ជាតិ » បរិយាយថ្ងៃនេះ

ទំនើប​ទើប​លែង​ឆេះ ?

ដោយ ៖ សហការី   

ថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា ឆ្នាំ២០១៧ ម៉ោង ១០:២៩   (26-01-2017 10:29)

ប្រទេស​មាន​សន្តិភាព​បរិបូ​រណ៍ និង​កំពុង​អភិវឌ្ឍ​...​សំណង់​ទំនើប​ទាំងឡាយ​ត្រូវ​តែ​រីក​ស្គុសស្គាយ​...​។ រីឯ​សេដ្ឋកិច្ចជាតិ និង​សេដ្ឋកិច្ច​ឯកជន​ក៏​រីក​ចំរើន​...​សេដ្ឋកិច្ច​ទីផ្សារសេរី​ក៏​បោះពួយ​គ្មាន​ទីប​ញ្ជ​ប់​ដែរ​...​។

ទីក្រុង​នៃ​សង្គម​កំពុង​អភិវឌ្ឍ​ក៏​ត្រូវការ​ឱ្យ​វា​ទំនើប​...​ឱ្យ​គេ​មើលឃើញ​ជាទី​ក្រុង​ស្អាត​...​ទីក្រុង​មាន​សំណង់​ទំនើប​ខ្ពស់ត្រដែត​ត្រដឹម​...​ខ្ពស់​កប់​អាកាស​...​នោះ​ហើយ​ជា​សង្គម​រីកចំរើន​...​។

បើ​នៅ​ក្នុង​ទីក្រុង​មាន​តែ​សំណង់​គ្មាន​រៀបរយ​...​រកេតរកូត រយីក​រយាក​...​ពពាក់ពពូន​ដូច​សំបុកចាប​...​រក​អួត​ប្រាប់​គេ​ថា សេដ្ឋកិច្ច​រីក​ចំរើន​ម៉េច​កើត​ទៅ ?​...​ជា​សំណង់​ងាយ​ឆេះ​...​។

នៅ​លើ​សកលលោក​នេះ​...​ប្រទេស​ណា​ក៏​ដូច​ប្រទេស​ណា​ដែរ​...​ជនជាតិ​ណា ជាតិ​សាសន៍​ណា​ក៏​ដូច​គ្នា​ដែរ​...​បើ​មាន​សំណង់​កម្ពស់​ដប់​ម្ភៃ​ជាន់​...​ឬ​វីឡា​ស្កឹមស្កៃ​...​អ្នក​ដែល​មាន​សំណង់​តូច​ឬ​ខ្ទម​មិន​អាច​រស់នៅ​ជាប់​...​រស់នៅ​ក្បែរ​បាន​ឡើយ​...​។ ដំណោះស្រាយ​ល្អ​មាន​តែ​ដោះ​ដូរ​ចេញ​ទៅ​រស់នៅ​ទីណា​មួយ​សម​ស្រប​...​ទុក​ទីនោះ​ឱ្យ​សង្គម​ធ្វើការ​អភិវឌ្ឍ ដើម្បី​មុខមាត់​សង្គម​...​ដែល​ខ្មែរ​យើង​ប្រើ​ពាក្យ​ថា ចិន​ដេញ​ខ្មែរ​...​ខ្មែរ​ដេញ​ខ្មោច​...​វា​ជា​ក្រឹត្យក្រម​នៃ​ប្រទេស​កំពុង​អភិវឌ្ឍ​...

ប្រសិនបើ​មិន​ចាកចេញ​...​ថ្ងៃ​ណាមួយ​...​ខែ​ណា ឆ្នាំ​ណាមួយ វា​នឹង​ឆេះ​ក្លាយជា​ផេះ​ផង់​...​ព្រោះ​ការ​រស់នៅ​គ្មាន​រៀបរយ​...​សំណង់​ស្លឹក សំណង់​ឈើ​រយីក​រយាក​របស់​អ្នក​ក្រីក្រ​...​ងាយ​នឹង​ឆេះ​...​ដែល​គ្រាន់តែ​អុជ​ទៀន​ធូប​ចោល​ក៏​ឆេះ​ផ្ទះ​ដែរ​...​។​ល​។

ដល់​ពេល​ឆេះ​...​លេចឮ​ភ្លាម​នូវ​ពាក្យ​ថា​...​បើ​ដេញ​មិន​ចេញ​មាន​តែ​ដុត​ចោល​...​ព្រោះ​សំណង់​បែប​នេះ​ឆេះ​ច្រើន​តំបន់​មក​ហើយ​...​ដោយ​ចោទ​ថា មាន​គេ​លួច
ដុត​...ប៉ុន្តែ​តាម​ពិត​ទៅ​...​ឆេះ​ដោយ​ខ្លួនឯង​ក៏​មាន​...​ឆេះ​ដោយ​គេ​លួច​ដុត​ក៏​មាន​...​រក​ចោទប្រកាន់​មិនកើត​...​រក​ថា​មិន​ត្រូវ​...​។

នៅ​ផ្សារ​ចាស់​កណ្តាល​ក្រុងភ្នំពេញ​...​ប៉ុន្មាន​ឆ្នាំ​មុន​មាន​សេដ្ឋី​ចង់​អភិវឌ្ឍ​ឱ្យ​វា​ក្លាយជា​ផ្សារ​ទំនើប​នឹង​គេ​...​ម្ចាស់​តូប​មិន​ព្រម​...​ភ្លេច​ៗ​ខ្លួន​ឆេះ​អស់​ពាក់កណ្តាល​...​។
នៅ​ផ្សារ​កណ្តាល​ដែល​ជា​ផ្សារ​ពី​បូរាណ​...​មុន​នេះ​ក៏​មាន​សេដ្ឋី​ចង់​អភិវឌ្ឍ​ដែរ​...​ប៉ុន្តែ​អ្នកផ្សារ​មិន​ព្រម​...​ប៉ុន្មាន​ថ្ងៃមុន​រំលង​អធ្រាត្រ​ឆេះ​អស់​មិន​តិច​...

លេច​ពាក្យ​ថ្កោល​ថា​...​មាន​គេ​លួច​ដុត​...​ប៉ុន្តែ​តាម​ពិត​ទៅ​ឆេះ​ដោយសារ​តែ​ការ​ធ្វេសប្រហែស​...​សំណង់​ចាស់​ងាយ​ឆេះ​...​គេ​ថា​ទាល់តែ​ទំនើប ទើប​លែង​ឆេះ​...​ហេ ! ហេ !


              អា​ឡេវ