ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​លាន​សំណាង ! ក្មេង​តូច​ម្នាក់​ខ្ទាត​ចូល​ក្រោម​រថយន្ត​តែ​មិន​មាន​គ្រោះថ្នាក់

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ ពិតជា​រន្ធត់​ខ្លាំង​ណាស់ ខណៈ​ក្មេង​ប្រុស​តូច​ម្នាក់​បាន​ខ្ទាត​ចូល​ទៅ​ក្រោម​រថយន្ត​តែ​សំណាងល្អ​គ្រាន់តែ​បណ្ដាល​ឲ្យ​រង​របួសស្រាល​ប៉ុណ្ណោះ ប៉ុន្តែ​ស្ត្រី​២​នាក់​ …

ខេត្តឧត្តរមានជ័យ ៖ ពិតជា​រន្ធត់​ខ្លាំង​ណាស់ ខណៈ​ក្មេង​ប្រុស​តូច​ម្នាក់​បាន​ខ្ទាត​ចូល​ទៅ​ក្រោម​រថយន្ត​តែ​សំណាងល្អ​គ្រាន់តែ​បណ្ដាល​ឲ្យ​រង​របួសស្រាល​ប៉ុណ្ណោះ ប៉ុន្តែ​ស្ត្រី​២​នាក់​ទៀត​បាន​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង​៤ និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០១៧ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ ​PR១៧៤ ចំណុច​មុខ​សាលា​បឋម​សិក្សា​អន្លង់​វែង ស្ថិត​ក្នុងភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ស្ត្រី​រង​គ្រោះ​ម្នាក់​ឈ្មោះ ភួង សុ​ភ័​ណ្ឌ អាយុ​៣២​ឆ្នាំ រង​របួស​លើ​ផ្ទៃមុខ និង​ដៃជើង​ធ្ងន់ និង​កូនបង្កើត​ឈ្មោះ មុ​យ សុ​លាប ទើបតែ​មាន​អាយុ​៨​ខែ រង​របួស​របកស្បែក​ដៃជើង​ស្រាល រីឯ​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ សាន្ត សុភា អាយុ​២៤​ឆ្នាំ រង​របួស​ផុង​លលាដ៍ក្បាល និង​ផ្ទៃមុខ​ដៃជើង​ធ្ងន់ធ្ងរ ត្រូវជា​ប្អូនថ្លៃ​ស្ត្រី​រង​គ្រោះ​ខាងលើ ជា​អ្នក​បើក​ម៉ូតូ​ម៉ាក​ហុ​ដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ។ ដោយឡែក​ស្ត្រី​ជា​ជនជាតិ​ថៃ​ម្នាក់​មិន​បាន​ស្គាល់​អត្តសញ្ញាណ​បើកបរ​រថយន្ត​ម៉ាក ISUZU ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ថៃ ខេត្ត​សុរិន្ទ ៦៤៤៦ ត្រូវ​បាន​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អន្លង់​វែង ចាប់​ឃាត់​ទាំង​មនុស្ស​ទាំង​រថយន្ត ។

សាក្សី​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ស្ត្រី​ម្នាក់​ជិះ​ម៉ូតូឌុប​ស្ត្រី​ម្នាក់​និង​ក្មេង​ប្រុស​ម្នាក់ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​រថយន្ត​បង្ក​ម៉ាក ISUZU បើក​មក​បុក​ម៉ូតូ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឱ្យ​ស្ត្រី​ទាំង​២​នាក់​រង​របួសធ្ងន់ ដោយឡែក​ក្មេង​ប្រុស​តូច​ខ្ទាត​ចូល​ទៅ​ក្រោម​រថយន្ត​មើលទៅ​គួរ​ឱ្យ​រន្ធត់​ណាស់ តែ​សំណាងល្អ​នៅ​មាន​អាយុជីវិត​គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ ។

នគរបាល​ចរាចរណ៍​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ភ្លាម មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដោយ​កម្លាំង​មួយ​ផ្នែក​នាំ​ស្ត្រី​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​ដើម្បី​សង្គ្រោះ ឯ​កម្លាំង​មួយ​ផ្នែក​ទៀត​តាម​ចាប់​ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​ថៃ​ជា​អ្នក​បើករថយន្ត​បង្ក​យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ធ្វើ​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។

នគរបាល​ចរាចរណ៍​បញ្ជាក់​ថា ស្ត្រី​ជនជាតិ​ថៃ​ដែល​បើករថយន្ត​បង្ក​បាន​អះអាង​ថា នឹង​ទទួលខុសត្រូវ​ទៅ​តាម​ផ្លូវច្បាប់​ចំពោះ​ស្ត្រី​រង​គ្រោះ​២​នាក់ និង​កូន​តូច ។

ប្រភព​ពី​ក្រុម​គ្រូពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក គ្រូពេទ្យ​បាន​បញ្ជូន​បន្ត​ទៅ​ធ្វើការ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប ចំណែក​ក្មេង​ប្រុស​ទើប​មាន​អាយុ​៨​ខែ​នោះ​គ្រូពេទ្យ​មិន​ទាន់​ដឹង​ថា ផ្នែក​ក្បាល និង​ដងខ្លួន​ក្មេង​នោះ​ដែល​បោក​ទៅ​នឹង​ផ្លូវជាតិ​យ៉ាងដូចម្តេច​នៅឡើយ​ទេ ពីព្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​ខ្វះ​សម្ភារៈ​សម្រាប់​ឆ្លុះ​មើល ៕