កោះតៃវ៉ាន់បានចោទប្រកាន់កងទ័ពចិនថាបានក្លែងឲ្យដូចជាការវា.យប្រហារលើតៃវ៉ាន់ ខណៈទីក្រុងប៉េកាំងចាត់វិធានការសងសឹកជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក ដោយធ្វើការផ្អាកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។

ទំនាក់ទំនងរវាងមហាសេដ្ឋកិច្ច និងយោធាទាំងពីរបានធ្លាក់ចុះខ្លាំង បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដែលចិនចាត់ទុកជាផ្នែកមួយរបស់ខ្លួន។ ចិនចាត់ទុកដំណើរនោះជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។

បន្ទាប់ពីលោកស្រី Pelosi ទៅទស្សនកិច្ចនោះកោះតៃវ៉ាន់ មហាយក្សចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ចំនួន ៦ដែលព័ទ្ធជុំវិញកោះតៃវ៉ាន់ បណ្តាលឲ្យអង្គការសហប្រជាជានអំពាវនាវឲ្យមានការកាត់បន្ថយភាពតានតឹងជាបន្ទាន់។
ទីក្រុងតៃប៉ិ បាននិយាយថា ខ្លួនបានសង្កេតឃើញយន្តហោះ និងនាវាចម្បាំងជាច្រើនគ្រឿងរបស់ចិនប្រតិបត្តិការនៅច្រកសមុទ្រតៃវ៉ាន់ ដោយតៃវ៉ាន់ជឿជាក់ថា ចិនកំពុងក្លែងធ្វើឲ្យដូចជាការវា.យប្រហារមកលើកោះតៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់និយាយក្នុងសេចក្តីប្រកាសថា «យន្តហោះ និងនាវាកុម្មុយនិស្តកំពុងធ្វើសកម្មភាពជុំវិញច្រកសមុទ្រតៃវ៉ាន់ ដោយមួយចំនួនឆ្លងកាត់ខ្សែបន្ទាត់កណ្តាល» ។
ទីក្រុងប៉េកាំងក៏បានអះអាងផងដែរថា ពួកគេនឹងធ្វើសមយុទ្ធបា.ញ់គ្រាប់ពិតនៅភាគខាងជើងសមុទ្រលឿង ដែលស្ថិតនៅចន្លោះប្រទេសចិន និងឧបទ្វីបកូរ៉េ ចាប់ពីថ្ងៃសៅរ៍ ដល់ទី ១៥ សីហា។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV បានរាយការណ៍ថា មីស៊ីលជាច្រើនគ្រាប់របស់ចិនបានហោះលើកោះតៃវ៉ាន់អំឡុងសមយុទ្ធ។ ប៉ុន្តែទីក្រុងតៃប៉ិ អះអាងថាខ្លួននឹងមិនអាចអោយអ្នកជិតខាងដ៏អាក្រក់មើលងាយបាននោះទេ៕ (យោងតាមប្រភព៖ AFP)



ចែករំលែកព័តមាននេះ