ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រព្យសម្បត្តិ​មហាសេដ្ឋី​8​រូប​សរុប​ចូល​គ្នា ស្មើ​ទ្រព្យសម្បត្តិ​មនុស្ស​ពាក់កណ្តាល​ផែនដី

7 ឆ្នាំ មុន

យោង​តាម​សេចក្តីរាយការណ៍​ថ្មី​មួយ​របស់​អង្គការ Oxfam International ឲ្យ​ដឹង​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ មហាសេដ្ឋី​ចំនួន​៨​នាក់​បាន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ប្រហាក់ប្រហែល​នឹង​ប្រជាជន​ក្រីក្រ​ប្រមាណ​៣,៦​ប៊ី​លាន​នាក់​នៅ​លើ​ពិភពលោក ។

យោង​តាម​សេចក្តីរាយការណ៍​ថ្មី​មួយ​របស់​អង្គការ Oxfam International ឲ្យ​ដឹង​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ មហាសេដ្ឋី​ចំនួន​៨​នាក់​បាន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ប្រហាក់ប្រហែល​នឹង​ប្រជាជន​ក្រីក្រ​ប្រមាណ​៣,៦​ប៊ី​លាន​នាក់​នៅ​លើ​ពិភពលោក ។

អង្គការ​ទប់ទល់​នឹង​ភាព​ក្រីក្រ​នេះ​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​កន្លង​មក​ថា មហាសេដ្ឋី​ទាំងនោះ មាន​ដូច​ជា លោក Bill Gates, លោក Warren Buffett,​លោក Carlos Slim, លោក Jeff Bezos,​លោក​Mark Zuckerberg, លោក Amancio Ortega, លោក Larry Ellison និង​លោក Michael Bloomberg ដែល​មានទ្រព្យ​សម្បត្តិ​រួម​សរុប​ស្មើ​៤២៦​ប៊ី​លាន​ដុល្លារ​ឯណោះ ។

លោក Paul O’Brien អនុប្រធាន​ផ្នែក​គោលនយោបាយ និង​យុទ្ធនាការ​របស់ Oxfam America ថ្លែង​ថា ៖ « ភាព​មិន​ស្មើគ្នា​យ៉ាងធ្ងន់ធ្ងរ​នេះ គឺ​កំពុង​តែ​ឃុំឃាំង​មនុស្ស​ជា​ច្រើន​លាន​នាក់​ឲ្យ​រស់នៅ​ជាមួយ​ភាព​ក្រីក្រ បំបែកបំបាក់​សង្គម និង​បំពុល​ដល់​នយោបាយ​របស់​ពួក​យើង » ។

សេចក្តីរាយការណ៍​ទាក់ទិន​នឹង​វិសមភាព​ប្រចាំឆ្នាំ​របស់​អង្គការ​ខាងលើ​នេះ បាន​ចេញ​ស្រប​នឹង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ក្នុង​ក្រុង Davos ប្រទេស​ស្វ៊ី​ស ។ កិច្ចប្រជុំ​ប្រចាំឆ្នាំ​ក្នុង​រមណីយដ្ឋាន​លើ​ភ្នំ​របស់​ប្រទេស​ស្វ៊ី​ស បាន​ប្រមូលផ្តុំ​អ្នកដឹកនាំ​នយោបាយ និង​ហិរញ្ញវត្ថុ រួម​ជាមួយ​មហាសេដ្ឋី​ដែល​មាន​ជាងគេ​របស់​ពិភពលោក​ផង​ដែរ ។

សេចក្តីរាយការណ៍​របស់ Oxfam និយាយ​ថា មហាសេដ្ឋី​ដែល​មាន​ជាងគេ​១%​នោះ មាន​ទ្រព្យសម្បតិ្ត​ច្រើន​ជាង​មនុស្ស​ឯទៀត​លើ​ពិភពលោក​តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ ។ ក្នុង​សហរដ្ឋអាមេរិក មហាសេដ្ឋី​ដែល​មាន​ជាងគេ​១% បាន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​៤២%​ទៅ​ហើយ ។

ការ​សិក្សា​នេះ​បាន​ទាញ​ចេញពី​បញ្ជី​ឈ្មោះ​មហាសេដ្ឋី​ប្រចាំឆ្នាំ​របស់ Forbes និង​សៀវភៅ​ទិន្នន័យ​ទ្រព្យសម្បត្តិ​ពិភពលោក​របស់ Credit Suisse ។

វា​បាន​កន្លង​ផុត​៤​ឆ្នាំ​មក​ហើយ​តាំងពី​វេទិកា​ខាងលើ​ទទួលស្គាល់​ថា ការ​កើនឡើង​នៃ​វិសមភាព​សេដ្ឋកិច្ច គឺជា​ការ​គំរាមកំហែង​មួយ​ដល់​ស្ថិរភាព​សង្គម ប៉ុន្តែ Oxfam និយាយ​ថា បញ្ហា​នេះ​កំពុង​តែ​អាក្រក់​ឡើង​ហើយ ។

អង្គការ​ខាងលើ​និយាយ​ថា បើ​ទោះជា​មាន​អ្នកដឹកនាំ​របស់​ពិភពលោក​ចុះ​ឈ្មោះ​ដើម្បី​កាត់​បន្ថយ​វិសមភាព​នេះ​ក្តី ក៏​ចន្លោះ​រវាង​អ្នកមាន និង​អ្នក​ដទៃ​នៅ​តែ​កើនឡើង ។

សេចក្តីរាយការណ៍​ខាងលើ​ឲ្យ​ដឹង​ទៀត​ថា​មាន​មនុស្ស​៧​នាក់ ក្នុង​ចំណោម​១០​នាក់​រស់នៅ​ប្រទេស​ដែល​មាន​វិសមភាព​ធំ​ជាង​មុន​ក្នុង​រយៈពេល​៣​ទសវត្សរ៍​មកនេះ ។ ក្នុង​រយៈពេល​២៥​ឆ្នាំ​កន្លង​មក មនុស្ស​១%​ជា​អ្នកមាន​ទ្រព្យសម្បត្តិ​ជាងគេ គឺ​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​៥០%​នៃ​អ្នក​ក្រីក្រ​សរុប​ទៅ​ទៀត ។

សេចក្តីរាយការណ៍​បន្ត​ថា ៖ « ប្រាក់​ចំណូល​និង​ទ្រព្យសម្បត្តិ គឺ​កំពុង​ត្រូវ​បាន​ស្រូប​ឡើង​ទៅ​ឲ្យ​អ្នក​នៅ​ខាងលើ​ក្នុង​ល្បឿន​ដ៏​លឿន និង​ចាក​ឆ្ងាយ​ពី​ការ​ធ្លាក់​ចុះ​មក​ឲ្យ​អ្នក​នៅ​ខាងក្រោម » ។

វា​ក៏​មាន​ភាព​មិន​ស្មើគ្នា​នៃ​ភេទ​ផង​ដែរ ក្នុង​ចំណោម​មហាសេដ្ឋី​ចំនួន​១.៨១០​នាក់​នៅ​ទូ​ទាំង​ពិភពលោក គឺ​៨៩%​សុទ្ធតែ​ជា​បុរស ៕