ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​7​មាន​ពន្លឺ​អច្ឆរិយ​នៅ​លើ​វេហាស៍​ទាក់ចិត្ត​អ្នកទេសចរ

7 ឆ្នាំ មុន

«Aurora» ជា​អព្ភូតហេតុ​នៃ​ពន្លឺ​នៅ​លើ​វេហាស៍​ជា​ភាព​អច្ឆរិយ​ផ្នែក​ធម្មជាតិ​ដែល​កើត​មាន​ដ៏​កម្រ ។ ប្រសិនបើ​កើត​មាន​បាតុភូត​នេះ អ្នក​ទស្សនា​ត្រូវ​ទៅ​ដល់​ចំណុច​កើតហេតុ​ឱ្យ​ស្រប​ពេល ។ ប្រទេស​ដែល​អាច​មើលឃើញ​ពន្លឺ​ចម្លែក​

«Aurora» ជា​អព្ភូតហេតុ​នៃ​ពន្លឺ​នៅ​លើ​វេហាស៍​ជា​ភាព​អច្ឆរិយ​ផ្នែក​ធម្មជាតិ​ដែល​កើត​មាន​ដ៏​កម្រ ។ ប្រសិនបើ​កើត​មាន​បាតុភូត​នេះ អ្នក​ទស្សនា​ត្រូវ​ទៅ​ដល់​ចំណុច​កើតហេតុ​ឱ្យ​ស្រប​ពេល ។ ប្រទេស​ដែល​អាច​មើលឃើញ​ពន្លឺ​ចម្លែក​ភាគច្រើន​ស្ថិត​នៅ​បរិវេណ​ក្បែរ​តំបន់​ប៉ូ​ល​ខាងជើង ។

១-​ប្រទេស​អីុ​ស្លង់
អីុ​ស្លង់ មាន​ទីតាំង​ស្ថិត​នៅ​កណ្តាល​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​នៅ​ចន្លោះ​កោះ​ហ្គ្រី​ន​លែ​ន ន័​រ​វែ​ស និង​ចក្រភព​អង់គ្លេស ។ ជា​ប្រទេស​សំបូរ​ទៅ​ដោយ​ភ្ញៀវ​ទេសចរ​មើល​ផ្ទាំង​ពន្លឺ​នៅ​លើ​វេហាស៍ ព្រោះ​មាន​ភាព​ស្រស់​ស្អាត ។

ចំណុច​ដែល​ភ្ញៀវ​ទេសចរ​នានា​រង់ចាំ​ទស្សនា​ពន្លឺ​ចម្លែក គឺ​ស្ថិត​នៅ​ភាគ​ខាងលិច​ឆៀង​ខាងជើង​កោះ ព្រោះ​ជាទី​តាំង​នៃ​កន្លែង​ទេសចរ ។ ម្យ៉ាងទៀត​នៅ​ទីនោះ​មាន​ភ្នំ «Kirkjufell» ដែល​មាន​ភាព​ស្រស់​ស្អាត និង​ចម្លែក ។

២-​ប្រទេស​ហ្វាំ​ង​ឡង់
ហ្វាំ​ង​ឡង់ ជា​ប្រភព​ធម្មជាតិ​ដ៏​ស្រស់​ស្អាត​អាច​ដើរ​កម្សាន្ត​បាន​ពេញ​មួយ​ឆ្នាំ ប៉ុន្តែ​អ្វី​ជា​គោលដៅ​របស់​ភ្ញៀវ​ទេសចរ គឺ​ទស្សនា​ពន្លឺ​លើ​លំហ ជា​ពិសេស​នៅ​ភូមិភាគ Lapland ភាគ​ខាងជើង​ប្រទេស ហើយ​ភ្ញៀវ​ត្រូវ​រង់ចាំ​មើល​ពន្លឺ​នៅ​ពេល​ល្ងាច ។

៣-​ប្រទេស​កា​ណា​ដា
កា​ណា​ដា ជា​កន្លែង​មួយ​គួរ​ឱ្យ​ចង់ទៅ​កម្សាន្ត​បំផុត​នៅ​លើ​ពិភពលោក ព្រោះ​សំបូរ​ទៅ​ដោយ បឹង ភ្នំ និង​ទេសភាព​ធម្មជាតិ ប៉ុន្តែ​អ្វី​ដែល​ពិសេស​បំផុត​គឺ​បាតុភូត​ពន្លឺ ឬ «Aurora» អាច​មើលឃើញ​នៅ​ភាគ​ខាងជើង និង​ក្រុង​ដែល​ពេញ​និយម​របស់​ភ្ញៀវ​គឺ Yellowknife ។

៤-​តំបន់​ហ្គ្រី​ន​លែ​ន​ប្រទេស​ដា​ណឺ​មា​៉​ក
ធម្មជាតិ​នៅ​ហ្គ្រី​ន​លែ​ន គួរ​ជាទី​ពេញចិត្ត ហើយ​នៅ​ទីនោះ​មាន​ប្រជាជន​រស់នៅ​តែ ៦០.០០០ នាក់​ប៉ុណ្ណោះ ។ ចំណែក​អ្វី​ដែល​ភ្ញៀវ​និយម​ទស្សនា​បំផុត​គឺ​ពន្លឺ​ចម្លែក ស្ថិត​នៅ​តំបន់ Kangerlussuaq ជា​ភូមិតូច​នៅ​ភាគ​ខាងលិច​កោះ​ហ្គ្រី​ន​លែ​ន ។

៥-​ប្រទេស​រុ​ស្ស៊ី
ទីក្រុង​ដែល​អាច​ទស្សនា​ពន្លឺ​ចម្លែក​គឺ Murmansk នៅ​ភាគ​ខាងលិច​ប្រទេស​រុ​ស្ស៊ី​ក្បែរ​ព្រំ​ដែល​ប្រទេស​ន័​រ​វែ​ស និង​ហ្វាំ​ង​ឡង់ ។ លើស​ពី​នេះ​នៅ​ពេល​ថ្ងៃ​រៀប​លិច ពន្លឺ​បង្ហាញ​សោភ័ណ​ភាព​គាប់​ភ្នែក ។

៦-​ប្រទេស​ន័​រ​វែ​ស
តំបន់ «Arctic Circle» អាច​ទស្សនា​ពន្លឺ​អច្ឆរិយ​ស្ថិត​នៅ​ក្រុង Tromso នា​ភាគ​ខាងជើង​ប្រទេស​ន័​រ​វែ​ស ។ ម្យ៉ាងទៀត​នៅ​ទីនោះ​ជា​តំបន់​ភ្នំ ព្រៃ និង​សមុទ្រ ហើយ​ប្រសិនបើ​បាន​ទៅ​ទស្សនា​ត្រូវ​មាន​អាវ​រងា ។

៧-​រដ្ឋ​អា​ឡា​ស្កា សហរដ្ឋអាមេរិក
អា​ឡា​ស្កា ជាទី​តាំង​មួយ​មាន​បាតុភូត​ពន្លឺ​ចម្លែក ភ្ញៀវ​ទេសចរ​អាច​ទស្សនា​បាន​នៅ​ក្រុង Fairbanks ដោយ​អាច​មើលឃើញ​ពន្លឺ​នៅ​បរិវេណ​ទីក្រុង​ដោយ​មិន​ចាំបាច់​ចាកចេញ​ទៅ​ក្រៅ​ក្រុង​ទេ ៕