រាជធានីភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ បានប្រាប់ដល់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឲ្យពង្រឹង និងចាត់វិធានការ ចំពោះការប្រើប្រាស់រថយន្តគិលានសង្គ្រោះ ខុសពីការណែនាំរបស់ក្រសួងសុខាភិបាល របស់ម្ចាស់គ្លីនិកឯកជន ដែលតែងតែយករថយន្តគិលានសង្គ្រោះរបស់ខ្លួនទៅដឹកអ្នករងរបួស ដោយគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវ មកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួន និងបុគ្គលដែលយកឡានពេទ្យមិនមានសញ្ញាសម្គាល់ និងមិនមានឈ្មោះគ្លីនិកត្រឹមត្រូវច្បាស់លាស់ ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរ ឬសាកសពនៅតាមដងផ្លូវ ។
ក្រសួងសុខាភិបាល បានជម្រាបជូនលោកអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឲ្យបានជ្រាបថា រយៈកាលកន្លងមកក្រសួងសុខាភិបាល បានធ្វើសារាចរណែនាំជាច្រើនលើក ច្រើនសាររួចមកហើយ អំពីការហាមឃាត់មិនអនុញ្ញាត ឲ្យគ្លីនិកឯកជន យករថយន្តគិលានសង្គ្រោះរបស់ខ្លួន ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ មកព្យាបាលនៅក្នុងគ្លីនិករបស់ខ្លួនជាដាច់ខាត ។
ប៉ុន្តែបច្ចុប្បន្ននេះ សង្កេតឃើញមានគ្លីនិកឯកជនមួយចំនួន មិនបានអនុវត្តទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាលឡើយ ដោយនៅតែបន្តធ្វើសកម្មភាព យករថយន្តគិលានសង្គ្រោះគ្លីនិកឯកជនរបស់ខ្លួន ទៅដឹកអ្នករងរបួសដោយគ្រោះថ្នាក់ចរាចរតាមដងផ្លូវ យកមកព្យាបាលនៅក្នុងគ្លីនិកទៀត និងឃើញមានឡានពេទ្យឯកជនមួយចំនួនទៀត ដែលពុំមានឈ្មោះគ្លីនិក ទៅដឹកអ្នកគ្រោះថ្នាក់ចរាចរ និងសាកសពគ្រោះថ្នាក់ចរាចរនៅតាមដងផ្លូវ រហូតដល់មានការឈ្លោះប្រកែកដណ្ដើមគ្នា ដឹកយ៉ាងអនាធិបតេយ្យ ដែលជាកត្តាមួយជះឥទ្ធិពលមិនល្អ ដល់វិស័យសុខាភិបាលទាំងមូល និងសេចក្ដីថ្លៃថ្នូរបស់គ្រូពេទ្យ ដទៃទៀត ហើយក៏មានរថយន្តគិលានសង្គ្រោះមួយចំនួនទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល និងពុំមានឈ្មោះគ្លីនិកច្បាស់លាស់ ដែលកំពុងធ្វើចររាចរតាមដងផ្លូវ ។
អាស្រ័យហេតុដូចខាងលើនេះ សូមលោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជួយចាត់វិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត ចំពោះគ្រប់ម្ចាស់គ្លីនិកឯកជន ដែលបានយករថយន្តគិលានសង្គ្រោះ ឫឡានពេទ្យរបស់ខ្លួនទៅដឹងអ្នករងរបួសដោយគ្រោះថ្នាក់បរាចរ ឫសាកសពតាមដងផ្លូវខុសច្បាប់ ដែលក្រសួងបានហាមឃាត់ និងរថយន្តគិលានសង្គ្រោះដទៃទៀត ដែលពុំមានអាជ្ញាបណ្ណពីក្រសួងសុខាភិបាល តាមការគួរ ។
សូមបញ្ជាក់ថា ជម្លោះឈ្លោះដណ្តើមគ្នាដឹកអ្នករងរបួស ឫសាកស.ព កើតមានឡើងសឹងតែរាល់យប់ ជាក់ស្ដែងមានជនរងគ្រោះម្នាក់ បានស្លា.ប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង០៩និង៥០នាទីយប់ ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប៉ុន្តែអ្នកបើករថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជនផ្សេងគ្នា នៅតាមទៅទាមទារតថ្លៃដឹកស.ពទៀត រហូតឈ្លោះប្រកែកគ្នា ផ្អើលពេញដងផ្លូវ ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ