ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​វង់​តន្ត្រី​សំណូមពរ​ដល់​សមត្ថកិច្ច​ជួយ​ព​ន្លឿ​ន​ក្នុង​ការ​ចាប់ខ្លួន​បងធំ​ដែល​បំផ្លាញ​ឧបករណ៍​ភ្លេង

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ម្ចាស់​ឧបករណ៍​ភ្លេង​ដែល​រង​នូវ​ការ​គប់​បំផ្លាញ​ពី​សំណាក់​ក្រុមបងធំ​ជនបទ​២​នាក់​បងប្អូន បាន​សំណូមពរ​ដល់​សមត្ថកិច្ច​សូម​ជួយ​ព​ន្លឿ​ន​នីតិវិធី

ខេត្តកំពង់ស្ពឺ ៖ ម្ចាស់​ឧបករណ៍​ភ្លេង​ដែល​រង​នូវ​ការ​គប់​បំផ្លាញ​ពី​សំណាក់​ក្រុមបងធំ​ជនបទ​២​នាក់​បងប្អូន បាន​សំណូមពរ​ដល់​សមត្ថកិច្ច​សូម​ជួយ​ព​ន្លឿ​ន​នីតិវិធី​ក្នុង​ការ​តាម​ចាប់ខ្លួន​ជន​ទាំង​២​យក​មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ឲ្យ​បាន​ឆាប់​ផង​ព្រោះថា ពេល​នេះ​គាត់​រំពឹង​លើ​សមត្ថកិច្ច​ហើយ​។ លោក សុវណ្ណ ថេ​ត ម្ចាស់​វង់​តន្ត្រី​ដែល​រង​នូវ​ការ​គប់​បំផ្លាញ​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃ​ទី​១៣ មក​រា ២០១៧​ថា មក​ដល់​ពេល​នេះ​លោក​ហាក់បីដូចជា​មិន​ទាន់​អស់ចិត្ត​នៅឡើយ ខណៈ​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់ខ្លួន​បងធំ​២​នាក់​បងប្អូន​ដែល​បាន​រួម​គ្នា​មក​គប់​បំផ្លាញ​ឧបករណ៍​ភ្លេង​របស់​លោក​បាន​នៅឡើយ​។

លោក​បន្ត​ថា លោក​មិន​ចង់បាន​អ្វី​នោះ​ទេ គឺ​គ្រាន់តែ​ចង់​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ហើយនឹង​សង​សំណង​មក​លោក​ដើម្បី​យក​មក​ទិញ​ឧបករណ៍​ភ្លេង​ដើម្បី​លេង​យក​ប្រាក់​កម្រៃ​មក​សង​រដ្ឋ​វិញ​ព្រោះ ថា​ឧបករណ៍​ទាំងនេះ​គឺ​សុទ្ធ​សឹង​ជា​លុយ​ដែល​លោក​ខ្ចី​រដ្ឋ​យក​មក​ទិញ​ទេ​។ ទោះ​យ៉ាងណា​លោក​ក៏​បាន​ស្នើ​សុំ​ឲ្យ​ជន​បង្ក​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី​មុន​រឿង​ឈាន​ដល់​ដំណាក់កាល​តុលាការ វា​ប្រសើរ​ជាង តែបើ​ភាគី​បង្ក​មិន​ចូលខ្លួន​មក​ដោះស្រាយ​ទេ​លោក​មាន​តែ​សុំ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ចាត់ការ​តាម​នីតិវិធី​ប៉ុណ្ណោះ​។ លោក​វរសេនីយ៍ត្រី ទុ​យ ថេ​ន អធិការរង​នគរបាល​ស្រុក​គងពិសី​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី​សម សា​មួន ស្នងការ​នគរបាល​ខេត្ត រូប​លោក​បាន​ដឹកនាំ​កម្លាំង​ឃ្លាំមើល​ជា​ប្រចាំ​ដើម្បី​ឃាត់ខ្លួន​យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​។

លោក​អធិការរង​បន្ត​ថា ទោះជា​ជន​នេះរ​ត់ទៅ​ដល់​ណា​ក៏​មិន​អាច​គេចខ្លួន​បាន​មួយ​ជីវិត​ដែរ ច្បាប់​គឺ​ច្បាប់​ម្យ៉ាង​លោកស្នងការ​បាន​បញ្ជា​ដាច់​ណាត់​ថា ត្រូវ​តែ​ចាប់​ឲ្យ​បាន​ដើម្បី​លុប​បំបាត់​ក្មេង​ទំនើង​ឲ្យ​អស់​ស្រប​តាម​គោលការណ៍​រាជរដ្ឋាភិបាល​ស្តី​ពី​ភូមិ​ឃុំ​សុវត្ថិភាព​។ ប្រជាពលរដ្ឋ​ដែល​ដឹង​រឿង​បាន​ស្នើ​សុំ​ឲ្យ​លោកស្នងការ​ធ្វើការ​ផ្លាស់​ប្តូរ​មេ​ប៉ុស្តិ៍​ជង្រុក​ចេញ​ផង ព្រោះ​រយៈកាល​កន្លង​មក​លោក​មេ​ប៉ុស្តិ៍​រូប​នេះ​មិន​ដែល​បង្ក្រាប​ករណី​ក្មេង​ទំនើង​បាន​ម្តងណា​ឡើយ​ព្រោះ តែ​ហេតុ​ដូច្នេះ​ហើយ​បានជា​ក្មេង​ទំនើង​កើត​មាន​ពេញ​ស្រុកភូមិ​បែប​នេះ​។

ដោយឡែក​បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល បង្ហើប​ប្រាប់​គឺថា​លោក ខេ​ង ចាន់​ថុ​ល ដែល​ជា​នាយ​ប៉ុស្តិ៍​ហាក់បីដូចជា​មិន​សប្បាយចិត្ត​ទាល់តែ​សោះ ខណៈ​ដែល​រឿង​នេះ​លោក​ខំ​បិទ​បាំង​តែ​បែរជា​ដឹង​ដល់​លោកស្នងការ​ទៅ​វិញ​។ ប្រភព​បន្ត​ថា រឿង​នេះ​បើ​មិនដឹង​ដល់​លោកស្នងការ​ទេ ម្លេះ​សម​មិន​មាន​វត្តមាន​មន្ត្រី​នគរ​របាល​ណាមួយ​ចុះ​ធ្វើ​កំណត់ហេតុ​ឡើយ​។ ក្នុង​នោះ​ផង​ដែរ​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​ម្ចាស់​វង់​តន្ត្រី​ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក សម សា​មួន ស្នងការ​នគរបាល​ខេត្ត​ដែល​បាន​យកចិត្តទុកដាក់​ចាត់តាំង​កម្លាំង​បញ្ជា​ឲ្យ​តាម​ចាប់​ក្រុមបងធំ​ទាំងនេះ​យក​មក​ផ្តន្ទាទោស​ដូច​អ្វី​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​។ បើ​តាម​ប្រភព​ក្រៅផ្លូវការ​មួយ​បង្ហើប​ថា បងធំ​ពីរ​នាក់​បងប្អូន​ដែល​បាន​គប់​បំផ្លាញ​ឧបករណ៍​ភ្លេង​នេះ កំពុង​តែរ​ត់រក​សាច់ញាតិ​បង​បងប្អូន​ដែល​ជា​អ្នកធ្វើការ​ដោះស្រាយ​ជួយ​សម្រួល​កុំ​ឲ្យ​មានការ​ចាប់ខ្លួន​ពួក​គេ​ទៀត​ផង ជាមួយ​ខាង​ប៉ុស្តិ៍​រដ្ឋបាល​ជង្រុក​ដោយ​ប្រើ​វិធី​រាយការណ៍​ទៅ​ថ្នាក់លើ​ថា​រក​មិនឃើញ​។

សូម​រំលឹក​ថា​ក្នុង​កម្មវិធី​ឡើង​គេហដ្ឋាន​អ្នក​ភូមិ​មួយ​កន្លែង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៨ មក​រា នៅ​ភូមិ​អង្គ​រមាស ឃុំ​ជង្រុក ស្រុក​គងពិសី​។ វង់​តន្ត្រី​ដែល​រង​គ្រោះ​ដោយសារ​បងធំ​នេះ ជា​វង់​តន្ត្រី​របស់​លោក សុវណ្ណ ថេ​ត ផ្សារ​ដើម​រកា​។ តាម​ក្រុម​តន្ត្រី​បានឱ្យ​ដឹង​ថា វង់​តន្ត្រី​របស់​ខ្លួន​ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ឱ្យមក​ប្រគំ​ក្នុង​កម្មវិធី ឡើង​គេហដ្ឋាន​នៅ​ភូមិ​ឃុំ​ខាងលើ​។ ភ្លេង​បាន​ប្រគំ​កំដរ​ភ្ញៀវ​តាំងពី​ហូប​អាហារ​រហូត​ដល់​រាំ​លេង​កម្សាន្ត​មិន​មាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ ។

ស្រាប់តែ​ក្រោយមក​ក៏​លេចមុខ​ក្មេង​ស្ទាវ​មួយ​ក្រុម​បាន​យក​ដុំ​ថ្ម ដុំ​ដី និង​ដំបង​គប់​មក​លើ​ក្រុម​តន្ត្រី ដែល​កំពុង​តែ​ច្រៀង​កំដរ​កម្មវិធី​បណ្តាល​ឱ្យ​អ្នកចម្រៀង​ភ័យ​លែង​ហ៊ាន​ច្រៀង​ហើយ​ភ្លេង​ក៏​ឈប់​ប្រគំ​ដែរ​។ ប្រភព​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​គប់​មក​លើ​អ្នកចម្រៀង​ហើយ ក្រុម​ក្មេង​ស្ទាវ​ទាំងនោះ​បាន​គប់​បំផ្លាញ​ឧបករណ៍​ភ្លេង និង​វាយ​បំផ្លាញ​រថយន្ត ព្រមទាំង​សម្ភារ​ផ្សេង​ៗ​ទៀត ។ ក្រោយ​កើត​មាន​អំពើ​ហិង្សា​ពី​សំណាក់​ក្រុមបងធំ​ជនបទ​រួច​មក ក្រុម​តន្ត្រី​បាន​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ជង្រុក ដែល​នៅ​ជិត​នោះ​ដែរ តែ​ពេល​ទៅ​ដល់​មិនឃើញ​មាន​មន្ត្រី​នគរបាល​ណា​ម្នាក់​នៅ​ប្រចាំការ​ឡើយ​។

រហូត​ទាល់តែ​ទូរស័ព្ទ​រក​លោក​អធិការរង​នគរបាល​ស្រុក​គងពិសី យ៉ាង​យូរ​ទើប​ឃើញ​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ប៉ុស្តិ៍​មួយ​រូប​ទៅ​ដល់​កន្លែង​កើតហេតុ​ទាំង​អាការ​ស្រវឹង​ជោគ​។ វត្តមាន​របស់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រូប​នោះ​មិន​ត្រូវ​បាន​ក្រុម​បង​ប​ធំ​ទាំងនោះ​ខ្លាចញញើត​ឡើយ ពួក​គេ​ថែម​ទាំង​បាន​សើចចំអក​ដល់​មន្ត្រី​នគរបាល​នោះ​ទៀត​ផង​។ លុះ​មួយសន្ទុះ​ធំ ទើប​ពួក​បងធំ​ជនបទ​ទាំងនោះ​បាន​គេចខ្លួន​បាត់​អស់​ខណៈ​មន្ត្រី​នគរបាល​ស្នើ​សុំ​កម្លាំង​បន្ថែម​ដើម្បី​ឃាត់ខ្លួន​ពួក​គេ​។

មន្ត្រី​នគរបាល​មួយ​រូប​ដែល​អះអាង​ថា ខ្លួន​នៅ​ប្រចាំការ​ប៉ុស្តិ៍​រដ្ឋបាល​ជង្រុក​បាន​និយាយ​ថា ពួក​មុខសញ្ញា ដែល​បាន​ប្រព្រឹត្ត​អំពើ​ហិង្សា​ទាំង​អស់នោះ គឺ​គាត់​ស្គាល់​អត្តសញ្ញាណ​ខ្លះ​ហើយ ដូច្នេះ​សូម​ឱ្យ​ខាង​ក្រុម​ភ្លេង​រៀបចំ​ទុកដាក់​អីវ៉ាន់​ដឹក​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន រង់ចាំ​ព្រឹក​ទើប​មក​ធ្វើ​កំណត់ហេតុ​។ មុខសញ្ញា​បងធំ​២​នាក់​បងប្អូន​ត្រូវ​បាន​អ្នក​ភូមិ​ស្គាល់​ច្បាស់​ជាងគេ​គឺ​ឈ្មោះ ឌឿ​ន និង​ឈ្មោះ ដា មាន​ទីលំនៅ​ភូមិ​ឃុំ​កើត​ហេតុតែ​ម្តង​។ មុខសញ្ញា​បងធំ​ទាំង​២​នាក់​នេះ​គឺ​តែងតែ​បង្ក​ការ​អុកឡុក​នៅ​តាម​កម្មវិធី​បុណ្យ​ទាន ឬ​នៅ​ពេល​ណា​ដែល​មានការ​ប្រគំ​តន្ត្រី ឬ​ក៏​ចាក់​ធុងបាស់​មិន​ដែល​ខាន​នោះ​ទេ​។ ជន​ទាំង​២​នាក់​នេះ​តែងតែ​រត់គេច​ខ្លួន​ក្រោយ​បង្កហេតុ​ម្តង​ៗ តែ​ជន​នេះ​ក៏​ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ក្នុង​បទ​ប្រព្រឹត្ត​អំពើ​ហិង្សា​យក​ទៅ​ដាក់គុក​ដែរ​នា​ពេល​កន្លង​មក តែ​មិន​ដែល​ជាប់​បាន​យូរ​នោះ​ទេ ក៏​ឃើញ​វិល​មក​វិញ ហើយ​ប្រព្រឹត្ត​លើស​ដើម​។

ភ្ញៀវ និង​សាច់ញាតិ​ម្ចាស់​កម្មវិធី​បាន​រិះគន់​ថា នគរបាល​ប៉ុស្តិ៍​ជង្រុក​ហាក់ដូចជា​ខ្លាចញញើត​នឹង​អំណាច​ក្មេង​ពាល​ទាំងនោះ មិន​ហ៊ាន​ហៅ​សួរនាំ ឬ​ធ្វើ​កំណត់ហេតុ​ឡើយ ទុក​ឱកាស​ឱ្យ​ក្រុម​ក្មេង​ពាល​ដើរ​ចេញពី​កន្លែង​បង្កហេតុ​យ៉ាង​រំភើយ​។ នៅ​ក្នុងភូមិ​កើតហេតុ​ឱ្យ​តែ​មានបុណ្យ ទាន ឬ​ពិធី​មង្គលការ គឺ​ក្រុម​ក្មេង​ពាល​ទាំងនេះ​តែងតែ​បង្ក​ការ​អុកឡុក​មិន​ដែល​ខាន​ឡើយ ហើយ​ក៏​មានការ​រិះគន់​ទៅ​ដល់​លោកនាយ​ប៉ុស្តិ៍​ផង​ដែរ ពាក់ព័ន្ធ​នឹង​ក្រុម​ក្មេង​ពាល​ទាំងនេះ ដោយ​អ្នកខ្លះ​លើក​ឡើង​ថា លោកនាយ​ប៉ុស្តិ៍​ហាក់​មិន​មាន​សមត្ថភាព​ក្នុង​ការ​បង្ក្រាប​ក្រុមបងធំ​ជនបទ​ទាំងនេះ​ឡើយ មិនដឹង​ថា​តើ​មាន​មូលហេតុ​អ្វី​នោះ​ទេ បានជា​មិន​ដែល​សូវ​ឃើញ​ចាប់ខ្លួន​ជនល្មើស​។ ម្ចាស់​វង់ភ្លេង​រង់ចាំ​មើល​ថា តើ​សមត្ថកិច្ច​នគរបាល​ជង្រុក និង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​គង​ពីសី អាច​ចាប់ខ្លួន​ក្រុមបងធំ​ទាំងនេះ យក​មក​ចាត់ការ​តាម​ផ្លូវច្បាប់​បាន​ដែរ​ឬ​យ៉ាងណា​ដើម្បី​ឱ្យ​គាត់​ទទួល​បាន​សំណង​ការ​ខូចខាត​មក​វិញ​៕