ខេត្តបន្ទាយមានជ័យ ៖ សំរាមកើតមានស.ក្បុសស្ទើររាល់ព្រឹក នៅលើរង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលមិនទាន់កែប្រែជាសួនច្បារដ៏ស្រស់បំព្រោង ដូចក្នុងគម្រោងរបស់ក្រសួងមហាផ្ទៃដែលណែនាំកន្លងមក ក្រោយរើកម្ទេចទម្រប្រាសាទសួគ៌ដែលកសាងឡើងក្នុងសម័យលោកសានស៊ានហូ ជាអភិបាលក្រុងប៉ោយប៉ែត។

បញ្ហាសំរាមខាងលើនេះ អ្នកស្រុកបានរិះគន់លើអ្នកដំណើរ ពិសេស ក្រុមពលករខ្មែរដែលមុនឆ្លងទៅមកប្រទេសថៃ គឺជាអ្នកបោះចោល ។ អ្នកធ្លាប់ចេញចូលប្រទេសថៃនិយាយថា ការចោលសំរាមនៅប្រទេសគេពុំកើតមានបែបហ្នឹងទេ ហើយគ្រប់គ្នាហាក់គោរពច្បាប់ប្រទេសគេណាស់
សូម្បីកន្ទុយបារីមួយ ក៏មិនហ៊ានចោលផ្តេសផ្តាសដែរ សុខចិត្តក្តាប់ក្នុងដៃរហូតមានធុងសំរាមតាមទីសាធារណៈទើបចោល ។

អ្នកស្រុករិះគន់ថា បញ្ហានេះគួរតែខាងក្រុមហ៊ុននាំពលករចេញក្រៅប្រទេសណែនាំដល់ពលករផង ទើបពួកគេមិនចោលសំរាមផ្តេសផ្តាសតទៅទៀត ។ បញ្ហានេះ កម្មករប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រី នៅក្រុងប៉ោយប៉ែតម្នាក់និយាយថា កន្លងមកខាងក្រុមហ៊ុនខ្លួនបានប្រាប់ទៅតំណាងក្រុមហ៊ុន នាំពលករចេញចូលក្រៅប្រទេស នៅចំណុចកើតហេតុជារឿយៗ ឲ្យជួយចូលរួមរក្សាអនាម័យបរិស្ថានផង តែមកទល់ពេលនេះពលកររបស់ក្រុមហ៊ុនមួយចំនួន នៅតែចោលសំរាមយ៉ាងអនាធិបតេយ្យដដែល។

ការលើកមក សរសេរបែបនេះក្នុងន័យរិះគន់ ដើម្បីស្ថាបនាតែប៉ុណ្ណោះ មិនមែនលើកតម្កើងប្រទេសគេបន្ទោសបង្អាប់ខ្មែរគ្នាឯងនោះដែរ ។


ចែករំលែកព័តមាននេះ