ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ត្រូវ​ចាប់ខ្លួន ម្នាក់​រត់​រួច ក្រោយ​ធ្វើ​សកម្មភាព​យក​លុយ​ជាង​៩​ពាន់​បាត

1 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ជនសង្ស័យ​ចំនួន​២​នាក់ និង​ម៉ូតូ​១​គ្រឿង​ដែល​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ ពេល​នេះ​ត្រូវ​បាន​ចាប់ខ្លួន

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់ និង​ម៉ូតូ​១​គ្រឿង​ដែល​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​នោះ ពេល​នេះ​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ហើយ នៅ​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០២២​នេះ​។

បើ​តាម​លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ជនសង្ស័យ​២​នាក់​នេះ មាន​៖ ១-​ឈ្មោះ ហេង ប៊ុ​ន​ធាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ ២-​ឈ្មោះ នេ​ត ស៊ី ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ប្រជា​ធម្ម​លិច សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ កាលពី​ថ្ងៃ​ទី​០១ ខែសីហា ឆ្នាំ​២០២២ នៅ​តាម​ផ្លូវ​ចំណុច​ទំនប់​ដីស ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត មាន​ករណី​ឆក់​កាបូប​លុយ​ជន​រង​គ្រោះ​បាន​ហើយ​រត់គេច​ខ្លួន​បាត់ ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ព័ត៌មាន​ភ្លាម ក៏​បាន​ធ្វើការ​ស្រាវជ្រាវ រហូត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​២​នាក់ រួម​នឹង​ម៉ូតូ​១​គ្រឿង​ដែល​ធ្វើ​សកម្មភាព និង​កាបូប​របស់​ជន​រង​គ្រោះ​ចំនួន​១​ផង​ដែរ ដែល​មាន​លុយ​ចំនួន​៩.២០០​បាត ក្រោយ​ពេល​ធ្វើ​សកម្មភាព​ភ្លាម​ៗ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់​ថា ក្រោយ​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​វត្ថុ​តាង សមត្ថកិច្ច​ក៏​បាន​បញ្ជូន​មក​សាកសួរ​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ហើយ​តាម​ចម្លើយ​សារភាព គឺ​ជនសង្ស័យ​ដែល​ធ្វើ​សកម្មភាព​ឆក់​ចំនួន​៣​នាក់ និង​ម៉ូតូ​១​គ្រឿង លុះ​ក្រោយ​ពេល​ឆក់​ហើយ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់ ចំណែក​ម្នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​សាកសួរ រួច​លុយ​ត្រូវ​បាន​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ