លោក ឌួង ឆាយ ជួយ DJ ឡាយអិន ក្រោយចេញពីពន្ធនាគារ មិនមានការងារធ្វើ
រាជធានីភ្នំពេញ ៖ ដោយក្តីអាណិតអាសូរ (ឌីជេ ឡាយអិន) ដែលមានឈ្មោះពិត ហែម បូរិទ្ធ បានកែខ្លួនសារជាថ្មី បន្ទាប់ចេញពីពន្ធនាគារមកវិញនោះ…
រាជធានីភ្នំពេញ ៖ ដោយក្តីអាណិតអាសូរ (ឌីជេ ឡាយអិន) ដែលមានឈ្មោះពិត ហែម បូរិទ្ធ បានកែខ្លួនសារជាថ្មី បន្ទាប់ចេញពីពន្ធនាគារមកវិញនោះ…
រាជធានីភ្នំពេញ ៖ ដោយក្តីអាណិតអាសូរ (ឌីជេ ឡាយអិន) ដែលមានឈ្មោះពិត ហែម បូរិទ្ធ បានកែខ្លួនសារជាថ្មី បន្ទាប់ចេញពីពន្ធនាគារមកវិញនោះ ត្រូវបានលោក ឌួង ឆាយ ផ្តល់ឱកាសអោយធ្វើការងារមួយក្នុងក្រុមហ៊ុន ដើម្បីបានប្រាក់ចិញ្ចឹមជីវិត នេះបើតាមលោក អ៊ឹម ជីវ៉ា បង្ហោះសារនៅយប់ថ្ងៃទី១៧ សីហា ២០២២នេះ ។
លោក ឌួង ឆាយ និយាយថា ដោយឃើញ DJ ឡាយអិន ជាអ្នកសិល្បៈមួយរូប ដែលជ្រុលខ្លួនខុសមួយពេល ហើយពេលនេះគាត់ចេញមកហើយ គាត់កែប្រែហើយ យើងគួរផ្តល់ឱកាសអោយគាត់កែប្រែ កុំស្អប់ខ្ពើម ជាន់ពន្លិចគាត់ទៀតអី មនុស្សម្នាក់កើតមកគ្មានអ្នកណាមិនចេះខុសឡើយ តែបើខុសត្រូវចេះកែ ។
ព្រោះថា កន្លងមកប្រមុខថ្នាក់ដឹកនាំ ក៏ផ្តល់ឱកាសអោយលោក ឌួង ឆាយ ផងដែរដូច្នេះហើយលោក ឌួង ឆាយ ក៏ត្រូវផ្តល់ឱកាសអោយបន្តចំពោះ DJ ឡាយអិន ទៀតដែរ ។
លោក ឌួង ឆាយ បានបន្តថា ថ្ងៃនេះគឺខ្ញុំផ្តល់ឱកាសអោយ DJ ឡាយអិន បានធ្វើការងារជាមួយក្នុងក្រុមហ៊ុនបុរី Downtown របស់លោក ដែលទើបចាប់ផ្តើមលក់នៅថ្ងៃនេះ ដោយផ្តល់ប្រាក់ខែផង និងផ្តល់ប្រាក់ភាគរយផង ដល់ការលក់របស់ DJ ឡាយអិន ផងដែរ ធ្វើយ៉ាងណាអោយគាត់មានការងារ និងបានប្រាក់ទុកចិញ្ចឹមជីវិត ។
កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ពិធីករល្បីឈ្មោះលោក សុខ រ៉ាស៊ី បានបង្ហោះសារលើគណនីហ្វេសប៊ុកយ៉ាងដូច្នេះថា ៖ «ពេលជួបបង (DJ ឡាយអិន) ប្អូនទប់ទឹកភ្នែកមិនចង់បានទេ! បើចង់ឱ្យស្រុកខ្មែរ យើងសម្បូរមនុស្សល្អ ទាល់តែបងប្អូន លើកលែងឱ្យអ្នកដែលដឹងខ្លួនខុស ចេះកែខ្លួន ឥឡូវគាត់ចេញមកវិញហើយ បងឡាយអិនចេញមកវិញ គាត់អត់មានការងារទាល់តែសោះ រាល់ថ្ងៃជួយរៀបចំបាយទឹកឲ្យប្អូនស្រីគាត់ជាជាងអ៊ុតសក់ នៅតូប គួរឲ្យអាណិតណាស់! លោកក៏អំពាវនាវដល់ក្រុមហ៊ុនណា ដែលមានការងារធ្វើត្រូវការជំនាញរបស់លោក ហែម បូរិទ្ធ ហៅ DJ ឡាយអិន សូមមេត្ដាជួយផ្ដល់ឱកាសឲ្យលោកផង» ។
គួរបញ្ជាក់ថា អតីតពីធីករទូរទស្សន៍លោក ឌីជេ ឡាយអិន បានចាកចេញពីពន្ធនាគារអំឡុងខែកក្កដា ឆ្នាំ២០២២ បន្ទាប់ពីជាប់ទោសទណ្ឌរយៈ ៤ឆ្នាំ ពាក់ព័ន្ធករណីគ្រឿងញៀន ប៉ុន្តែក្រោយការអនុវត្តទោសរួចរាល់ ឌីជេ ឡាយអិន បានចេញមុនពេលកំណត់ ដោយសន្យាកែប្រែខ្លួនជាថ្មី លេងដើរផ្លូវខុស និងធ្វើខ្លួនឲ្យមានប្រយោជន៍ដើម្បីសង្គម និងគ្រួសារ ។
ឌីជេ ឡាយ អិន បានលើកឡើងថា លោកត្រូវបានចាកចេញពីពន្ធនាគារមុនពេលកំណត់ ដោយសារអំឡុងពេលជាប់លោកបានខិតខំជួយការងារមន្ត្រីពន្ធនាគារ និងការកែប្រែខ្លួនសារជាថ្មី លោកពិតជាមានអារម្មណ៍សោកស្តាយយ៉ាងខ្លាំង ក្នុងពេលដែលលោកគិតខុសមួយពេល ទើបធ្លាក់ខ្លួនចូលទៅបញ្ហាគ្រឿងញៀនបែបនេះ ។
សូមរម្លឹកថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០១៨ ជនជាប់ចោទទាំង០៤ ត្រូវបានតំណាងអយ្យការអបសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន និងបទ កាន់កាប់អាវុធដោយខុសច្បាប់ ដែលប្រព្រឹត្តិនៅមជ្ឈមណ្ឌលកម្សាន្តរ៉ុក ខណ្ឌចំការមន ។
កាលរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្ដន្ទាទោសលើក្រុម Dj ឡាយអិន ដែលមានឈ្មោះពិត ហែម បូរិទ្ធ ដាក់ពន្ធនាគារចាប់ពី០៤ ទៅ ១៥ឆ្នាំ ក្នុងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់ដែលបានប្រព្រឹត្តនៅក្លឹបកម្សាន្តរ៉ុក ។
សាលក្រមផ្ដន្ទាទោសទៅលើជនជាប់ទោសចំនួន ៤នាក់ ទី១ ឈ្មោះ ហែម បូរិទ្ធ (Dj ឡាយអិន) ឱ្យជាប់ពន្ធនាគារ០៤ឆ្នាំ ទី២ ឈ្មោះ ម៉ៅ ស្រីណា ភេទស្រី អាយុ៣៨ឆ្នាំ ឱ្យជាប់ពន្ធនាគារ០៤ឆ្នាំ និង ពិន័យជាប្រាក់៦លានរៀល ។ ដោយឡែកសម្រាប់ជនជាប់ចោទទី៣ ឈ្មោះ អ៊ិន សាខន ភេទប្រុស អាយុ ៥១ឆ្នាំ ឱ្យជាប់ទោសដាក់ពន្ធនាគារចំនួន ១១ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល ចំណែកឯជនជាប់ចោទទី៤ ឈ្មោះ ស៊ិន សម្ផស្ស ភេទប្រុស អាយុ ៣៣ឆ្នាំ ត្រូវជាប់ពន្ធនាគារចំនួន ១៥ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល ៕
ចែករំលែកព័តមាននេះ