ខេត្តកំពត ៖ អាជ្ញាធរខេត្តកំពត ក្នុងនោះមានកំលាំងកងរាជអាវុធហត្ថ រួមទាំងកងនគរបាលខេត្តជាច្រើននាក់ មានលោកស្រីងឹន ផលរត្ន័ អភិបាលក្រុងបូកគោ, លោកដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីរូបនីយកម្ម និងសំណង់ខេត្ត, លោកចាន់ រឹទ្ធិ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទដឹកនាំដោយលោកសេង សិរីបុត្រ អភិបាលរងខេត្តកំពត កាលពីព្រឹកថ្ងៃទី១៦ សីហា បន្ទាប់ពីបានពិភាក្សាការងារនៅសាលាសង្កាត់បូកគោរួចក៏ចុះទៅដល់ដីក្រុមហ៊ុនមួយឈ្មោះវង្ស យិនអុី ដែលមានផ្ទៃដីជិត៤០០ហិកតាជាប់និងជួរភ្នំមួយ ស្ថិតក្នុងភូមិព្រែកអំពិលសង្កាត់កោះតូច ក្រុងបូកគោខេត្តកំពត ។
ការចុះទៅពិនិត្យព្រំដីរបស់ក្រុមហ៊ុនឯកជនមួយ ឈ្មោះវង្ស យិនអុី នោះ ក៏មានអេស្កាវ៉ាទ័រចំនួន5គ្រឿង ដែលអមដោយកងកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត និងកងនគរបាលខេត្តដែលមានលោកឧត្តមសេនីយ៍ត្រី ជៀវ សាមិត្ត ស្នងការរងទទួលផ្នែកសន្តិសុខផង។
ការចុះទៅពិនិត្យព្រំដីដែលមានជម្លោះជាមួយភាគីម្ខាងទៀតនោះ ដោយមានគ្រឿងចក្រចំនួន5គ្រឿងយកទៅកាយដីព្រំនោះ មិនត្រូវបានគេទំលាយអោយដឹងថា ឈ្មោះអ្វីទេ ប៉ុន្តែបើក្រឡេកមើលទៅកងកំលាំងហាក់ដូចជាមានការប្រុងប្រយ័ត្នបំផុត ។
ទាក់ទងយកគ្រឿងចក្រចុះទៅកាយកំណត់ព្រំដីនៅភូមិព្រែកអំពិលនេះអ្នកយកពត៏មានបានព្យាយាមសួរលោកសេង សិរីបុត្រ អភិបាលរងខេត្តដែលចុះអនុវត្តផ្ទាល់នៅទីនោះ តែលោកសេងសិរីបុត្រ មិនបានឆ្លើយទេ បង្វែរអោយអ្នកយកព័ត៌មានសួរទៅលោកដាញ់ សារី ប្រធានមន្ទីររៀបចំដែនដីវិញ។
លោកដាញ់ សារី បាននិយាយប្រាប់អោយដឹង កាលពីព្រឹកមិញថាការយកគ្រឿងចក្រមកនេះគឺកាយកំណត់ព្រំដីតែប៉ុណ្ណោះ-ព្រោះដីនេះគេមានប្លង់កម្មសិទ្ធរួចទៅហើយ។ លោកដាញ់ សារី បាននិយាយប្រាប់អោយដឹងថា ការយកគ្រឿងចក្រចុះមកកាយកំណត់ព្រំដីនេះ មិនមានបុគ្គលណាមករារាំងឡើយ។
បើយោងតាមការអោយដឹងពីមន្ត្រីនគរបាលឈុតខ្មៅបាននិយាយថា ដីកំពង់គ្រឿងចក្រកាយកំណត់ព្រំនោះ ពិតជាដីមានជម្លោះជាមួយអ្នកផ្សេង ប៉ុន្តែការនាំកំលាំងមកនេះក្រាន់តែការពារគ្រឿងចក្រ ខ្លាចផ្ទុះអំពើហិង្សាតែប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ