ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​សីដក់ និង​ឈិ​ន​ឡូ​ន​កម្ពុជា នឹង​ទៅ​ហាត់​នៅ​២​ប្រទេស​ផ្សេង​គ្នា​រយៈពេល​វែង​ត្រៀម​ស៊ី​ហ្គេ​ម​២០២៣

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​សីដក់ និង​ឈិ​ន​ឡូ​ន​កម្ពុជា នឹង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​សីដក់ និង​ឈិ​ន​ឡូ​ន​កម្ពុជា នឹង​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស​នា​ខែសីហា ឆ្នាំ​២០២២ ក្នុង​រយៈពេល​វែង​ដើម្បី​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​។

ក្រុម​សីដក់ និង​ឈិ​ន​ឡូ​ន​ជម្រើសជាតិ​កម្ពុជា​ទើបតែ​បញ្ចប់​ភារកិច្ច​នៅ​ប្រទេស​ថៃ ដោយ​ដណ្ដើម​បាន​មេដាយ​ចំនួន​៣​គ្រឿង​គឺ​ប្រាក់​២ និង​សំរឹទ្ធ​១​ពី​ព្រឹត្តិការណ៍ King Cup World Championship ដែល​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២២ ។ យ៉ាងណា​ក្រោយ​ពេល​បញ្ចប់​ភារកិច្ច​នេះ ក្រុម​សីដក់ និង​ឈិ​ន​ឡូ​ន​កម្ពុជា ត្រូវ​វិល​ត្រឡប់​មក​ទឹកដី​កំណើត​វិញ​នា​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០២២ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត​កីឡា​ជាតិ​។

ក្រោយ​ពេល​បញ្ចប់​ការ​ប្រកួត​កីឡា​ជាតិ ក្រុម​សីដក់ និង​ឈិ​ន​ឡូ​ន​កម្ពុជា​នឹង​ចេញ​ទៅ​ហាត់​នៅ​ប្រទេស​ថៃ រួច​បន្ត​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​បន្ថែម​ទៀត ។ ការ​ហ្វឹកហាត់​នេះ​រហូត​ជិត​ដល់​ស៊ី​ហ្គេ​ម​២០២៣​ទើប​ត្រឡប់​មក​វិញ ពីព្រោះ​ដើម្បី​ឲ្យ​កីឡាករ​-​កីឡាការិនី​ប្រាកដ​ច្បាស់​ថា នឹង​យក​មេដាយ​ជូន​ជាតិ​ឲ្យ​បាន​សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​។

លោក ជាតិ ខេមរា គ្រូបង្វឹក​ក្រុមកីឡា​សីដក់ និង​ឈិ​ន​ឡូ​ន​កម្ពុជា បាន​ប្រាប់​ថា ៖«​យើង​ត្រឡប់​ទៅ​វិញ​សិន ដើម្បី​បំពេញ​ឯកសារ​មក​ហាត់​នៅ​ថៃ ហើយនឹង​ទៅ​វិញ​ពេល​ប្រកួត​កីឡា​ជាតិ​ខែ​១១ ។ យើង​នឹង​បន្ត​ចេញ​ទៅ​ហាត់​នៅ​មី​យ៉ា​ន់​ម៉ា​ទៀត​។ សម្រាប់​ការ​ហ្វឹកហាត់​នេះ យើង​នឹង​ហាត់​នៅ​មី​យ៉ា​ន់
ម៉ា​រហូត​ដល់​កៀក​ស៊ី​ហ្គេ​ម​២០២៣​ទើប​យើង​មក​ខ្មែរ​វិញ​»​។

លោក​បន្ថែម​ថា បើ​មើល​សមត្ថភាព​កីឡាករ កីឡាការិនី​នៅ​មាន​ចំណុច​ខ្វះខាត​ខ្លះ​ៗ​។ ពិសេស​គឺ​អារម្មណ៍​ក្នុង​ពេល​ប្រកួត ដែល​ទាមទារ​ឲ្យ​ក្រុមការងារ​ដាច់ខាត​ត្រូវ​តែ​ពង្រឹង ពីព្រោះ​កន្លង​មក​ក្រុមការងារ​សិក្សា​មើលទៅ​ពេល​ប្រកួត កីឡាករ កីឡាការិនី​ហាក់​នៅ​ភ័យ​ខ្លាច​នៅឡើយ ។ ដូច្នេះ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​ដែល​បាន​កំណត់(​ហោច​ណាស់​មេដាយមាស​១​ឬ​២​គ្រឿង​) សម្រាប់​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ។ ក្រុម​ស៊ី​ដក់​បាន​ដាក់ចិត្ត​កាយ​ក្នុង​ការ​ហ្វឹកហាត់ ពិសេស​នោះ​គឺ​សម្លឹង​មើល​ការ​ហ្វឹកហាត់​ក្រៅប្រទេស​ឲ្យ​បាន​យូរអង្វែង​។ លោក​គិត​ថា បើ​ហាត់​នៅ​ប្រទេស​ខ្លាំង​ៗ​ខាង​ផ្នែក​វិស័យ​កីឡា​នេះ កម្ពុជា​ពិតជា​អាច​សម្រេច​គោលដៅ​បាន​ជាក់​ជា​មិន​ខាន​។

ជុំវិញ​ការ​ទៅ​ហាត់​រយៈពេល​វែង​នេះ លោក ជាតិ ខេមរា បាន​សង្កត់ធ្ងន់​ថា កន្លង​មក​ក្រុម​កីឡាករ កីឡាការិនី​កម្ពុជា​ធ្លាប់​បាន​ចេញ​ទៅ​ហាត់​នៅ​ក្រៅប្រទេស​រយៈពេល​៣​ខែ​រួច​មក​ហើយ ក្នុង​ការ​ត្រៀម​ការ​ប្រកួត​ព្រឹត្តិការណ៍​ផ្សេង​ៗ ។ ប៉ុន្តែ​លោក​សង្កេត​ឃើញ​ថា ការ​ហ្វឹកហាត់​ត្រឹម​៣​ខែ​កីឡាករ កីឡាការិនី​នៅ​មាន​ភាព​ស្រពេចស្រពិល​ទើប​លើក​នេះ​លោក​សម្រេច​ចេញ​ទៅ​ហាត់​រយៈពេល​វែង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ