ខេត្តកែប ៖ ជារៀងរាល់ឆ្នាំខេត្តកែប តែងតែរៀបចំពិធីអបអរទទួលឆ្នាំថ្មីឆ្នាំសាកលដោយបង្កើតបរិយាការសប្បាយរីករាយមានប្រគំតន្ត្រី ការតាំងពិពរ័ណ៍ស្តង់លក់ផលិតផលក្នុងស្រុក និងប្រណាំងទូកជាដើម ។
លោកសោម ពិសិដ្ឋ អភិបាលរងខេត្តកែបឱ្យដឹងថា បុណ្យឆ្លងឆ្នាំសាកលរៀបចំរយៈពេល៣ថ្ងៃចាប់ផ្ដើមពីថ្ងៃទី៣០ធ្នូ រហូតដល់ថ្ងៃទី១ មករា ២០១៧ ។ ការបង្កើតកម្មវិធីបុណ្យឆ្លងឆ្នាំនេះ ខេត្តកែបធ្វើរយៈពេល៩ឆ្នាំមកហើយ ។ ចំពោះការប្រណាំងទូកថ្ងៃទី៣១ ខែធ្នូ២០១៦មានទូកប្រភេទផ្កាចារចូលរួមចំនួន៣៦ទូក ស្មើ១៨គូ មានកីឡាក២៣៦នាក់ ។
ទូកដែលទទួលជ័យលាភីលេខ១ទទួលបានប្រាក់រង្វាន់៣០មឺុនរៀល និងអាវយឺត១០ ។ ទូកចំណាត់ថ្នាក់លេខ២ ទទួលបានប្រាក់២០ម៉ឺនរៀល និងអាវយឺត១០ ។ ទូកលេខ៣ ទទួលបានប្រាក់១០ម៉ឺនរៀល ។
លោកកែន សត្ថា អភិបាលខេត្តកែបមានប្រសាសន៍ថា រៀងរាល់ឆ្នាំខេត្តកែបបានធ្វើពិធីអបអរសាទបុណ្យឆ្លងឆ្នាំសាកលដោយមានប្រណាំងទូកផ្កាចារ និងប្រគំតន្ត្រី ។ ការបង្កើតកម្មពិធីនេះបង្កឱ្យមានភាពសប្បាយរីករាយ និងលើកកម្ពស់លើវិស័យទេសចរណ៍ផង ស្របពេលប្រទេសជាតិមានសន្តិភាព និងការរីកចម្រើនក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបេតីតេជោហ៊ុន សែន ។
លោកកែន សត្ថា អភិបាលខេត្តថ្លែងថា នៅឆ្នាំក្រោយទាំងមន្ត្រីរាជការគ្រប់មន្ទីរស្ថាប័ន ផ្សេងៗត្រូវបន្តចូលរួមទៀត ។ ចំណែកកីឡាករទាំងអ្នកចាញ់ទាំងអ្នកឈ្នះបន្តប្រឹងប្រែងដើម្បីលើកកម្ពស់ទាក់ទាញអ្នកទេសចរជាតិនិងអន្តរជាតិទៅកម្សាន្តខេត្តកែបឱ្យកាន់តែច្រើនឡើង ៕
ចែករំលែកព័តមាននេះ