ខេត្តសៀមរាប ៖ លោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្ត បានប្រាប់កោះសន្តិភាពតាមតេឡេក្រាម កាលពីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ថា ករណីស្ត្រីម្នាក់ជាពេទ្យគ្មានសញ្ញាបត្រហើយ ចាក់ថ្នាំអ្នកជំងឺម្នាក់ស្លា.ប់ដែលសមត្ថកិច្ចចាប់ខ្លួនបញ្ជូនមកសាលាដំបូងនោះ ត្រូវបានលោកតុប ផាន់ណារិទ្ធិ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ដោយចោទពីបទអំពើមនុស្សឃាតដោយអចេតនា ។

នគរបាលបានឱ្យដឹងថា សមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីឈ្មោះ វ៉ន ស្រី អាយុ៥២ឆ្នាំ ជាពេទ្យបុរាណ មានទីលំនៅភូមិទឹកលិច ឃុំបឹងមាលា ស្រុកស្វាយលើ ដែលបានព្យាបាលអ្នកជំងឺដោយគ្មានវិជ្ជាជីវៈផ្នែកវេជ្ជសាស្ត្របណ្តាលឲ្យអ្នកជំងឺស្លា.ប់ និងបើកទីតាំងព្យាបាលគ្មានអាជ្ញាប័ណ្ណ ។ ចំណែកជនរងគ្រោះដែលស្លា.ប់ឈ្មោះសេង ត្រេត ភេទស្រី អាយុ៣១ឆ្នាំ មានជំងឺលើសឈាម និងមានទីលំនៅក្នុងឃុំដូនពេង ស្រុកអង្គរជុំ ។
តាមផេកហ្វេសប៊ុក AngKor Chom OD ការិយាល័យស្រុកអង្គរជុំ បានបង្ហោះសារមួយថា អ្នកជំងឺម្នាក់រស់នៅភូមិមួយ ក្នុងឃុំដូនពេង ស្រុកអង្គរជុំ បានស្លាប់ដោយសារពេទ្យគ្មានអាជ្ញាប័ណ្ណ ។ អ្នកជំងឺមានអាការៈស្លា.ប់១ចំហៀងខ្លួន ដោយសារជំងឺលើសឈា.ម និងបានចេញពីមន្ទីរពេទ្យបង្អែកខេត្ត ។ ទោះបីជាគ្រូពេទ្យប្រាប់ថា អ្នកជំងឺមិនអាចធូរស្រាលបានទេ និងត្រូវត្រឡប់មកថែទាំនៅផ្ទះវិញ ប៉ុន្តែបងប្អូនសម្រេចស្វែងរកការព្យាបាលតាមមធ្យោបាយផ្សេងវិញ ។ បងប្អូនអ្នកជំងឺបានសម្រេចចិត្តឱ្យអ្នកគ្រូពេទ្យម្នាក់រស់នៅឃុំបឹងមាលា ស្រុកស្វាយលើ ស្ថិតក្នុងតំបន់គ្របដណ្ដប់របស់ស្រុកប្រតិបត្តិសូទ្រនិគមព្យាបាលដោយធានាថា មើលជាយក៣លានរៀល។

ប៉ុន្តែក្រោយពីព្យាបាលមិនបានមួយថ្ងៃផង អ្នកជំងឺក៏ទទួលមរណភាព ។ អ្វីដែលយើងហួសចិត្តនោះ គឺពេទ្យប្រើថ្នាំប្រហែល១០មុខ ចាក់លើអ្នកជំងឺក្នុងពេល១ថ្ងៃ ។ នេះជាការលំបាកមួយក្នុងការគ្រប់គ្រងសេវាសុខាភិបាលខុសច្បាប់ ។ ពិតហើយថា អ្នកជំងឺរស់នៅក្នុងតំបន់គ្របដណ្តប់របស់ស្រុកប្រតិបត្តិអង្គរជុំ តែបងប្អូនអ្នកជំងឺបានដឹកទៅព្យាបាលនៅឃុំបឹងមាលា ស្រុកស្វាយលើ ។
ស្ត្រីជាប់ចោទ កន្លងមកខ្លួនធ្លាប់ត្រូវបានប្រធានមណ្ឌលសុខភាពស្រុកស្វាយលើប្រាប់ឱ្យបញ្ឈប់សកម្មភាពព្យាបាលអ្នកជំងឺគ្រប់រូបភាពប្រហែល៤លើក ប៉ុន្តែមិនបានឈប់ទេ ហើយជនសង្ស័យទទួលស្គាល់ថា សកម្មភាពរបស់ខ្លួនជាអំពើខុសច្បាប់មែន ។

ជុំវិញករណីខាងលើនេះ មហាជនស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធមេត្តាបង្កើនការចុះពិនិត្យកន្លែងលក់ថ្នាំពេទ្យ និងគ្រូពេទ្យតាមភូមិមួយចំនួនដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ ហើយបាននិងកំពុងលក់ថ្នាំពេទ្យ និងព្យាបាលអ្នកភូមិយកលុយដោយគ្មានខ្លាចញញើតផ្លូវច្បាប់សោះឡើយ ៕
ចែករំលែកព័តមាននេះ