ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ក្មេង​តូច​អាយុ​មិនដល់​១​ឆ្នាំ​នេះមានកំហុស​អ្វី បាន​ជា​ត្រូវ​ម្តាយ​យកទៅ​ដេក​ហាល​ភ្លៀង​សុំ​ទាន​លើ​ចិញ្ចើម​ថ្នល់​?

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ដំណើរ​ម្នាក់ក្នុងចំណោម​អ្នកដំណើរ​ជា​ច្រើននាក់ ប៉ុណ្ណោះ​ បានបើក​រថយន្ត​ទៅឈប់​រង់ចាំ​ភ្លើង​ស្តុប​នៅ​ចំណុច​ភ្លើង​ស្តុប​សណ្ឋាគារ​ អាំងទែរ​កុង​ទី​ណង់​តាល់ ​ក្បែរ​ផ្សារ​ដើមគ តាមដង​មហាវិថី​​ម៉ៅ​សេ​ទុង កែង​វិថី​ព្រះមុនីរ៉េត កាលពី​យប់ថ្ងៃទី​២៦ តុលា ២០១០ ពេល​នោះ​ជួប​ស្ត្រី​អ្នកសុំ​ទាន​ម្នាក់​ជាមួយ​កូន​ប្រុស​តូច​មួយអាយុ​ប្រមាណ ​ជិត​មួយ​ខួប (១​ឆ្នាំ) ដេកស្តូក​ស្តឹង​លើ​ខឿន​ការ៉ូឡា​នា​ផ្លូវ​កែង

(លិខិត​មិត្ត​អ្នក​អាន)
រាជធានីភ្នំពេញ ៖ ខ្ញុំ​គ្រាន់តែ​ជា​អ្នក​ដំណើរ​ម្នាក់ក្នុងចំណោម​អ្នកដំណើរ​ជា​ច្រើននាក់ ប៉ុណ្ណោះ​ បានបើក​រថយន្ត​ទៅឈប់​រង់ចាំ​ភ្លើង​ស្តុប​នៅ​ចំណុច​ភ្លើង​ស្តុប​សណ្ឋាគារ​អាំងទែរ​កុង​ទី​ណង់​តាល់ ​ក្បែរ​ផ្សារ​ដើមគ តាមដង​មហាវិថី​​ម៉ៅ​សេ​ទុង កែង​វិថី​ព្រះមុនីរ៉េត កាលពី​យប់ថ្ងៃទី​២៦ តុលា ២០១០ ពេល​នោះ​ជួប​ស្ត្រី​អ្នកសុំ​ទាន​ម្នាក់​ជាមួយ​កូន​ប្រុស​តូច​មួយអាយុ​ប្រមាណ​ជិត​មួយ​ខួប (១​ឆ្នាំ) ដេកស្តូក​ស្តឹង​លើ​ខឿន​ការ៉ូឡា​នា​ផ្លូវ​កែង​។

ស្ត្រី​ពីរនាក់ម្តាយ​និង​កូន​ដ៏​វេទនា​នោះ ខ្ញុំ​បាន​ប្រទះឃើញ​អង្គុយ​សុំ​ទាន​ ឬ​ដេក​សុំ​ទាន​នៅ​ត្រង់​ចំណុច​​ភ្លើង​ស្តុប​កែង​ផ្លូវ​នោះច្រើន​ថ្ងៃ​មក​ហើយ​… ជា​ពិសេស​កាល​ពី​ព្រលប់​ថ្ងៃ​​ទី​២៦ តុលា ២០១០ ថ្មី​ៗ​នេះ​ឯង ​គឺ​គាត់​ដេក​សុំ​ទាន​លើ​ខឿន​ការ៉ូឡា​ផ្លូវកែង​២នាក់​ម្តាយ​ និង​កូន​តូច​​ ក្រោម​សរសៃ​ភ្លៀង​រលឹម​​ផ្សែង​ក្រូច​ស្តូកស្តឹង មើល​ទៅ​​ដូចជា​ហេវ​ហត់…ឬ​សន្លប់​មិនដឹង​ខ្លួន ​គួរ​ឱ្យ​អាណោច​អាធ័ម​ពន់​ពេក​ណាស់។

ខ្ញុំ​បាន​ចុចកញ្ចក់​រថយន្ត​ចុះ​ ហើយ​ពឹង​ក្មេង​ជំទង់​ជិះ​ម៉ូតូ ឈប់​​ភ្លើង​ស្តុប​ម្នាក់​ ឱ្យ​ជួយយក​លុយ​​២.០០០​រៀល ទៅ​ឱ្យស្ត្រី​ និង​កូន​តូច​នោះ ដោយ​ក្តី​ក្តុក​​ក្តួល​ឈួល​ចុង​ច្រមុះ ខ្ញុំ​ស្ទើរ​តែ​​ហូរ​ទឹក​ភ្នែក ចំពោះ​ក្មេង​តូច​ដែល​ដេក​ស្តូក​…ប៉ុន្តែ​ខ្ញុំ​មិន​មែនជា​អ្នក​មាន​អ្វី​នោះទេ ខ្ញុំ​មិន​អាច​ជួយ​គាត់​បាន​​ឡើយ។

ខ្ញុំ​​មិន​ដឹង​ថា តើ​នេះ​ជា​ល្បិច​របស់អ្នក​សុំ​ទាន​ ឬការ​​រៀបចំ​​របស់​អ្នក​ណា​នោះទេ? ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ស្រងេះ​ស្រងោច​លន្លោច​ចិត្ត​នោះគឺក្មេង​តូច​អាយុ​មិនដល់​១​ឆ្នាំ​ផង តើ​គ្នា​មាន​​កំហុស​​អ្វី បាន​ជា​ត្រូវ​ម្តាយ​យក​ទៅ​ដេក​ហាល​វាល​ ហាល​សន្សើម​​​​ភ្លៀង (រលឹម​ផ្សែង​ក្រូច) ហាល​ខ្យល់​បែប​នេះ? បើ​នៅ​តែ​យ៉ាងនេះ ​ពួកគេ​​នឹង​មាន​ជំងឺ​ធ្ងន់​ធ្ងរ​​ជា​មិនខាន…​តើ​សមត្ថ​កិច្ច​ពាក់ព័ន្ធ​ដូចជា​ប៉ូលិស អាជ្ញាធរ មន្ត្រី​សង្គម​កិច្ច ទៅណា​បាត់​អស់​ហើយ​?

ក្នុង​​នាម​ជា​ពលរដ្ឋ​ម្នាក់ ខ្ញុំ​មានក្តី​រំភើប​ឥត​ឧបមា​ចំពោះ​ការខិតខំ​​ប្រឹង​ប្រែង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​របស់​ថ្នាក់ដឹកនាំ មន្ត្រី​ជាន់ខ្ពស់ អាជ្ញាធរ​​គ្រប់លំដាប់​ថ្នាក់​ សមត្ថ​កិច្ច​ប៉ូលិស ​ប៉េ​អឹម ស្ថាប័នពាក់ព័ន្ធ និងកាកបាទ​ក្រហម​ជា​ដើម ដែល​តែង​តែ​សណ្តោស​ប្រណី​ជួយសង្គ្រោះ​ប្រជា​ពលរដ្ឋ​​ងាយ​រង​គ្រោះ​ស្ទើរ​តែ​​គ្រប់​មូលដ្ឋាន…​ប៉ុន្តែ​ខ្ញុំ​​សោក​ស្តាយ​​ចំពោះការ​បន្សល់ទុក​មួយ​ជ្រុង​នេះ​របស់​ថ្នាក់​ក្រោម​ៗ​ពេក​ណាស់៕