ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​អាក្រក់​អ្នក​ភូមិ​នាំ​គ្នា​ជួសជុល​ក្រាល​ធាងត្នោត​រាយ​ចំបើង

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​លើ ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង បាន​នាំ​គ្នា​យក​ធាងត្នោត​និង​ចំបើង​ទៅ​ក្រាល​នៅ​លើ​ផ្លូវ​ចាស់

ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​លើ ឃុំ​មេសរ​ប្រ​ចាន់ ស្រុក​ពារាំង បាន​នាំ​គ្នា​យក​ធាងត្នោត​និង​ចំបើង​ទៅ​ក្រាល​នៅ​លើ​ផ្លូវ​ចាស់ ដែល​បច្ចុប្បន្ន​កំពុង​រង​ការ​ខូចខាត​យ៉ាង​ខ្លាំង​រហូត​មិន​អាច​ធ្វើ​ដំណើរ​ឆ្លងកាត់​បាន ។

អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា ផ្លូវលំ​ក្នុងភូមិ​របស់​ពួក​គាត់​នេះ​បាន​រង​ការ​ខូចខាត​ច្រើន​ឆ្នាំ​មក​ហើយ ពេល​មាន​ភ្លៀង​ធ្លាក់​ម្តង​ៗ តួ​ផ្លូវ​ទាំងមូល​បែកភក់ល្បាប់ ធ្វើ​ដំណើរ​ឆ្លងកាត់​មិន​បាន​ទេ គឺ​ត្រូវ​ជិះ​កង់​ម៉ូតូ​វាង​ចូល​តាម​ដី​ភូមិ ឬ​ក្រោមផ្ទះ​គេ​ទើប​អាច​ឆ្លងកាត់​ទៅ​មក​បាន ។ ជា​ពិសេស​គឺ​កូន​ៗ​ពួក​គាត់​ជា​សិស្សសាលា ទៅ​រៀន​មិន​ដែល​ទាន់​ម៉ោង​ទេ ពេល​ខ្លះ​រអិល​ដួល​ប្រឡាក់​ភក់​ទៅ​រៀន​លែង​កើត​ក៏​មាន ។ ឯ​រឿង​ដែល​សំខាន់​មួយទៀត​នោះ​គឺ នៅ​ពេល​ដល់​រដូវ​ប្រមូល​ផល​ស្រូវ​បាន​ហើយ​ត្រូវ​ដឹក​មក​ផ្ទះ ឬ​ដឹក​ទៅ​លក់​ម្តង​ៗ​វេទនា​ខ្លាំង​ណាស់ ព្រោះ​ផ្លូវ​ខូច​បើករថយន្ត​ចូល​មិន​បាន ត្រូវ​ចំណាយ​លុយ​ជួល​គោ​យន្ត​ដឹក​ជា​ច្រើន​ជើង​អស់​លុយ​យ៉ាងច្រើន ទម្រាំ​ឆ្លង​ផុត​ផ្លូវ​ភក់ល្បាប់​១​ខ្សែ​នេះ ហើយ​ពួក​គាត់​មិន​ចង់​នៅ​វេទនា​បែប​នេះ​ទៀត​ឡើយ ។

ពួក​គាត់​រៀបរាប់​ទៀត​ថា កន្លង​មក​ពួក​គាត់​ធ្លាប់​បាន​ធ្វើ​លិខិតស្នើ​សុំ​ទៅ​អាជ្ញាធរ​ឃុំ​ជា​ច្រើន​ដង​មក​ហើយ ឲ្យ​ជួយ​ជួសជុល​ផ្លូវ​នេះ​ដែល​មាន​ទទឹង​ត្រឹមតែ​៤​ម៉ែត្រ និង​បណ្តោយ​២០០​ម៉ែត្រ​ប៉ុណ្ណោះ តែ​លោក​មេឃុំ​សម្ងំ​ស្ងាត់ឈឹង​មិនឃើញ​ធ្វើ​អ្វី​សោះ សូ​ម្បី​តែ​ចុះ​ទៅ​អើត​មើល​ក៏​មិន​ទៅ​ដែរ ហេតុនេះ​ហើយ​ទើប​ពេល​នេះ​ពួក​គាត់​នាំ​គ្នា​ធ្វើការ​ជួសជុល​ដោយ​ខ្លួនឯង​តែ​ម្តងទៅ​។

ពួក​គាត់​បញ្ជាក់​ថា ការ​ជួសជុល​ផ្លូវ​នេះ​គឺ​ពួក​គាត់​នាំ​គ្នា​កាប់​ដី​ពី​ក្នុង​ស្រែ​យក​មក​ចាក់​លុប​កន្លែង​ដែល​មាន​ភក់ល្បាប់​និង​ជង្ហុក​ជ្រៅ​ៗ​ឱ្យ​ស្មើគ្នា រួច​យក​ធាងត្នោត​ស្លឹក​ត្នោត​មក​ក្រាល​ធ្វើ​បាត​ហើយ​ក្រាល​ចំបើង​ពីលើ រួច​ទើប​ដឹក​ដី​យក​មក​ចាក់​ក្រាល​ពីលើ​ចំបើង​នោះ​ទៀត ។ ការ​ធ្វើ​បែប​នេះ​ពួក​គាត់​ជឿ​ថា មិន​អាច​ជាប់​បាន​យូរ​ទេ ប៉ុន្តែ​ពួក​គាត់​គ្មាន​ជម្រើស​ឡើយ ។ ផ្លូវ​ខូច រាស្ត្រ​វេទនា បើ​អាជ្ញាធរ​មិន​គិតគូរ​មាន​តែ​រាស្ត្រ​ដោះស្រាយ​ដោយ​ខ្លួនឯង ទោះ​តាម​រូបភាព​ណា​ក៏​ដោយ ។

ដោយឡែក លោក ចែ​ម រិ​ន មេ​ភូមិ​លើ​បាន​ឲ្យ​ដឹង​ថា រឿង​ផ្លូវ​ខូច​នេះ​លោក​បាន​រាយការណ៍​ទៅ​លោក​មេឃុំ​យូរហើយ តែ​លោក​មេឃុំ​គ្មាន​ការ​ឆ្លើយ​តប​សោះ ដូច្នេះ​លោក​មិនដឹង​ធ្វើ​ម៉េច​ដែរ តែបើ​អ្នកស្រុក​នាំ​គ្នា​ធ្វើ​ដោយ​ខ្លួនឯង​ក៏​ល្អ​ដែរ យ៉ាង​ហោច​ណាស់​ក៏​បាន​ប្រើ​មួយ​រយៈពេល​ដែរ ទោះ​មិន​បាន​យូរ​ក៏​ដោយ ។

រីឯ​លោក គី​ម ហេង មេឃុំ​មេសរ​ប្រ​ចាន់​បាន​ឲ្យ​ដឹង​ថា រឿង​ផ្លូវ​ខូច​ក្នុងភូមិ​លើ​នេះ លោក​បានដឹង​ហើយ ឯ​សំណើ​របស់​ពលរដ្ឋ​លោក​ក៏​បាន​ទទួល​ដែរ តែ​រឿង​ខូច​ផ្លូវ​នេះ​វា​មិនមែន​ខូច​តែ​ភូមិ​លើ​ទេ ភូមិ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ក៏​ខូច​ដូច​គ្នា​ដែរ ។ លោក​ធ្វើ​មេឃុំ​នៅ​ឃុំ​មេសរ​ប្រ​ចាន់​ជិត​២៧​ឆ្នាំ​ហើយ រឿង​អី​ផ្លូវ​ខូច​ប៉ុណ្ណឹង​លោក​មិនដឹង ឯ​រឿង​មិន​ទាន់​បាន​ជួសជុល​គឺ​ដោយសារ​តែ​ថវិកា​ឃុំ​អស់ហើយ តែ​លោក​អាច​នឹង​ដាក់​ចូល​ក្នុង​ផែនការ​ឃុំ​សម្រាប់់​ជួសជុល​នៅ​ឆ្នាំ​ក្រោយ ៕