់​ស្រុក​ស្នួល​ថា រឿង​នេះ​ទៀត​បញ្ជូន​ទៅ​លើ​ហើយ ស្រាប់តែ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២​នេះ មានការ​កោះហៅ​ក្រុម​គ្រួសារ​ង​គ្រោះ​ឲ្យ​ទៅ​បំភ្លឺ​ពាក់ព័ន្ធ​ករណី​នេះ តែ​នៅ​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាងណា​នៅឡើយ​ទេ ។

ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ជ្រះ បាន​ឆ្លើយ​តប​តាម​ទូរស័ព្ទ​ប្រាប់​អ្នក​សារព័ត៌មាន​ថា មិន​អាច​ផ្ដល់​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​បាន​នោះ​ទេ បើ​ចង់​ដឹង​ទាល់តែ​មក​ជួប​គ្នា​ផ្ទាល់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ