ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ហ៊ុន សែន ស្នើដល់​ឥណ្ឌា ជំរុញ​ឲ្យមានការហោះហើរត្រង់មកកម្ពុជា

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ​រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី…

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ នេះ បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយ​រដ្ឋមន្ត្រីការបរទេសអូស្រ្តាលីរួចហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានបន្តជួបពិភាក្សាការងារជាមួយឯកឧត្តម Subrahmanyam Jaishankar រដ្ឋមន្រ្តីការបរទេសឥណ្ឌា​។ ក្នុងកិច្ចប្រជុំនេះ សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើដល់ភាគីឥណ្ឌា ជំរុញឲ្យមានការហោះហើរត្រង់មកកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសឥណ្ឌា បាន​នាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់​នាយករដ្ឋមន្ត្រី​ឥណ្ឌា ជូនចំពោះសម្ដេចតេជោ និងបានជម្រាបជូនសម្ដេចតេជោថា ការចូលរួមប្រជុំរបស់លោក​នៅកម្ពុជា គឺទទួលបានជោគជ័យ​ទាំង​ទ្វេភាគី និងក្របខណ្ឌពហុភាគី ក្នុងន័យនេះ លោក​សូមគោរពនូវការអបអរសាទរ ចំពោះជោគជ័យរបស់កម្ពុជា ក្នុងភាពជាប្រធានអាស៊ាន។

លោកបាន​មានប្រសាសន៍ ជំរាបជូនសម្តេចតេជោ ពីគោលបំណងនៃការពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការលើការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ការតភ្ជាប់ផ្លូវ​ពីប្រទេសឥណ្ឌា ឆ្លងកាត់ប្រទេស​មីយ៉ាន់មារ ប្រទេសថៃ និងមកដល់ប្រទេសកម្ពុជា និងសហប្រតិបតិការក្នុងក្របខណ្ឌអាស៊ាន មេគង្គ គង្គា​ លើវិស័យសេដ្ឋកិច្ច ទេសចរណ៍ ការពារជាតិ ដោះមីន វិនិយោគ និងអភិវឌ្ឍសហគមន៍ ព្រមទាំងជួសជុលប្រាង្គប្រាសាទ។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ ថ្លែងអំណរគុណចំពោះគោលបំណង នៃការពង្រីកកិច្ចសហប្រតិបត្តិការ ដែលបានលើកឡើងដោយលោក​រដ្ឋមន្រ្តី។

សម្តេចតេជោ បានលើកទឹកចិត្តឲ្យមានការសិក្សាបញ្ចប់លើផ្នែកបច្ចេកទេស ដើម្បីជំរុញកិច្ចព្រម​ព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសទាំងពីរផង និងកិច្ចសន្យាគាំពារវិនិយោគផង​។

សម្តេចតេជោ ក៏បានស្នើដល់ភាគីឥណ្ឌា ជំរុញឲ្យមានការហោះហើរត្រង់មកកម្ពុជា ដើម្បីជំរុញ​លើក​ស្ទួយវិស័យទេសចរណ៍ និងស្នើឲ្យមានការពិចារណា ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ​មេគង្គ គង្គា ឲ្យដល់កំរិតកំពូល៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ