ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតីស្រីលង្កា ផ្ញើអ៊ីម៉ែលលាលែងពីតំណែងពីប្រទេសសិង្ហបុរី

1 ឆ្នាំ មុន

ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានផ្ញើអ៊ីម៉ែលលាលែងចេញពីតំណែងភ្លាមៗក្រោយពេលលោកបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី

ប្រធានាធិបតីស្រីលង្កាលោក Gotabaya Rajapaksa បានផ្ញើអ៊ីម៉ែលលាលែងចេញពីតំណែងភ្លាមៗក្រោយពេលលោកបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរី កាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ កក្កដា។ នេះបើយោងតាមការបញ្ជាក់របស់ការិយាល័យប្រធានសភាស្រីលង្កា។

លោក Indunil Yapa អ្នកនាំពាក្យប្រធានសភានិយាយថា អ៊ីម៉ែលរបស់ប្រធានាធិបតី Gotabaya Rajapaksa នឹងត្រូវធ្វើការពិនិត្យ មុនពេលមានការប្រកាសជាផ្លូវការដែលត្រូវគេរំពឹងថានឹងកើតឡើងនៅថ្ងៃសុក្រនេះ។

លោកបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ដូច្នេះថា “ភាពត្រឹមត្រូវ និងភាពស្របច្បាប់នៃអ៊ីម៉ែលនឹងត្រូវពិនិត្យ មុនពេលមានការទទួលយកជាផ្លូវការ”។

សូមបញ្ជាក់ថា ប្រធានាធិបតី Gotabaya Rajapaksa បានភៀសខ្លួនចេញពីប្រទេសទៅកាន់ប្រទេសម៉ាល់ឌីល មុនពេលក្រុមបាតុកររាប់ពាន់នាក់បានចូលកាន់កាប់លំនៅដ្ឋានរបស់លោក។ លោកបានធ្វើដំណើរទៅដល់ប្រទេសសិង្ហបុរីនៅថ្ងៃព្រហស្បតិ៍។

លោកនឹងក្លាយជាប្រធានាធិបតីដំបូងបង្អស់ដែលបានលាលែងចេញពីតំណែង ចាប់តាំងពីស្រីលង្កាអនុម័តប្រព័ន្ធដឹកនាំប្រធានាធិបតីនៅក្នុងឆ្នាំ ១៩៧៨មក។

ដំបូងឡើយ មេដឹកនាំវ័យ ៧៣ឆ្នាំរូបនេះចង់ភៀសខ្លួនទៅកាន់ទីក្រុង Dubai ប្រទេសអារ៉ាប់រួម ប៉ុន្តែបុគ្គលិកនៅព្រលានយន្តហោះអន្តរជាតិ Bandaranaike បានដកខ្លួនចេញពីការផ្តល់សេវាកម្ម VIP ដោយពួកគេលើកឡើងថា អ្នកដំណើរទាំងអស់ត្រូវឆ្លងកាត់បញ្ជរសាធារណៈ។

ស្រីលង្កាកំពុងជួបនឹងវិបត្តិដ៏ធ្ងន់ធ្ងរមិនធ្លាប់មានក្នុងរយៈពេល ៧០ឆ្នាំចុងក្រោយនេះ ដែលទាញប្រទេសនេះឲ្យធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់ ដោយខ្វះខាតរូបិយប័ណ្ឌបរទេសសម្រាប់នាំចូលប្រេងឥន្ទនៈ ម្ហូបអាហារ និងថ្នាំពេទ្យ៕ (យោងតាមប្រភព៖ AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ