ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ​កំពុង​ជួសជុល

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ គិត​ត្រឹម​ដើម​ខែមករា ឆ្នាំ​២០១៧​នេះ ការដ្ឋាន​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ទទួល​បាន​លទ្ធផល​ប្រមាណ​៦០%​ហើយ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ជំនាញ ដែល​គ្រប់គ្រង​

ខេត្តសៀមរាប ៖ គិត​ត្រឹម​ដើម​ខែមករា ឆ្នាំ​២០១៧​នេះ ការដ្ឋាន​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ ទទួល​បាន​លទ្ធផល​ប្រមាណ​៦០%​ហើយ ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ជំនាញ ដែល​គ្រប់គ្រង​លើ​ការងារ​នៅ​ទីនោះ ។

ការដ្ឋាន​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ កំពុង​ដំណើរការ​ដោយ​រលូន​។ ការ​ជួសជុល គឺ​ធ្វើ​ឡើង​ដោយ​យកចិត្តទុកដាក់ និង​មានការ​គ្រប់គ្រង​យ៉ាង​ច្បាស់លាស់​ពី​អ្នកជំនាញ​តាម​ផ្នែក ផ្សេង​ៗ ។

លោក​យិ​ត ចាន់​ដា​រដ្ឋ ប្រធាន​នាយកដ្ឋាន​ស្តីទី​នៃ​នាយកដ្ឋាន​អភិវឌ្ឍន៍​វប្បធម៌ សារមន្ទីរ និង​បទដ្ឋាន​បេតិកភណ្ឌ​របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា ការដ្ឋាន​ជួសជុល​សារមន្ទីរ​បាន​ចាប់ផ្តើម​ដំណើរការ​នៅ​ដើមខែ​វិច្ឆិកា ឆ្នាំ​២០១៦ ហើយ​រហូត​មក​ដល់​ពេល​នេះ គឺ​បាន​ប្រើ​ពេល​ជាង​២​ខែ​ហើយ ។

លោក​ចាន់ ដា​រដ្ឋ បន្ត​ថា ការ​ជួសជុល​ជា​សំខាន់​គឺ​ផ្តោត​លើដំបូល​នៃ​អាគារ​ទាំងមូល​។ ការ​ទ្រុឌទ្រោម​នៃ​ដំបូល​អគារ ធ្វើ​ឲ្យ​សារមន្ទីរ​រង​ការ​ខូចខាត​ជា​ច្រើន​កន្លែង ដូច​ជា​ការ​ហូរ​ច្រោះ​ទឹក​ចូល​ក្នុង​អគារ​ទាំងមូល​ជាដើម ។ ចំពោះ​ការងារ​នេះ លោក​ចាន់ ដា​រដ្ឋ បញ្ជាក់​ថា គេ​បាន​កោស​ដំបូល​ចាស់​ចេញ ហើយ​ជំនួស​ដោយ​ប្រើ​បច្ចេកទេស​ថ្មី​ដើម្បី​ធានា​ពី​គុណភាព​នៃ​អគារ​ទាំងមូល ។

លោក​ហូ​រី សម្បត្តិ វិស្វករ​គ្រប់គ្រង​ការងារ​ជួសជុល​នៅ​ការដ្ឋាន​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ នៃ​ក្រុមហ៊ុន​សា​តូ ដែល​ទទួលខុសត្រូវ​លើ​ការងារ​ជួសជុល​នេះ​ឲ្យ​ដឹង​ថា ដំបូល​អគារ​ចាស់​គេ​បាន​ប្រើ​ផ្លា​ស្ទិ​ក​ក្រាល ដូច្នេះ​ទើប​វា​មិនសូវ​មានគុណ​ភាព​យូរ ។ បច្ចេកទេស​ចាស់​នេះ​យូរ​ឆ្នាំ​វា​ធ្វើ​ឲ្យ​មានការ​ពុក​ផុយ និង​ធ្វើ​ឲ្យ​ទឹក​ចូល​ជ្រាប​ចូល​ទៅ​តាម​ពិតាន ទើប​ធ្វើ​ឲ្យ​មាន​ស្នាម​ប្រេះ​នៅ​ក្នុង​អគារ ។ លោក​បន្ថែម​ថា បច្ចេកទេស​ថ្មី​ដែល​ក្រុមហ៊ុន​របស់​លោក​យក​មក​ធ្វើ​ដំណោះស្រាយ គឺ​ប្រក់​សន្លឹក​ស័ង្កសី​ពីក្រោម មុន​នឹង​ប្រក់​ក្បឿង​ពីលើ ។ បច្ចេកទេស​នេះ​ធានា​បាន​យូរអង្វែង មិន​ងាយ​ខូច​ឡើយ ។

ក្រៅពី​ការងារ​ជួសជុល​ដំបូល​ដែល​ជា​ការងារ​សំខាន់ ក្នុង​នោះ​ទៀត​សោត ការ​កែ​លម្អ​យ៉​នៃ​អគារ ក៏​ជា​ការងារ​សំខាន់​ផង​ដែរ​។ ក្រុមការងារ​បាន​ជួសជុល​បាន​រៀបចំ​ប្រព័ន្ធ​ហូរ​ច្រោះ​ថ្មី ធ្វើ​យ៉ាងណា​ឲ្យ​ការ​ហូរ​ច្រោះ​ទឹកភ្លៀង​មាន​ជម្រាល​ហូរ​កាត់ ។ ក្រៅពី​នេះ​មានការ​កែ​លម្អ​ស្នាម​ប្រេះ និង​លាបថ្នាំ​ទាំង​ក្នុង​និង​ក្រៅ​នៃ​អគារ រួម​និង​ដូរ​បង្អួច​មួយ​ចំនួន​ធំ។

រហូត​មក​ដល់​ពេល​នេះ​ការដ្ឋាន​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ សម្រេច​បាន​៦០%​ហើយ​។ ការដ្ឋាន​នេះ​ប្រើប្រាស់​បុគ្គលិក​សរុប​ទាំងអស់​ចំនួន​៦៥​នាក់​។ តាម​គម្រោង ការ​ជួសជុល​គ្រោង​នឹង​បញ្ចប់​នៅ​ចុងខែ​មីនា​ខាង​មុខ​នេះ ។

ការងារ​ជាក់ស្តែង​ដែល​ក្រុមហ៊ុន​សា​តូ ទទួល​ពី​ក្រុមហ៊ុន AEON (​អីុ​អុង​) មាន​១០​ចំណុច រួម​មាន ជួសជុល​ដំបូល លាបថ្នាំ​ពណ៌ ផ្លាស់​ប្តូរ​បង្អួច​អាលុយមីញ៉ូម​ខាងក្រៅ​ដែល​រង​ការ​ខូចខាត ទៅ​ជា​បង្អួច​ស្លាបព្រិល ផ្លាស់​ប្តូរ​បង្អួច​ឈើ​ដែល​ពុក​ផុយ ត​សំយាប​នៅ​លំហ​កណ្តាល​នៃ​អគារ កែសម្រួល​ប្រព័ន្ធ​ហូរ​ទឹក​នៅ​ខាងក្រៅ​អាង​ទឹក កែសម្រួល​ទ្វារធំ​ដែល​កកិត​គ្នា ជួសជុល​ស្នាម​ប្រេះ​នៃ​ជញ្ជាំង និង​ពិតាន ជួសជុល​ជណ្តើរ​ឡើង​ទៅ​លើដំបូល ធ្វើ​ជម្រាល​ជន​ពិការ​នៅ​ច្រកចូល ។

តាម​ការ​បញ្ជាក់​ពី​លោក​ចាន់ ដា​រដ្ឋ ក្រៅពី​ចំណុច​ខាងលើ​នេះ ការងារ ផ្សេង​ៗ​ទៀត​ជា​បន្ទុក​របស់​អាជ្ញាធរ​ជាតិ​អប្សរា ។ ការងារ​ទាំងនោះ​រួម​មាន រៀបចំ​ការ​តាំងពិព័រណ៍​ឡើង​វិញ រៀបចំ​ផ្សព្វផ្សាយ​ធ្វើ​ឲ្យ​មាន​ភ្ញៀវ​ទេសចរ អគ្គិសនី ម៉ាស៊ីនត្រជាក់ រួម​នឹង​ការ​ដឹក​ជញ្ជូន​រូប​បដិមា​ក្នុង​សារមន្ទីរ​ទៅ​រក្សា​នៅ​កន្លែង​មាន​សុវត្ថិភាព ។​ល​។

គម្រោង​ជួសជុល​សារមន្ទីរ​ព្រះ​នរោត្តម​សីហ​នុ​-​អង្គរ គឺជា​កិច្ច​សហ​ប្រតិបត្តិ​ករ​រវាង​ភាគី​៤​ស្ថាប័ន ដោយ​រួម​មាន អាជ្ញាធរ​ជាតិ​អប្សរា មូលនិធិ​ក្លឹ​ប​អីុ​អុង​១% (AEON 1% Club Foundation) ក្រុមហ៊ុន​ឧស្សាហកម្ម​សា​តូ (​កម្ពុជា​) និង​មជ្ឈមណ្ឌល​អាស៊ី​សិក្សា​ស្រាវជ្រាវ និង​បណ្តុះបណ្តាល​ធនធានមនុស្ស​នៃ​សាកលវិទ្យាល័យ​សូ​ហ្វ៊ី​យ៉ា​។ ក្រុមហ៊ុន​អីុអុង ជា​អ្នករ៉ាប់រង​ចំណាយ​ក្នុង​ការងារ​ជួសជុល​ទាំងនេះ ក្រោយ​ពី​ស្ថាប័ន​នេះ​ជា​អ្នក​ផ្តល់​មូលនិធិ​កសាង​សារមន្ទីរ​នេះ​នៅ​ឆ្នាំ​២០០៧ ។ ចំណែក​អាជ្ញាធរ​ជាតិ​អប្សរា ជា​អ្នក​ផ្តល់​បច្ចេកទេស និង​ថែរក្សា​រូប​បដិមា​នៅ​ក្នុង​សារមន្ទីរ​ទាំងមូល ៕