នៅពេលរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាលោកនឹងជួបជាមួយសម្តេចតេជោ ហ៊ុនសែន និងលោកប្រាក់ សុខុន ដែលជាសមភាគី ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអាមេរិក ។
![Picture]()
យោងតាមវេបសាយរបស់ក្រសួងការបរទេសអាមេរិកបានអោយដឹងថាលោកនឹងគូសបញ្ជាក់ថា ភាពល្អប្រសើរនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងអាមេរិក និងកម្ពុជា គឺអាស្រ័យលើថ្នាក់ដឹកនាំកម្ពុជាចាត់វិធានការប្រកបដោយអត្ថន័យ ដើម្បីដោះស្រាយបញ្ហាព្រួយបារម្ភរបស់អាមេរិកចំពោះវត្តមាននៃយោធាចិននៅមូលដ្ឋាន សមុទ្ររាម បញ្ហាធ្លាក់ចុះនៃប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងសិទ្ធការងារ ។
![Picture]()
ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកត្រូវបានគេមើលឃើញថា កំពុងមានការធ្លាក់ចុះ ដោយសារអាមេរិកចោទប្រកាន់ថា ប្រជាធិបតេយ្យនៅកម្ពុជាមានការធ្លាក់ចុះ ហើយសំខាន់ជាងនេះ អាមេរិកចោទថា កម្ពុជាបានអនុញ្ញាត អោយមានវត្តមានកងទ័ពចិននៅមូលដ្នានទ័ពជើងទឹកនៅសមុទ្ររាម ។
រដ្ឋាភិបាលកម្ពុជាវិញអះអាងហើយអះអាងទៀតថា ខ្លួនកំពុងធ្វើដំណើរលើផ្លូវប្រជាធិបតេយ្យដូចដែលអ្វីបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ។ ចំពោះបញ្ហាមូលដ្ឋានសមុទ្ររាម សម្តេចតេជោ ហ៊ុនសែន និងសម្តេចពិជ័យសេនា ទៀ បាញ់ បានឆ្លើយតបជាច្រើនដងថា កម្ពុជាមិនអនុញ្ញាតអោយមានវត្តមានកងទ័ពបរទេសរួមទាំង កងទ័បចិននៅកម្ពុជាឡើយ ។ ដោយផ្អែកលើអំណះអំណាងទាំងអស់នេះ គេយល់ថា ប្រទេសអាមេរិក និងប្រទេសកម្ពុជាកំពុងនិយាយភាសាពីរផ្ទុយគ្នា ។ ភាពផ្ទុយគ្នានេះនឹងធ្វើអោយមានការលំបាកដល់ប្រទេសទាំងពីរ នៅក្នុងការធ្វើអោយប្រសើរឡើងទំនាក់ទំនងរវាងប្រទេសកម្ពុជាជាមួយប្រទេសអាមេរិក ។
![Picture]()
កម្ពុជាបានព្យាយាមជាច្រើន ដើម្បីលាងជម្រះការសង្ស័យរបស់អាមេរិកដែលព្រួយបាម្ភថាមានវត្តមានកងទ័ពចិននៅមូលដ្ឋានរាម ។ ក្នុងចំណោមកិច្ចប្រឹងប្រែងទាំងអស់នោះក៏មានការអនុញ្ញាតអោយសេនានុព័ន្ធ យោធាស្ថានទូតអាមេរិកនៅកម្ពុជាធ្វើទស្សនកិច្ចទៅកាន់មូលដ្ឋានសមុទ្ររៀមផងដែរ ។ ការអនុញ្ញាត អោយមានដំណើរទស្សនកិច្ចនោះគឺជាកិច្ចប្រឹងប្រែងរបស់កម្ពុជា ដើម្បីលាងជម្រះការសង្ស័យរបស់អាមេរិក ។
![Picture]()
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយចុះអាមេរិកនៅតែមិនអស់ចិត្តដោយនិយាយថា ខ្លួនត្រូវការអោយមានការអនុញ្ញាតទស្សកិច្ចពេញលេញទាំងអស់នៅមូលដ្ឋានរាម ។ ដូច្នេះការមិនទុកចិត្តគ្នារវាងប្រទេសកម្ពុជា និងប្រទេសអាមេរិក បានក្លាយជាឧបសគ្គដល់កិច្ចប្រឹងប្រែង ដើម្បីធ្វើអោយប្រសើរឡើងវិញនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ ។ ឥឡូវនេះ រដ្ឋមន្ត្រីការបរទេសអាមេរិកមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធពីថ្ងៃទី៣ ដល់ទី៥ ខែសីហានេះ ។ ក្រៅពីនេះ លោកនឹងជួបសម្តេចតេជោហ៊ុន សែន និងលោកប្រាក់ សុខុនផងដែរ ។
![Picture]()
បើយោងទៅតាមសេចក្តីប្រកាសព័ត៌មាននៅលើវេបសាយក្រសួងការបទេសអាមេរិកនោះ លោក រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកនឹងបន្តលើកឡើងការព្រួយបារម្ភរបស់ខ្លួនចំពោះវត្តមានទ័ពចិននៅសមុទ្ររាម ព្រមទាំងនឹងស្នើផងដែរដល់កម្ពុជាអោយធ្វើអោយប្រសើរឡើងវិញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ។
ជាទូទៅការជួបពិភាក្សាគ្នាដោយផ្ទាល់នឹងជួយបង្កើនការទុកចិត្តគ្នារវាងប្រទេសទាំងពីរតាមរយៈការសន្ទនាដ៏ស្មោះត្រង់ ដើម្បីអោយមានការយោគយល់គ្នាទៅវិញទៅមក។ ដរាបណាប្រទេសទាំងពីរមិនយល់ចិត្តគ្នាទេនោះ កិច្ចប្រឹងប្រែងនៃការស្តារឡើងវិញទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកនឹងស្ថិតនៅលើផ្លូវដ៏វែងឆ្ងាយមួយ ៕
![Picture]()
ចែករំលែកព័តមាននេះ