ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសហេតុ ! អូស​បែក​ផ្កាភ្លើង​តាំងពី​ទួល​ស្វាយព្រៃ​២​ដល់​អូ​ឡាំ​ពិ​ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​យ៉ាង​លឿន​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទាំង​កម្រោល ហើយ​ព្យាយាម​បើក​រត់​ទាំង​អូស​ម៉ូតូ​ក្រោម​រថយន្ត​បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​ពី​ស្តុ​ប​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ស៊េរី​ទំនើប​យ៉ាង​លឿន​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ទាំង​កម្រោល ហើយ​ព្យាយាម​បើក​រត់​ទាំង​អូស​ម៉ូតូ​ក្រោម​រថយន្ត​បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​ពី​ស្តុ​ប​អាង​ទឹកអូ​ឡាំ​ពិ​ក ផ្លូវ​ព្រះ​មុនី​រ៉េ​ត​កែង​ផ្លូវ​ព្រះ​សីហ​នុ សង្កាត់​ទួល​ស្វាយព្រៃ​២ ខណ្ឌចំការមន រហូត​ដល់​ក្រោយ​វត្ត​មហាមន្ត្រី ផ្លូវ​លេខ​៤៨៤​កែង​ផ្លូវ​លេខ​១៦៣ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ទម្រាំ​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ដេញចាប់​បាន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៧ ។

តាម​សម្ដី​អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​៣​នាក់ អាយុ​ប្រហែល​២០​ឆ្នាំ ជិះ​ម៉ូតូ​ម៉ាក ZOOMER-X ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CN-5305 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​បាន​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​ព្រះ​សីហ​នុ ស្រប​ពេល​នោះ​ស្រាប់តែ​បុរស​ម្នាក់​អាយុ​ប្រហែល​៤០​ឆ្នាំ មិនដឹង​ថា​ចេញពី​ផឹកស៊ី​នៅ​កន្លែង​ណា​នោះ​ទេ បាន​បើករថយន្ត ស៊េរី​ទំនើប ម៉ាក​ឡង់​គ្រី​ស័​រ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រដ្ឋ​២០ ២.៣៣៣៣ ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​សីហ​នុ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​នោះ​ពីក្រោយ​ពេញទំហឹង​ទាំង​កំរោល​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​ខ្ទាត​ចេញ​រង​របួស​រលាត់​ដៃជើង​ស្រាល ភ្លាម​ៗ​នោះ​អ្នកបើកបរ​រថយន្ត​មិន​បាន​ឈប់​ដោះស្រាយ​នៅ​កន្លែង​កើតហេតុ​នោះ​ទេ គឺ​បាន​ព្យាយាម​បើក​រត់​អូស​ទាំង​ម៉ូតូ​ជាប់​ក្រោម​រថយន្ត បែក​ផ្កាភ្លើង​ពេញ​ផ្លូវ​រហូត​ដល់​ក្រោយ​វត្ត​មហាមន្ត្រី ផ្លូវ​លេខ​២៨៤​កែង​ផ្លូវ​លេខ​១៦៣ សង្កាត់​អូ​ឡាំ​ពិ​ក ខណ្ឌចំការមន ទើប​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​ដេញ​ឃាត់​បាន​ទាំង​អ្នកបើកបរ និង​រថយន្ត រួច​នាំ​ខ្លួន​ទៅ​សាកសួរ​ទៅ​ប៉ុស្តិ៍​នគរបាល​អូ​ឡាំ​ពិ​ក ។

ប្រភព​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​អូ​ឡាំ​ពិ​កបាន​ឲ្យ​ដឹង​ថា ពេល​វាស់​ជាតិ​អាល់កុល​ទៅ​ឃើញ​ថា អ្នកបើកបរ​រថយន្ត​មាន​ជាតិ​អាកុល​០.៩២​មី​ល្លី​ក្រាម​ក្នុង​១​លី​ត្រ​ខ្យល់ ។ ចំណែក​ម៉ូតូ​រង​គ្រោះ​ត្រូវ​រថយន្ត​កិន​ខ្ទេច​ទាំងស្រុង ។

ក្រោយ​ពេល​កើតហេតុ ទាំង​រថយន្ត ទាំង​ម៉ូតូ និង​អ្នកបើកបរ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​វាស់វែង រួច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕