ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់​ភ្លាម តាម​រក​ឃើញ​វិញ​ភ្លាម ដោយសារ​ប្រព័ន្ធ GPS

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ស៊េរី​ទំនើប​២​គ្រឿង​ត្រូវ​បាន​ចោរ​កាត់​​ក្រ​វ៉ា​ក់​លួច​យក​ទៅ​បាត់​ពី​ចំណុច​គ្លីនិក មហានគរ ដែល​មា​នទី​តាំងនៅ​តាម​តាម​បណ្ដោយ​ផ្លូវ​លេខ​៤០២ …

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ស៊េរី​ទំនើប​២​គ្រឿង​ត្រូវ​បាន​ចោរ​កាត់​​ក្រ​វ៉ា​ក់​លួច​យក​ទៅ​បាត់​ពី​ចំណុច​គ្លីនិក មហានគរ ដែល​មា​នទី​តាំងនៅ​តាម​តាម​បណ្ដោយ​ផ្លូវ​លេខ​៤០២ កែង​ផ្លូវ​លេខ​១៥៥ ស្ថិត​ក្នុង​សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន តែ​សំណាងល្អ​ម៉ូតូ​១​គ្រឿង​មាន​ភ្ជាប់​ប្រព័ន្ធ GPS ម្ចាស់​ប្តឹង​សមត្ថកិច្ច​តាម​រក​ឃើញ​ម៉ូតូ​ទាំង​២​គ្រឿង​វិញ​កាលពី​វេលា​ម៉ោង​៥​ភ្លឺ ថ្ងៃ​ទី​២៨ ខែធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​រទេះភ្លើង ក្បែរ​ស្ពាន​អាកាស​៥​មក​រា ស្ថិត​ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក ។

ម៉ូតូ​ដែល​ត្រូវ​ចោរ​កាត់​សោ​ច្រវាក់​លួច​យក​ទៅ​នោះ​១​គ្រឿង​ម៉ាក MSX ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CY-6823  និង​១​គ្រឿង​ទៀត​ម៉ាក Zoomer X ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1DF-3143 ។

ប្រភព​ព័ត៌មាន​ពី​ក្មួយ​ម្ចាស់​ម៉ូតូ MSX បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជូន​ពូ​របស់​គាត់​ដែល​ជា​ម្ចាស់​ម៉ូតូ MSX បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ទៅ​ដេរ​របួស​ជើង​នៅ​គ្លីនិក​ខាងលើ ហើយ​ក៏​បាន​សម្រាក​ជាមួយ​មិត្តភក្តិ​ជា​ច្រើន​នាក់ ក្នុង​នោះ​មាន​នារី​ជា​ម្ចាស់​ម៉ូតូ Zoomer X ផង​ដែរ ដោយ​ម៉ូតូ​ទាំង​២​គ្រឿង​បាន​ចាក់សោ​ច្រវាក់​ជាមួយ​ម៉ូតូ​ជិត​១០​គ្រឿង​ទៀត​ទុក​នៅ​មុខ​គ្លីនិក ។ លុះ​ព្រឹក​ឡើង​ក្មួយ​របស់​ម្ចាស់​ម៉ូតូ MSX បាន​ចុះ​មក​ក្រោម​រក​មើល​ម៉ូតូ​មិនឃើញ​ក៏​ផ្អើល​ឆោឡោ​បើក​មើល​កាមេរ៉ា​សុវត្ថិភាព​ឃើញ​មាន​ក្រុម​ចោរ​១​ក្រុម​មាន​គ្នា​៦​នាក់​បាន​ធ្វើ​សកម្មភាព​កាត់​សោ​ច្រវាក់​ចាក់​ម៉ូតូ ហើយ​បាន​យក​ម៉ូតូ​២​គ្រឿង​ខាងលើ​ចេញ​ទៅ​បាត់ ។

ប្រភព​បាន​បន្ត​ថា ក្នុង​ចំណោម​ម៉ូតូ​ទាំង​២​គ្រឿង​នោះ មាន​ម៉ូតូ​១​គ្រឿង​បាន​ភ្ជាប់​ប្រព័ន្ធ​តាមដាន GPS ក្រោយមក​ក្មួយ​ជន​រង​គ្រោះ​បាន​បើក​ប្រព័ន្ធ GPS ដែល​ដាក់​ជាប់​ម៉ូតូ Zoomer X ឃើញ​ថា ប្រព័ន្ធ​ខាងលើ​នោះ​បាន​លោត​ដល់​ចំនុច​ថ្នល់​រទេះភ្លើង​ជិត​ស្ពាន​អាកាស​៥​មក​រា ក្រោយមក​ពួក​គាត់​ដែល​ជា​ជន​រង​គ្រោះ​បាន​មក​អង្គុយ​ចាំ​ជាមួយ​សមត្ថកិច្ច​ខណ្ឌចំការមន​២​នាក់ ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ក៏​បានឃើញ​ជនសង្ស័យ​២​នាក់​កំពុង​តែ​ជិះ​ម៉ូតូ​២​គ្រឿង​បណ្ដើរគ្នា​កាត់​ចំណុច​ដែល​ជន​រង​គ្រោះ​អង្គុយ​ចាំ ក៏​ប្រញាប់​ដេញចាប់​ជនសង្ស័យ​២​នាក់​នោះ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​នគរបាល​ខណ្ឌចំការមន​បាន​បាញ់​ឡើង​លើ​១​គ្រាប់​គំរាម​ជនសង្ស័យ តែ​ជនសង្ស័យ​ទាំង​២​នាក់​នោះ​ព្យាយាម​រត់គេច​ខ្លួន​ចូល​ទៅ​តាម​ច្រក​ភូមិ​រោងចក្រ​ឆ្នាំង​បាត់​ស្រមោល ធ្វើ​ឲ្យ​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ចូល​ទៅ​តាម ព្រោះ​ទីនោះ​ជា​តំបន់​ស្មុគស្មាញ និង​ជា​សំបុក​ជន​ទុច្ចរិត​លាក់​បំពួន​ខ្លួន​នៅ​ទីនោះ និង​ជា​សំបុក​ចែកចាយ​គ្រឿងញៀន​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ទាំង​២​គ្រឿង​នោះ​ត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទំនប់​ទឹក រង់ចាំ​ម្ចាស់​ម៉ូតូ​យក​ឯកសារ​មក​ទទួលយក​ម៉ូតូ​ត្រឡប់​ទៅ​វិញ ៕