ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បុក​គោ​យន្ដ​សុគត​ព្រះសង្ឃ​១​អង្គ និង​របួសធ្ងន់​ស្រាល​៤​នាក់

7 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ព្រះសង្ឃ​២ អង្គ​ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​គោ​យន្ត​បណ្ដាល​ឲ្យ​សុគត​មួយ​អង្គ​របួសស្រាល​មួយ​អង្គ អ្នក​បើក​ម៉ូតូ​របួសធ្ងន់ រីឯ​ភាគី​ខាង​គោ​យន្ដ​

ខេត្តពោធិ៍សាត់ ៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូឌុប​ព្រះសង្ឃ​២ អង្គ​ហើយ​បាន​ជ្រុល​ចង្កូត​ទៅ​បុក​គោ​យន្ត​បណ្ដាល​ឲ្យ​សុគត​មួយ​អង្គ​របួសស្រាល​មួយ​អង្គ អ្នក​បើក​ម៉ូតូ​របួសធ្ងន់ រីឯ​ភាគី​ខាង​គោ​យន្ដ​ដែល​ត្រូវជា​ឪពុក និង​កូន​របួសស្រាល​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​នៅ​លើ​ផ្លូវ​គ្រួ​ស​ក្រហម​មួយ​ខ្សែ​ស្ថិត​ក្នុងភូមិ​កំ​រ៉ែ​ង ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​០៧ ខែមករា ឆ្នាំ​២០១៧​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​។

សមត្ថកិច្ច​នៅ​ទីនោះ​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ពោធិ៍សាត់​1C-7334 បើកបរ​ដោយ​ឈ្មោះ ហៃ ហ៊ុន​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ឌុ​ប​ព្រះសង្ឃ​០២​អង្គ ទៅ​បុក​គោ​យន្ដ​កន្ដ្រៃ​ដឹក​បង្គោលរបង​០២​នាក់​ឪពុក និង​កូន​។ នៅ​ថ្ងៃ​នោះ​គោ​យន្ដ​ធ្វើ​ដំណើរ​ពី​លិចទៅ​កើត ទៅ​ដល់​ចំណុច​កើតហេតុ​បាន​បែក​កង់​ក៏​ឈប់​លើ​ផ្លូវ ដើម្បី​រក​វិធីសាស្ត្រ​ប៉ះ​ឬ​ក៏​ដូរ​កង់​។

ទើបតែ​ចុះ​ពីលើ​គោ​យន្ដ​មិន​ទាន់​បាន​ធ្វើ​អ្វី​ផង​នោះ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​បើក​មក​បុក​ពីក្រោយ​យ៉ាង​ពេញ​ទំ​ហ៊ឹង​បណ្ដាល​ឲ្យ​ព្រះសង្ឃ​មួយ​អង្គ​ជង់​នឹង​បង្គោលរបង​ចំ​ដើមទ្រូង​សុគត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។ ព្រះសង្ឃ​ដែល​សុគត​នោះ​ព្រះ​នាម គា ភក្ដី ព្រះ​ជន្ម​១៧​ព្រះ​វស្សា គង់នៅ​វត្ត​ទួល​អណ្ដែត ឃុំ​ស្វាយស មួយ​អង្គ​ទៀត​របួសស្រាល​ព្រះ​នាម ឈឿ​ន ហើម ព្រះ​ជន្ម​១៥​ព្រះ​វស្សា គង់នៅ​វត្ត​កោះអណ្ដែត ឃុំ​ស្វាយស និង​អ្នក​បើក​ម៉ូតូ​ឈ្មោះ ហៃ ហ៊ុន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​កំ​រ៉ែ​ង ឃុំ​ស្វាយស​របួសធ្ងន់​។

ចំណែក​ភាគី​ខាង​គោ​យន្ត ឪពុក​ឈ្មោះ កែ ណា​ម អាយុ​៤៤​ឆ្នាំ និង​កូនប្រុស​ឈ្មោះ គុន ណា​ក់ អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ព្រីង ឃុំ​ស្វាយ​ជុប ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង របួសស្រាល​ទាំង​០២​នាក់​។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​អ្នក​បើក​ម៉ូតូ​ប្រើ​ល្បឿន​លឿន ហើយ​គោ​យន្ដ​ដឹក​បង្គោល​នោះ​ក៏​នៅ​ចំ​កណ្ដាលផ្លូវ​ទៀត​គួប​ផ្សំ​នឹង​ព្រលប់​ៗ​ផង​មើល​មិនសូវ​ឃើញ​ក៏​ជួប​គ្រោះថ្នាក់​បែប​នេះ​ទៅ​។

ព្រះ​សព​ត្រូវ​បាន​យក​ទៅ​ធ្វើបុណ្យ​នៅ​វត្ត ហើយ​ជន​រង​គ្រោះ​ដែល​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។ ចំណែក​ម៉ូតូ និង​គោ​យន្ដ​បង្ក​គ្រោះថ្នាក់​នោះ​សមត្ថកិច្ច​បាន​យក​ទៅ​ដោះស្រាយ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​តាម​ច្បាប់​ចរាចរណ៍​ផ្លូវគោក​៕