សូមជួយ​សង្គ្រោះផង ! គំនូរ​បុរាណ និង​សាលា​ធម្មសភា​ វត្ត​កំពង់​ត្រឡាច​លើ​ ទ្រុឌទ្រោម​ខ្លាំង​ណាស់


ខេត្ដកំពង់ឆ្នាំង ៖ វត្ត​ពោធិ​រុក្ខ​រាម ហៅ​វត្ត​កំពង់ត្រឡាច​លើ ស្ថិត​ក្នុងភូមិ​កំពង់ត្រឡាច​លើ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង គឺជា​វត្តមាន​វ័យ​ចំណាស់​ជាងគេ​ក្នុង​ចំណោម​វត្ត​ជា​ច្រើន​ក្នុង​ខេត្ត ។ វត្ត​នេះ​បន្សល់​ទុក​គំនូរ​បុរាណ​នៅ​លើ​ជញ្ជាំង និង​ដំបូល​ព្រះ​វិហារ តែ​ខូចខាត​អស់​មួយ​ចំនួន​ដោយសារ​ធម្មជាតិ និង​ដោយសារ​ជំនាន់​ប៉ុ​ល​ពត គេ​យក​ព្រះ​វិហារ​ធ្វើ​ជា​ឃ្លាំង​ដាក់​អំបិល និង​កន្លែង​ស្លថ្នាំ ។

ចំណែក​សាលា​ធម្មសភា មួយ​ខ្នង​រង​ការ​ខូចខាត​ស្ទើរតែ​ដួល​រលំ​ដោយសារ​វ័យ​ចំណាស់ ។ ដោយសារ​តែ​មរតក និង​ជា​បេតិកភណ្ឌ​ជាតិ​ដ៏​មាន​តម្លៃ​កំពុង​ឈាន​ទៅ​រក​ភាព​បាត់បង់​នេះ​ហើយ ទើប​ព្រះ​គ្រូ​ចៅអធិការ​វត្ត និង​គណៈកម្មការ​វត្ត​អំពាវនាវ​ជា​ថ្មី​ទៀត​ដល់​សប្បុរសជន ក្រសួង​ពាក់​ព័​ន្ឋ​ជួយ​ជុស​ជុល ។

ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រះ​នាម​ម៉ែ​ន តុ​ត មាន​សង្ឃដីការ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា សព្វ​ថ្ងៃនេះ​គំនូរ​បុរាណ​ក្នុង​ព្រះ​វិហារ​វត្ត​លើ​ជញ្ជាំង​ផ្នែក​ខាងត្បូង​ខូចខាត​ខ្លាំង​ជាងគេ រលុប​ស្ទើរ​មើល​លែង​ឃើញ​ទៅ​ហើយ ចំណែក​ខាងជើង និង​ខាង​មុខ ខាងក្រោយ​នៅ​អាច​មើល​ខ្លះ ។ ការ​ខូចខាត​នេះ​ដោយសារ​តែ​ដំបូល​ព្រះ​វិហារ​លេច​ទឹក​ហូរ​ស្រក់​លើ​ផ្ទាំងគំនូរ​បណ្តាល​ឱ្យ​ខូចខាត ។ មួយ​ផ្នែក​ទៀត គឺ​ដោយសារ​សម័យ​ប៉ុ​ល​ពត យក​ព្រះ​វិហារ​នេះ​ទៅ​ធ្វើ​ជា​ឃ្លាំង​ដាក់​អំបិល ក្រោយមក​ធ្វើ​ជា​កន្លែង​ស្លថ្នាំ និង​ធ្វើ​ជា​កន្លែង​ឃុំឃាំង​មនុស្ស ។

ចំណែក​សាលា​ធម្មសភា សម័យ​ប៉ុ​ល​ពត​ត្រូវ​គេ​យក​ធ្វើ​ជា​កន្លែង​ដាក់​ស្រូវ ។ បច្ចុប្បន្ន​ទ្រុឌ ទ្រោម​ខ្លាំង ហើយ​បើ​គ្មាន​ការ​ជួសជុល​ទេ ថ្ងៃ​ណាមួយ​សាលា​ធម្មសភា​នឹង​រលំ​មិន​ខាន ។

ព្រះ​គ្រូ​ចៅអធិការ​វត្ត​បន្ត​ថា ចំពោះ​គំនូរ បុរាណ​លើ​ជញ្ជាំង​ព្រះ​វិហារ គឺ​មាន​លក្ខណៈ​ល្អ​ណាស់​ស្ទើរ​គ្មាន​ពីរ​ក្នុង​ប្រទេស​កម្ពុជា​យើង ។ គំនូរ​បែប​នេះ​មាននៅ​ព្រះ​បរមរាជវាំង​ស្រ​ដៀង​គ្នា​ដែរ អាច​ជាង​តែ​មួយ ឬ​ជំនាន់​ដូច​គ្នា ។ តាម​ដែល​ព្រះ​អង្គ​យល់ គំនូរ​ក្នុង​ព្រះ​វិហារ​មាន​៤​ផ្នែក​ខុស​គ្នា គឺ ទី​១ រឿង​រាម​កេ​រិ៍្ត​, ទី​២​ផ្នែក ជាតក​, ទី​៣​ផ្នែក​វប្បធម៌ និង​ទី​៤ ពុ​ទ្ឋ​ប្រវត្តិ ។

ព្រះ​គ្រូ​ចៅអធិការ និង​លោកតា​ប៉ា​ល់ សា​វឿ​ន អនុប្រធាន​គណៈកម្មការ​វត្ត​កំពង់ត្រឡាច​លើ សំណូមពរ​ដល់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ឱ្យ​ជួយ​កែ​លំអ ឬ​អាច​គូរ​បន្ថែម​លើ​គំនូរ​នោះ និង​ជួយ​ជួសជុល​សាលា​ធម្មសភា ដែល​កំពុង​ទ្រុឌទ្រោម​ផង ព្រោះ​វា​អាច​នឹង​រលំ​ថ្ងៃ​ណាមួយ​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស។

លោក​សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង​ឱ្យ​ដឹង​ថា​គំនូរ​បុរាណ​លើ​ជញ្ជាំង​ព្រះ​វិហារ ក្នុង​វត្ត​កំពង់ត្រឡាច​លើ គឺ​ក្នុង​សតវត្ស​ទី​១៦ ។ គំនូរ​នេះ​រៀបរាប់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​សម័យ​នោះ ដូច​ប្រាសាទបាយ័ន​ដែរ ។ គំនូរ​បង្ហាញ​ពី​ការ បោកចំបាប់ ល្ខោន សៀ​ក ជល់​មាន់ ប្រណាំង​រទេះគោ មាន​ស្តេច មាន​ព្រះសង្ឃ និង​មាន អ្វី​ៗ​គ្រប់​បែប​យ៉ាង ដែល​បញ្ជាក់​ពី​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​សម័យ​នោះ ។

លោក​ប្រធាន​មន្ទីរ​វប្បធម៌​និង​វិ​ចិ​ត្យ​សិល្បៈ​ថ្លែង​ថា «​ចំពោះ​ការ​ស្នើ​សុំ​គូរ​ជួស​លើ​គំនូរ​ឡើង​វិញ​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ព្រោះ​នឹង​ធ្វើ​ឱ្យ​បាត់​គំនូរ​ចាស់​បុរាណ ដល់​ពេល​នោះ​វា​នឹង​លែង​មាន​តម្លៃ ហើយ​វា​លែង​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​ទៀត​ហើយ ។ ដើម្បី​រក្សា​វា​បាន គេ​អាច​កៀប​ជញ្ជាំង​ឡើង​វិញ​ឱ្យ​រឹង ឬ​បាញ់ថ្នាំ ព្រោះ​ជញ្ជាំង​ធ្វើ​ពី​បាយអ ។

ដោយឡែក សាលា​ធម្មសភា រដ្ឋមន្ត្រីក្រសួង វប្បធម៌ បាន​អនុញ្ញាត​ច្បាប់​ហើយ ឱ្យ​ជួសជុល​ឡើង​វិញ​បាន តែ​ពេល​ជួសជុល​ត្រូវ​សហការ​ជាមួយ​មន្ទីរ​ប្ប​ធម៌​ដើម្បី​ពិនិត្យ ក្នុង​ពេល​ដំណើរការ​ជួសជុល​ឱ្យទៅ​តាម​លំនាំ​ដើម​បុរាណ ។

ការ​សុំ​ជួសជុល​សាលា​ធម្មសភា​នេះ គឺ​មានច្បាប់​ហើយ តែ​សំខាន់​គឺ​ត្រង់​វត្តមាន​ប្រាក់​ដែរ ឬ​អត់ ខាង​មន្ទីរ​ចាំតែ​ត្រួតពិនិត្យ​ប៉ុណ្ណោះ​» ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ