ហាណូយ ៖ មេដឹកនាំជាន់ខ្ពស់មួយរូបរបស់កងទ័ពវៀតណាម បានចូលរួមសម្តែងការអបអរសាទរ និងគាំទ្រផងដែរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត កូនប្រុសច្បងនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣ បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ។

ការសម្តែងនូវការគាំទ្ររបស់កងទ័ពវៀតណាម ចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ធ្វើឡើងនៅក្នុងឱកាសដែលឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ងៀ អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម នៅទីស្តីការក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាមក្នុងឱកាសនៃការបំពេញទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។

ក្នុងជំនួបនេះ ឧត្តមសេនីយ៍ទោ ង្វៀន វ៉ាន់ងៀ បានសម្តែងការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងគណៈប្រតិភូនៅក្នុងប្រទេសវៀតណាម ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ និងរឹងមាំបន្ថែមទៀតហើយក៏ស្របពេលដែលឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៥៥ នៃទំនាក់ទំនងការទូតកម្ពុជា-វៀតណាម ។
ទន្ទឹមនឹងនេះ ឯកឧត្តម អនុប្រធានអគ្គសេនាធិការក៏បានចូលរួមអបអរសាទរដល់កម្ពុជាដែលទទួលបាននូវជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ាន និងការរៀបចំការបោះការឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ព្រមទាំងការរៀបចំប្រារព្ធពិធីរំឭកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឆ្នាំ២០២២នេះ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានសម្តែងនូវការអបអរសាទរ និងគាំទ្រផងដែរចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលត្រូវបានអង្គសន្និបាតគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាលើកទី៤៣ បោះឆ្នោតជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ ជាការឆ្លើយតប ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំឭកអំពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ និងបានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលតែងបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជា ក្នុងនាមជាប្រទេសជិតខាងល្អ ទាំងក្នុងអតីតកាល និងបច្ចុប្បន្ន ជាពិសេសក្នុងកាលៈទេសៈដែលកម្ពុជាជួបការលំបាក។

លើសពីនេះ ឯកឧត្តម ក៏បានកត់សម្គាល់អំពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៃលទ្ធផលកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ រួមទាំងវិស័យយោធា និងសន្តិសុខ ស្របតាមពាក្យស្លោក «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ។

ជារួម សមភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការ ដែលកងទ័ពនៃប្រទេសទាំងពីរសម្រេចបានកន្លងមក ជាពិសេសក្នុងកម្រិតកងទ័ពជើងគោក ដែលពិតជាបាន ហើយក៏នឹងបន្តចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែរឹងមាំ និងយូរអង្វែង ដែលជាមូលដ្ឋានមិនអាចខ្វះបានដើម្បីការពារ និងកសាងប្រទេសទាំងពីរ ឱ្យបានរីកចម្រើនរុងរឿងទាំងអស់គ្នា នៅក្រោមម្លប់នៃសុខសន្តិភាព ស្ថិរភាព និងវិបុលភាពរួម ទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត៕
ចែករំលែកព័តមាននេះ