ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើប​មក​ពី​ប្រទេស​ជប៉ុន ស្លា.ប់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើប​មក​ពី​ប្រទេស​ជប៉ុន ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ទើប​មក​ពី​ប្រទេស​ជប៉ុន ស្រាប់តែ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ស្លាប់​យ៉ាង​អាណោចអាធ័ម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០១៧ តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម នៅ​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ស៊ី​ម សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​ម្តុំ​រង្វង់​មូល​ទួល​គោក សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក NLAJESLY ពណ៌​ស អត់​មាន​ស្លាក​លេខ ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​ព្រះ​នរោត្តម ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​មក​ដល់​ចំណុច​កើតហេតុ​មុខ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ដោយសារ​ជន​រង​គ្រោះ​ស្រវឹងស្រា​ផង បើក​ម៉ូតូ​លឿន​ផង ស្រាប់តែ​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៥៧០ ពណ៌​ខ្មៅ ដែល​កំពុង​ឈប់​រង់ចាំ​ភ្លើងស្តុប​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​ដួល​បោក​ក្បាល​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​ក៏​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ចំណែកឯ​ម៉ូតូ​ខូចខាត​ខ្ទេច​មួយ​កំណត់​ខាង​មុខ រីឯ​រថយន្ត​ឡិច​ស៊ី​ស​៥៧០​បាន​បើក​ចេញ​ទៅ​បាត់ បន្សល់​ទុក​ជន​រង​គ្រោះ​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​សង្គ្រោះ​គ្លីនិក​ឯកជន​មក​ដល់​កន្លែង​កើតហេតុ​បម្រុង​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល តែ​ពេល​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​សល់​តែ​ដង្ហើមចង្រិត មិន​បាន​ដឹក​យក​ទៅ​ព្យាបាល​ទេ ភ្លាម​ៗ​នោះ​មាន​បុរស​ស្រវឹងស្រា​ម្នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ី​គី​លេ​ត ពណ៌​ស មក​ដល់​កន្លែង​កើតហេតុ​អះអាង​ថា​ខ្លួន​ត្រូវជា​មិត្តភក្តិ​របស់​ជន​រង​គ្រោះ បាន​ជេ​រថយន្ត​សង្គ្រោះ​ដែល​មិន​ព្រម​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល ទុក​ទាល់តែ​ជន​រង​គ្រោះ​ស្លាប់​បែប​នេះ មិនតែប៉ុណ្ណោះ​បុរស​រូប​នោះ​ខឹង​ទាំង​អ្នក​សារព័ត៌មាន និង​សមត្ថកិច្ច​ដែល​មិន​ជួយ​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹក​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល​ទៀត​ផង ។

ប្រភព​ពី​សាច់ញាតិ​ជន​រង​គ្រោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទើបតែ​មក​តែ​វិល​ត្រឡប់​មក​ពី​ប្រទេស​ជប៉ុន​មក​ធ្វើការ​នៅ​ភ្នំពេញ ស្រាប់តែ​ជួប​គ្រោះថ្នាក់​អកុសល​បែប​នេះ​តែ​ម្តង ។

សព​ជន​រង​គ្រោះ​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​ឲ្យ​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ ៕