ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយបង្កាត់​ពូជ​ត្រី និង​ផលិត​ពូជ​វា​រី​សត្វ​មេគង្គ​​​​​​លើ​នៅ​ខេត្តស្ទឹងត្រែង សម្ភោ​ធជា​ផ្លូវការ​

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ផលិត​ពូជ​វា​រី​សត្វ​មេគង្គ​លើ​នៅ​ខេត្តស្ទឹងត្រែង ត្រូវ​បាន​

ខេត្តស្ទឹងត្រែង​ ៖ ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ និង​ផលិត​ពូជ​វា​រី​សត្វ​មេគង្គ​លើ​នៅ​ខេត្តស្ទឹងត្រែង ត្រូវ​បាន​សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​២០២២ ក្រោម​អធិបតី​លោក
វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ព្រមទាំង​លោកស្រី Maryam Salim នាយិកា​ធនាគារពិភពលោក ប្រចាំ​នៅ​កម្ពុជា ។

ក្នុង​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ ក៏​មាន​វត្តមាន​ឯកឧត្តម លោក​ជំទាវ​តំណា​ង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម លោក​ជំទាវ លោក លោកស្រី អ្នក​នាង​កញ្ញា ភ្ញៀវ​កិត្តិយស​ជាតិ​-​អន្តរជាតិ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ​ផង​ដែរ ។

លោក វេ​ង សា​ខុន រដ្ឋមន្ដ្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋបាល​ខេត្តស្ទឹងត្រែង ដែល​បាន​ចូលរួម និង​ផ្តល់​កិច្ចសហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ដោយ​ទទួល​បាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នៈ ។ គ្រានោះ លោក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង អំណរ​គុណ​ចំពោះ​លោកស្រី Maryam Salim ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​នៅ​កម្ពុជា ដែល​ធនាគារពិភពលោក​បាន​គាំទ្រ​ដល់​ការ​អនុវត្ត​គម្រោង​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ដំណាក់កាល​ទី​៣ សមាស​ភាគ​ទី​១ នៅ​ក្នុង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង​នេះ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថាៈ​ការ​កសាង​មជ្ឈមណ្ឌល​នេះ ស្រប​ពេល​ដែល​រដ្ឋបាល​ជលផល​ត្រូវការ​ជា​ចាំបាច់​ក្នុង​ការ​អភិវឌ្ឍន៍​វិស័យ​វារីវប្បកម្ម​នៅ​ភូមិភាគ​ឦសាន ក្នុង​នោះ​រួម​​មាន ​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី និង​ខេត្តព្រះវិហារ ដោយ​ឆ្លើយ​តប​ទៅ​នឹង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​វារីវប្បកម្ម​ឆ្នាំ​២០១៦-២០៣០ និង​ផែនការអភិវឌ្ឍន៍​វិស័យ​កសិកម្ម​ឆ្នាំ​២០២២-២០៣០​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​បញ្ជា​ក់ថាៈ​មជ្ឈមណ្ឌល នឹង​ដើរតួ​នាទី​ផលិត និង​ផ្សព្វផ្សាយ​ពូជ​វា​រី​សត្វ ជាក​ន្លែ​បណ្តុះបណ្តាល​បច្ចេកទេស​ចិញ្ចឹម កន្លែង​បង្កាត់ និង​អភិរក្ស​ពូជ​វា​រី​សត្វ ឆ្លើយ​តប​ឲ្យ
បាន​ទាន់​ពេលវេលា និង​តម្រូវការ​ជា​ចាំបាច់​ក្នុង​ការ​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការ​គ្រប់គ្រង​ធន​ធាន​ជលផល​នៅ​តំបន់​ទន្លេមេគង្គ​លើ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ។​

លោក​រដ្ឋមន្ដ្រី​សង្ឃឹម និង​ជឿជាក់​យ៉ាង​មុតមាំ​ថា មជ្ឈមណ្ឌល​នេះ​នឹង​បំពេញ​តួនាទី​ជា​សេនាធិការ​ផ្សព្វផ្សាយ​បច្ចេកទេស និង​ពូជ​វា​រី​សត្វ​របស់​រដ្ឋបាល​ជលផល​ថ្នាក់​តំបន់​ក្នុង​ភូមិភាគ​ឦសាន ហើយ​រំពឹង​ថា​នា​ពេល​អនាគត​ដ៏​ខ្លី​អនុ​វិស័យ​វារីវប្បកម្ម​នៅ​តំបន់​នេះ​នឹង​មានការ​អភិវឌ្ឍន៍​បាន​ដល់​គ្រប់​មូលដ្ឋាន និង​ធ្វើ​ឲ្យ​ជីវភាព​របស់​បងប្អូន​ប្រជាពលរដ្ឋ ពិសេស​បងប្អូន​ជនជាតិភាគតិច នឹង​ត្រូវ​បាន​លើកកម្ពស់​ឲ្យ​កាន់តែ​ល្អ​ប្រសើរ​ជា​លំដាប់ រក្សា​ការពារ និង​បង្កើត​ពូជ​ត្រី​កម្រ និង​ជិត​ផុត​ពូជ​ឲ្យ​មាន​ក្នុង​អាង បឹង ស្ទឹង និង​ទន្លេ នៅ​ទូ​ទាំង​តំបន់​នេះ​ឡើង​វិញ ។

លោក​រដ្ឋមន្ដ្រី​បាន​សំណូមពរ​ឲ្យ​ធនាគារពិភពលោក អាជ្ញាធរ​ខេត្ត ស្រុក កងកម្លាំង​ទាំង​បី ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ មេត្តា​បន្ត​ជួយ​ផ្តល់​កិច្ចសហការ ដើម្បី​ឲ្យ​មជ្ឈមណ្ឌល​ដំណើរការ​មុខងារ​របស់​ខ្លួន​ប្រកបដោយ​និរន្តរភាព និង​ទទួល​បាន​ជោគជ័យ ។

លោក ពុំ សុ​ថា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៦ រាជរ​ដ្ឋាភិ​បាល​បាន​សម្រេច​ទទួលយក​ប្រាក់​កម្ចី​ពី​ធនាគារពិភពលោក ដើម្បី​គាំទ្រ​ដល់​ការ​អនុវត្ត​គម្រោង​ស្តី​ពី « ការ​គ្រប់គ្រង​ធនធានទឹក​ចម្រុះ​ទន្លេមេគង្គ » ដំណាក់កាល​ទី​៣ ក្នុង​នោះ​រដ្ឋបាល​ជលផល​ទទួល​អនុវត្ត​សមាស​ភាគ​ទី​១ ផ្តោត​លើ​ការ​គ្រប់គ្រង​ធនធាន​ជលផល និង​វា​រី​សត្វ នៅ​ភូមិភាគ​ឦសាន ហើយ​សមិទ្ធិ​ផល​ដែល​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃនេះ គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​បាន​អនុវត្ត​ក្នុង​រយៈពេល​កន្លង​មក ។

គួរ​រំលឹក​ថា ដោយ​មានការ​អនុញ្ញាត​ពី​ឯកឧត្តម​រដ្ឋមន្ត្រី និង​ការ​គាំទ្រ​ថវិកា​ពី​គម្រោង​ខាងលើ មជ្ឈ​មណ្ឌល ដែល​ស្ថិត​ក្នុងភូមិ​បា​ដើម ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន​នេះ ចាប់ផ្តើម​សាងសង់​ឡើង​នៅ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២០ និង​បាន​បញ្ចប់​ការ​សាងសង់​រួចរាល់​ជា​ស្ថាពរ នៅ​ថ្ងែ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២១​លើ​ផ្ទៃដី​សរុប​១០.៤​ហិ​កតា ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ១.៧៥០.២៥២​ដុល្លារ​អា​មេ​រិ​ក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ