ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​កន្ទេល​ធំ​បន្លំ​ដេក ត្រូវ​បាន​កម្ទេច​ចោល​ហើយ​នៅ​ខេត្តស្ទឹងត្រែង

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ក្រោយ​ពី​ការ​ផ្សាយ​លើ​គេហទំព័​រវេ​ប​សាយ និង​កាសែត​កោះសន្តិភាព ពាក់ព័ន្ធ​ទីតាំង​គោលដៅ​ស្ទាក់​កាក់​រថយន្ត​អោយ​បង់លុយ​ភាស៊ី​បេនឡាន​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ចំណុច​អូរ​ពង់​មាន់ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​

ខេត្តស្ទឹងត្រែង ៖ ក្រោយ​ពី​ការ​ផ្សាយ​លើ​គេហទំព័​រវេ​ប​សាយ និង​កាសែត​កោះសន្តិភាព ពាក់ព័ន្ធ​ទីតាំង​​គោលដៅ​ស្ទាក់​កាក់​រថយន្ត​អោយ​បង់លុយ​ភាស៊ី​បេនឡាន​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ចំណុច​អូរ​ពង់​មាន់ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ ពី​ក្រុង​ស្ទឹង​ត្រែង​នោះ ពេល​នេះ​មាន​ប្រតិកម្ម​ខ្លាំង​ៗ​ទៅ​ដល់​អាជ្ញាធរ​ខេត្ត ដោយសារ​តែ​ធ្វើ​លើស​ពី​ផ្លូវច្បាប់​រយៈពេល​យូរ​ឆ្នាំ​មក​ហើយ​។

ក្រោយ​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​២៧ និង​ចេញ​នូវ​ទំព័រ​កាសែត​កោះសន្តិភាព​នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​ក្រោយ​ការ​ចង្អុលបង្ហាញ​ពី​លោក​អភិ​បាលខេត្ត បាន​ចេញ​លិខិត​បំភ្លឺ​មួយ​ជូន​សារ​ធារ​ណ​ជន​បាន​ជ្រាប​ជា​ព័ត៌មាន​ស្តី​ពី​ច្បាប់​ដេញថ្លៃ​ភាស៊ី និង​គោលការណ៍​មួយ​ចំនួន​។ បន្ទាប់​ការ​ចេញ​លិខិត​បំភ្លឺ​របស់​រដ្ឋបាល​ខេត្ត​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ ភ្លាម​ៗ នា​ល្ងាច​ថ្ងៃ​ដដែល​នេះ​ដែរ គោលដៅ​ទីតាំង​នោះ ត្រូវ​បាន​ដក​ចេញ​ដូច​ដក​ស្ពៃ ដោយ​ពុំ​មានការ​រាំងស្ទះ​រំខាន​ដល់​រថយន្ត​គ្រប់​ប្រភេទ​តាម​ដងផ្លូវ​នោះ​ទៀត​ទេ ។

ទាក់ទិន​ករណី​ខាងលើ​នេះ ក្រុម​ម្ចាស់​យានយន្ត​ធ្វើ​អាជីវកម្ម​តាម​ដងផ្លូវ​មានការ​គាំទ្រ​ពេញទំហឹង​នូវ​ចំណាត់ការ​របស់​លោក​អភិបាលខេត្ត ដែល​ចេញ​បទបញ្ជា​អោយ​ស្រាវជ្រាវ​ត្រួតពិនិត្យ​ភ្លាម តប​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន​កោះសន្តិភាព ដើម្បី​ចែករំលែក​ការ​សម្រួល​ដល់​បងប្អូន​ម្ចាស់​រថយន្ត​អាជីវកម្ម​លើ​ដងផ្លូវ​ខាងលើ​។ ខាងក្រោម​នេះ ជា​ខ្លឹមសារ​ទាំងស្រុង​របស់​រដ្ឋបាល​ខេត្តស្ទឹងត្រែង ៖

លិខិត​បំភ្លឺ យោង​តាម​ការ​ចុះ​ផ្សាយ​លើ​បណ្តាញសារព័ត៌មាន «​កោះសន្តិភាព​» កាលពី​ថ្ងៃ​ទី​២៧ ខែកក្កដា ឆ្នាំ​២០២២ ស្តី​ពី​ករណី​ជន​ស៊ី​វិល​ដាក់​គោលដៅ​ទារ​លុយ​ឡាន​តាម​ផ្លូវខុស​ពី​ច្បាប់​កំណត់​។ រដ្ឋ​បាល​ខេត្តស្ទឹងត្រែង សូម​បំភ្លឺ​ជូន​បងប្អូន​សាធារណជន និង​អ្នក​សារព័ត៌មាន​ទាំងអស់​ជ្រាប​ថា ៖ កន្លង​មក រដ្ឋបាល​ខេត្តស្ទឹងត្រែង មាន​គោលការណ៍​ដាក់​ឲ្យ​ដេញថ្លៃ​ចំណតរថយន្ត​ក្រុង​ស្ទឹង​ត្រែង​ប្រចាំឆ្នាំ ដើម្បី​ប្រមូល​ភាស៊ី​បង់​ចំណូល​ចូល​ថវិការ​រដ្ឋ និង​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​ភាស៊ី​ប្រមូល​ថ្លៃ​ភាស៊ី​ចំពោះតែ​រថយន្ត ដែល​កំពុង​ធ្វើ​អាជីវកម្ម​ដឹក​អ្នកដំណើរ រថយន្ត​ក្រុមហ៊ុន​ដឹក​ភ្ញៀវ​ទេសចរ និង​រថយន្ត​ដឹក​ទំនិញ​ដែល​ត្រូវ​ចូល​ចំណត ដើម្បី​បង់​ភាស៊ី​ចំណតរថយន្ត​ដែល​ចូល​គោលដៅ​ចំណតរថយន្ត​ក្រុង​ស្ទឹង​ត្រែង​តែ​ប៉ុណ្ណោះ​។

រដ្ឋបាល​ខេត្តស្ទឹងត្រែង មិន​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​ភាស៊ី​ប្រមូល​ថ្លៃ​ភាស៊ី​លើ​ដងផ្លូវ​ជាតិ​លេខ​៧ ឬ​ផ្លូវជាតិ​នានា ដើម្បី​ប្រមូល​ថ្លៃ​ភាស៊ី​ធ្វើ​ឲ្យ​ប៉ះពាល់​ចំពោះ​រថយន្ត​ដែល​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ឡើយ​។

ករណី​នេះ ប្រសិនបើ​ម្ចាស់​ភាស៊ី​អនុវត្ត​ផ្ទុយ​ពី​គោលការណ៍​របស់​ខេត្ត ដូច​ការ​ផ្សាយ​ខាងលើ រដ្ឋបាល​ខេត្ត​ពិនិត្យ ស្រាវជ្រាវ និង​ចាត់វិធានការ​ចំពោះ​ការ​អនុវត្ត​ខុសច្បាប់​ទាំងនោះ​។ រដ្ឋបាល​ខេត្តស្ទឹង​ត្រែង រីករាយ​នឹង​ទទួលយក​រាល់​ការ​ផ្ដល់​ព័ត៌មាន​ចំពោះ​ភាព​មិន​ប្រក្រតី​ណាមួយ ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ គ្រប់ពេលវេលា​។ អាស្រ័យ​ហេតុនេះ សូម​បងប្អូន​សាធារណជន និង​អ្នក​សារព័ត៌មាន​ទាំងអស់ ជ្រាប​ជា​ព័ត៌មាន​។

តាម​ពិនិត្យ​ជាក់ស្តែង ទីតាំង​ប្រមូល​ភាស៊ី​នៅ​ឆ្ងាយ​ពី​ក្រុង​ស្ទឹង​ត្រែង ប្រមាណ​ជាង​១០​គីឡូម៉ែត្រ​នេះ ត្រូវ​អភិបាលខេត្ត​ក្រហម​មុខ​ដក​គ្រវែង​ចោល​បាត់​ទៅ​ហើយ ។ ប៉ុន្តែ​មុន​ដក​គ្រវែង​ចោល ថៅកែ​ភាស៊ី​អ្នកស្រី ស៊ី សុវណ្ណ​នី បាន​ប្រមូលប្រាក់​រាប់​ឆ្នាំ​មក​ហើយ ច្រាសច្រំ​ដោយ​សុវត្ថិភាព អត់​មាន​រំខាន​អាជ្ញា​ធរ​ខេត្ត​ឡើយ ។ ទើបតែ​កោះសន្តិភាព​ទទួល​បានការ​រិះគន់​ពី​ក្រុម​រថយន្ត​ដឹក​ជញ្ជូន​យក​មក​ចុះ​ផ្សាយ ទើប​ធ្វើ​ឱ្យ​បែកឆ្នាំង​បាយ​អ្នកស្រី សុវណ្ណ​នី ដ៏​មហិមា​នេះ​យ៉ាង​ឆាប់​ដែរ ។

សកម្មភាព​ដ៏​អាក្រក់​នេះ គេ​ឱ្យឈ្មោះ​ថា «​កន្ទេល​ធំ​បន្លំ​ដេក​» ឬ «​បាន​បឹង​បង់សំណាញ់ ហក់​ទៅ​បង់​ដល់​ទន្លេ​» ដែល​ធ្វើ​ឱ្យ​ខូច​អស់​គោលនយោបាយ​ល្អ​របស់​បក្ស​កាន់​អំណាច ។

ចាំ​មើល តើ​អភិបាលខេត្ត​បញ្ជូន​សំណុំរឿង​អាក្រក់​នេះ​ទៅ​តុលាការ​ដែរ​ឬ​ក៏​អត់? ដែល​កោះសន្តិភាព​រង់ចាំ​មើល និង​ផ្សាយ​បន្ត​នៅ​ពេល​ក្រោយ​ទៀត ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ