ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍​សម្រុក​កក់​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ជំនាន់​ថ្មី

1 ឆ្នាំ មុន

អា​មេ​រិ​ក ៖ ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក American Airlines បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​លើ​

អា​មេ​រិ​ក ៖ ក្រុមហ៊ុន​អាកាសចរណ៍​អា​មេ​រិ​ក American Airlines បាន​យល់ព្រម​លើ​កិច្ចព្រមព្រៀង​លើ​ការ​ទិញ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង ដែល​អាច​ហោះ​ពី​ទីក្រុង​ឡុ​ង​ដ៍ ចក្រ​ភ​អង់គ្លេស ទៅ​កាន់​ទីក្រុង​ម៉ៃ​អា​មី (Miami) សហរដ្ឋអាមេរិក​ក្នុង​រយៈពេល​ត្រឹម​៥​ម៉ោង​ប៉ុណ្ណោះ​។

ក្រុមហ៊ុន American Airlines បាន​ទម្លាក់​ប្រាក់​កក់​ដែល​មិន​អាច​ដក​វិញ​បានជា​មួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​អា​មេ​រិ​ក Boom Supersonic សម្រាប់​បញ្ជា​ទិញ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​ចំនួន​២០​គ្រឿង ដែល​មានឈ្មោះ​ថា «Overture»​។

American Airlines បាន​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​ទី​៣ ដែល​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​ទិញ​យន្តហោះ​ជំនាន់​ថ្មី​នេះ​។ តែ​សម្រាប់​អ្នក​ចង់​ធ្វើ​ដំណើរ​តាម Overture ត្រូវ​ចំណាយពេល​រង់ចាំ​ជា​មុន​សិន​។ ដោយសារ​ក្រុមហ៊ុន​មិន​បាន​កំណត់​ដាក់​ឱ្យ​ដំណើរការ​នៅឡើយ​ទេ រហូត​ដល់​ឆ្នាំ ២០២៩​។

លោក Derek Kerr ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់ American Airlines បាន​និយាយ​ថា «​ការ​សម្លឹង​មើល​អនាគត ការ​ធ្វើ​ដំណើរ​ជាមួយ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង​នឹង​ក្លាយជា​ផ្នែក​មួយ​ដ៏​សំខាន់​នៃ​សមត្ថភាព​របស់​យើង​ក្នុង​ការ​ផ្តល់​ជូន​អតិថិជន​។ ហើយ​យើង​ពិតជា​រំភើប​ចំពោះ​របៀប​ដែល Boom Supersonic ដែល​នឹង​រៀបចំ​អនាគត​នៃ​ការ​ធ្វើ​ដំណើរ​ជើង​អាកាស​»​។

គួរ​បញ្ជាក់​ថា វា​មាន​រយៈពេល​ជិត​២០​ឆ្នាំ​ហើយ ចាប់តាំងពី​អ្នកដំណើរ​អាច​ជ្រើសរើស​ការ​ហោះហើរ​ជាមួយ​យន្តហោះ​ល្បឿន​លឿន​ជាង​សំឡេង បន្ទាប់​ពី​យន្តហោះ Concorde ដែល​ផលិត​ដោយ​ក្រុមហ៊ុន Sud Aviation របស់​បារាំង និង British Aircraft Corporation របស់​ចក្រភព​អង់គ្លេស​បាន​ដាំ​ក្បាល​ចេញពី​ទីផ្សារ ដោយសារ​តែ​តម្លៃ​នៃ​ជើងហោះហើរ​មាន​តម្លៃ​ខ្ពស់​ពេក​។

ទោះ​យ៉ាងណា​ក៏​ដោយ លោក Blake Scholl នាយក​ប្រតិបត្តិ Boom Supersonic បាន​និយាយ​ថា យន្តហោះ​ក្រុមហ៊ុន​របស់​លោក​នឹង​មាន​ភាព​ខុស​ប្លែក​គ្នា នៅ​ពេល​ដែល​វា​បង្ហាញខ្លួន​នៅ​ឆ្នាំ ២០២៩​។ ដោយ​សំបុត្រ​មាន​តម្លៃ​ប្រហែល ៤,០០០ ទៅ ៥,០០០​ដុល្លារ ដើម្បី​ហោះហើរ​ពី​ទីក្រុង​ញូ​វ​យ៉​ក​ទៅ​ទីក្រុង​ឡុ​ង​ដ៍ ក្នុង​រយៈពេល​ប្រហែល​៣​ម៉ោង​កន្លះ​តែ​ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នោះ Boom Supersonic ក៏​បាន​អះអាង​ថា​កម្មវិធី​ផលិត Overture នឹង​ត្រូវ​ចំណាយ​ប្រាក់​ចន្លោះ​ពី ៦​ពាន់​លាន ទៅ ៨​ពាន់​លាន​ដុល្លារ​។ ហើយ​យន្តហោះ​នេះ​មាន​តម្លៃ ២០០​លាន​ដុល្លារ​ក្នុង​១​គ្រឿង​។ រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​មាន​ក្រុមហ៊ុន​ផលិត​ម៉ាស៊ីន​ណាមួយ​ចុះ​កិច្ចសន្យា​នៅឡើយ​ទេ​។ ប៉ុន្តែ​បច្ចុប្បន្ន Boom Supersonic កំពុង​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន Rolls-Royce និង​ក្រុមហ៊ុន​ដទៃ​ផ្សេង​ៗ​ទៀត​៕ (​ប្រភព​ពី LADbible)

លោក Blake Scholl

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ