ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន ប្តេជ្ញាបន្តជួយជំរុញឱ្យមានការដាក់​ទុន​វិនិយោគ និងការផ្តល់ជំនួយនានាបន្ថែមទៀត មកកម្ពុជា រួមទាំងខាងវិស័យការពារជាតិ

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ប្រមុខការទូតចិន បានប្រកាស​ប្តេជ្ញា បន្តជួយជំរុញឱ្យមានការដាក់ទុនវិនិយោគ និងការផ្តល់ជំនួយនានាបន្ថែមទៀត មកកម្ពុជា រួមទាំងខាងវិស័យការពារជាតិ។ ប្រមុខការទូតចិន លោក វ៉ាង…

ភ្នំពេញ៖ ប្រមុខការទូតចិន បានប្រកាស​ប្តេជ្ញា បន្តជួយជំរុញឱ្យមានការដាក់ទុនវិនិយោគ និងការផ្តល់ជំនួយនានាបន្ថែមទៀត មកកម្ពុជា រួមទាំងខាងវិស័យការពារជាតិ។

ប្រមុខការទូតចិន លោក វ៉ាង យី បានលើកឡើងដូច្នេះ ក្នុងពេលលោក ចូលជួបពិភាក្សាការងារ​ជាមួយ​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នារសៀលថ្ងៃទី៣ ខែសីហា ខណៈពេលដែលលោក កំពុងមានវត្តមាននៅរាជធានីភ្នំពេញ ដើម្បីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ ជាមួយ​រដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ថ្លែងក្នុងកិច្ចជំនួបនេះ លោក វ៉ាង យី បានធ្វើការកោតសរសើរ និងគាំទ្រដល់ការអភិវឌ្ឍរីកចម្រើន​របស់ប្រទេសកម្ពុជា ព្រមទាំងបានធ្វើការអបអរសាទរចំពោះដំណើរការនៃការបោះឆ្នោត​ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានប្រព្រឹត្តទៅដោយរលូននៅក្នុងខែមិថុនាកន្លងមកនេះ ស្របតាមគោលការណ៍ប្រជាធិបតេយ្យ និងប្រកបដោយបរិយាកាសសុខសន្តិភាព។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា ដែលបានទទួលជោគជ័យដ៏លើសលប់ ហើយលោក​សង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តដឹកនាំប្រទេសកម្ពុជា ឱ្យបានរីកចម្រើនរុងរឿងយូរអង្វែងតទៅមុខទៀត។

លោក វ៉ាង យី ក៏បានប្តេជ្ញាបន្តជួយជំរុញឱ្យមានការដាក់ទុនវិនិយោគ និងការផ្តល់ជំនួយនានា​បន្ថែមទៀតមកកាន់ប្រទេសកម្ពុជា រួមទាំងខាងវិស័យការពារជាតិផងដែរ។

ជាការឆ្លើយតប លោក​ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការជួយ​ឧបត្ថម្ភ​គាំទ្រពីភាគីមិត្តចិន រាប់ចាប់តាំងពីប្រទេសទាំងពីរមានចំណងការទូតផ្លូវការជាមួយគ្នា​អស់រយៈពេល ៦៤ ឆ្នាំហើយ គិតត្រឹមឆ្នាំ២០២២នេះ។ ទន្ទឹមនឹងនេះផងដែរ ប្រទេសទាំងពីរ ក៏មានទស្សនវិស័យដូចគ្នា ពោលគឺ (១) ការការពារសុខសន្តិភាព ស្ថិរភាពផ្ទៃក្នុងប្រទេស ដើម្បីភាពចម្រុងចម្រើនសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ និង (២) ការការពារសុខសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ និងសាកលលោក។

ជាចុងក្រោយ លោក​ មេបញ្ជាការកងទ័ពជើងគោក ក៏បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋ​ប្រជាមានិតចិន ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អជិតស្និទ្ធរវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ និងសូមគាំទ្រចំពោះទិសដៅទៅមុខរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងគ្រប់ជ្រុងជ្រោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ