ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​-​ម្តាយ​ស្រី​ស្អាត​ដែល​ស្លា.ប់ទម្លាយ​រឿង​ពិត​​ ខណៈ​ឃាតករ​គ្មាន​​តម្រុយ​សោះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ស្ត្រី​មេម៉ាយ​កូន​២ និង​ជា​អាជីវករ​លក់​ខោអាវ​នៅ​ផ្សារ​ធំ​ថ្មី​ទួល​សង្កែ ដែល​ត្រូវ​ប្រុស​ស្នេហ៍​ជា​មន្ត្រី​យោធា និង​ខ្លះ​ថា ជា​មន្ត្រី​កងរាជអាវុធហត្ថ …

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ស្ត្រី​មេម៉ាយ​កូន​២ និង​ជា​អាជីវករ​លក់​ខោអាវ​នៅ​ផ្សារ​ធំ​ថ្មី​ទួល​សង្កែ ដែល​ត្រូវ​ប្រុស​ស្នេហ៍​ជា​មន្ត្រី​យោធា និង​ខ្លះ​ថា ជា​មន្ត្រី​កងរាជអាវុធហត្ថ បាញ់​សម្លាប់​នៅ​ក្នុងផ្ទះ​សំណាក់ «​សារី​ធំ​» ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ រហូត​មក​ដល់​ពេល​នេះ គឺ​មាន​រយៈពេល​១៣​ថ្ងៃ​ហើយ ដែល​ឃាតករ​នៅ​ពុំ​ទាន់​មាន​សមត្ថកិច្ច​ណា​ឃាត់ខ្លួន​បាន​ឡើយ ។ បើ​ទោះបីជា​ស្គាល់​អត្តសញ្ញាណ​ជន​ដៃដល់​យ៉ាងណា​ក្តី ។

ទន្ទឹម​នឹង​នោះ ត្រូវ​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​បាន​ទទូច​សុំ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត មេត្តា​ជួយ​ជំរុញ​ឱ្យ​សមត្ថកិច្ច​ជួយ ក្នុង​ការ​ស្វែងរក​ចាប់ខ្លួន​ឃាតករ​រូប​នោះ មក​កាត់ទោស​តាម​ច្បាប់ និង​ទទូច​សុំ​ឱ្យ​បណ្តាសារ​ព័ត៌មាន និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក មេត្តា​កុំ​ផ្សាយ​ព័ត៌មាន​មិន​ពិត ដោយ​បាន​ចោទប្រកាន់​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ឃាតករ​បាញ់​សម្លាប់​កូនស្រី​របស់​គាត់ គឺ​បណ្តាល​មក​ពី​មាន​ទំនាស់​គ្នា​រឿង​កូនស្រី​គាត់​កើត​អេ​ដស៍ ដែល​ព័ត៌មាន​មួយ​នេះ វា​មិន​ពិត​សោះឡើយ ។

គួរ​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ឈ្មោះ​សុ​ន ស្រី​ល័​ក្ខ អាយុ​២៥​ឆ្នាំ ជា​អាជីវករ​លក់​ខោអាវ​ផ្សារ​ធំ​ថ្មី​ទួល​សង្កែ និង​ជា​ស្ត្រី​មេម៉ាយ​កូន​២​នាក់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ត្រូវ​បាន​ឃាតករ​បាញ់​១​គ្រាប់ ត្រូវ​គ្រាប់ភ្នែក​ខាងស្តាំ ធ្លាយ​ទៅ​ក្រោយ ហើយ    បង្ក​ការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​យប់​រំលង​អធ្រាត្រ ចូល​ថ្ងៃ​ទី​១០ ធ្នូ ២០១៦ កន្លង​មក នៅ​ក្នុង​បន្ទប់​លេខ​៤០៤ ក្នុងផ្ទះ​សំណាក់ «​សារី​ធំ​» អគារ​លេខ​១០៨AI ផ្លូវ​លេខ​២៧៣ ភូមិ​ទួល​គោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឬ​ស្សី​កែវ ។

បន្ទាប់​ពី​ករណី​បាញ់​សម្លាប់​នារី​រង​គ្រោះ ជន​ដៃដល់​ជា​ឃាតករ​ឈ្មោះ​អ៊ុំ សុ​ផា អាយុប្រមាណ​៣៥​ឆ្នាំ ជា​មន្ត្រី​យោធា មាន​ថា​នន្តរ​ស័ក្តិ ថ្នាក់​វរសេនីយ៍ត្រី និង​មាន​ទីលំនៅ​ផ្ទះ​ជួល​ម្តុំ​ជ្រោះ​បាត់​ស្នេហ៍ សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ បាន​គេចខ្លួន​បាត់​។

ជុំវិញ រឿង​ឃាតករ​នេះ ត្រូវ​បាន​មហាជន​មានការ​ចាប់អារម្មណ៍​ជា​ខ្លាំង ហើយ​ត្រូវ​បណ្តាញ​ព័ត៌មាន និង​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ដកស្រង់​ព័ត៌មាន និង​លើកយក​ព័ត៌មាន​ពាក្យ​ច​រាម​រាម​ជា​ច្រើន ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​សព ដែល​កំពុង​តែ​មានទុក្ខ​ក្រៀមក្រំ ។ ទន្ទឹម​នោះ ឪពុក​ម្តាយ​នារី​រង​គ្រោះ​ក៏​បាន​ទាក់ទង​ជួប​កាសែត​កោះសន្តិភាព ដើម្បី​សុំ​ធ្វើការ​បំភ្លឺ​ផង​ដែរ ។

ជួប​ជាមួយ​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព លោក​នាក់ ធី អាយុ​៤៥​ឆ្នាំ ជា​អាជីវករ​លក់ដូរ និង​ប្រពន្ធ​ឈ្មោះ​ឯក លាន់ អាយុ​៤៣​ឆ្នាំ ដែល​ត្រូវជា​ឪពុក​ម្តាយ​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា កូនស្រី​គាត់​ដែល​ត្រូវ​ឃាតករ​បាញ់​សម្លាប់​នេះ ឈ្មោះ​សុ​ន ស្រី​ល័​ក្ខ អាយុ​២៥​ឆ្នាំ ជា​កូនច្បង ក្នុង​ចំណោម​បងប្អូន​២​នាក់ ដែល​ប្អូនប្រុស​មាន​អាយុ​១១​ឆ្នាំ ។

ស្រី​ល័​ក្ខ​ជា​ស្ត្រី​មេម៉ាយ មានកូន​២​នាក់ កូនប្រុស​បង​អាយុ​៦​ឆ្នាំ និង​កូនស្រី​ប្អូន អាយុ​ជាង​២​ឆ្នាំ ហើយ​អតីត​ប្តី​ឈ្មោះ​សេង តារា ជា​មន្ត្រី​នៅ​រដ្ឋ​សភាជាតិ ដែល​បាន​ស្លាប់​ដោយសារ​តែ​ជំងឺថ្លើម​ប្រមាណ​៨​ខែ​មក​ហើយ មិនមែន​ស្លាប់​ដោយសារ​កើត​អេ​ដ​សិ៍​នោះ​ទេ​ ។

តាម​ឪពុក​ម្តាយ​ឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ប្តី​បាន​ស្លាប់​ចោល កូនស្រី​គាត់ សុ​ន ស្រី​ល័​ក្ខ បាន​ទៅ​រស់នៅ​ជាមួយ​គាត់ នៅ​ភូមិ​ឈើទាល​កង ឃុំ​ជាំ​ក្សាន្ត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ។ ក្រោយមក បាន​មក​លក់​ខោអាវ​នៅ​ផ្សារ​សាំ​ហាន់  និង​មាន​ទំនាក់ទំនង​ស្រលាញ់​គ្នា​ជាមួយ​ជន​ដៃដល់​ដោយ​ប្រាប់​ថា ជា​បុរស​ពោះម៉ាយ មានកូន​ស្រី​ម្នាក់ បាន​ប្រមាណ​ជា​២​ខែ តាំងពី​មុន​បុណ្យអុំទូក ។

រយៈពេល​នោះ ពួក​គេ​ទាំង​ស្រលាញ់​គ្នា​ណាស់ ហើយ​កូនស្រី​គាត់​តែងតែបាន​ទូរស័ព្ទ​ទៅ​ឪពុក​ម្តាយ និង​ឱ្យ​ជួប​និយាយ​គ្នា ជាមួយ​ជន​ដៃដល់​នោះ ។ នៅ​ពេល​ថ្មី មុន​ពេល​ស្លាប់​១​ថ្ងៃ កូនស្រី​បាន​រៀបចំ​ហាង​អ៊ុតសក់ ជាប់​កន្លែង​លក់​ខោអាវ​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី​ទួល​សង្កែ ហៅ​ផ្សារ​សាំ​ហាន់ តែ​មិន​ទាន់​បើក​អ៊ុត​ផង ក៏​មានរឿង​បាញ់​សម្លាប់​នេះ ។

តាម​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ឱ្យ​ដឹង​ទៀត​ថា ការ​ស្លាប់​របស់​ឈ្មោះ​សុ​ន ស្រី​ល័​ក្ខ មិនមែន​ផ្តើម​ចេញពី​ទំនាស់​គ្នា​រឿង​ប្រចណ្ឌ​ឡើយ អាច​ជា​រឿង​បាញ់​សម្លាប់​បំ​បិត​មាត់ ដោយសារ​តែ​កូនស្រី​គាត់​ដឹង​រឿង​ផ្ទៃក្នុង ហើយ​សង្ស័យ​ឃាតករ​អាច​មាន​អ្នក​នៅ​ពីក្រោយ​ផង​ដែរ ។

ទោះបីជា​យ៉ាងណា រឿង​ពិត​នឹង​ដឹង​ច្បាស់ នៅ​ពេល​ចាប់ខ្លួន​ឃាតករ​បាន ។ ចំពោះ​ព័ត៌មាន​មួយ​ចំនួន និង​បណ្តាញ​សង្គម ដែល​បាន​ផ្សាយ និង​បង្ហោះ​ថា ការ​បាញ់​សម្លាប់​កូនស្រី​គាត់ មក​ពី​ឃាតករ​ដឹង​រឿង​កូនស្រី​គាត់​កើត​អេ​ដស៍ មិនមែន​ជា​ព័ត៌មាន​ពិត​នោះ​ទេ ហើយ​វា​បាន​ធ្វើ​ឱ្យ​ប៉ះពាល​ដល់​កិត្តិយស​កូនស្រី​ដែល​បាន​ស្លាប់​ទាំង​បិទ​ភ្នែក​មិន​ជិត ។

តាម​ឪពុក​ម្តាយ​នារី​រង​គ្រោះ ក៏​បាន​សំណូម​យ៉ាង​ទ​ទួ​ច ដល់​សម្តេច តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត មេត្តា​ជួយ​ជំរុញ​អោយ​សមត្ថកិច្ច​ជួយ ស្វែង​ចាប់ខ្លួន​ឃាតករ មក​កាត់ទោស​តាម​ច្បាប់ និង​ទ​ទួ​ច សុំ​បណ្តាល​សារព័ត៌មាន និង​បណ្តាញ​សង្គមហ្វេ​ស​ប៊ុ​ក មេត្តា​សម្រួល​ព័ត៌មាន​ឡើង​វិញ និង​កុំ​ផ្សាយ​ព័ត៌មាន​មិន​ពិត និង​ផ្សាយ​ព័ត៌មាន​ចចាមអារ៉ាម​ទៀត ដោយ​គ្មាន​ហេតុផល និង​ចោទ​ថា កូនស្រី​គាត់​កើត​អេ​ដ​សិ៍​បែប​នេះ​ទៀត ។

បន្ទាប់​ពី​បាញ់​សម្លាប់​ស្ត្រី​រង​គ្រោះ ជន​ជា​ឃាតករ ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​សស្រាក់សស្រាំ បន្ទាប់​ពី លោកនាយ​ឧត្តមសេនីយ៍​សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ផ្តល់​រង្វាន់​លើក​ទិ​ក​ចិត្ត​ចំនួន​៣៥​លាន​រៀល ដើម្បី​ឈាន​ទៅ​រក​ការ​ឃាត់ខ្លួន​ឃាតករ​ដៃដល់ ។

ទោះបីជា​យ៉ាងណា រហូត​មក​ដល់​ពេល​នេះ រយៈពេល​១៣​ថ្ងៃ​ហើយ ឃាតករ​ពុំ​ត្រូវ​ឃាត់ខ្លួន​បាន​ឡើយ ខណៈ​ដែល​ក្រុម​គ្រួសារទ​ទួ​ច​សុំ​ឱ្យ​សមត្ថកិច្ច ត្រូវ​តែ​ឃាត់ខ្លួន​ជនសង្ស័យ មក​ផ្តន្ទាទោស​តាម​ច្បាប់ ហើយ​មហាជន​ក៏​ចង់​ដឹង​ពី​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​មក​លើ​នារី​រង​គ្រោះ​យ៉ាង​សាហាវព្រៃផ្សៃ​ដែរ​…!