លោកយាយអាយុ៧៦ឆ្នាំ ខំត្រដរទាំងឈឺដឹកបន្លែលក់តាមកង់
ខេត្តស្វាយរៀង ៖ លោកយាយទុរគតម្នាក់ឈ្មោះ តូច ផាន្នី ហៅអាន អាយុ៧៦ឆ្នាំ មានជំងឺប្រចាំកាយផង និងរស់នៅម្នាក់ឯងស្ថិតក្នុងភូមិតាណ សង្កាត់ស្វាយតឿ…
ខេត្តស្វាយរៀង ៖ លោកយាយទុរគតម្នាក់ឈ្មោះ តូច ផាន្នី ហៅអាន អាយុ៧៦ឆ្នាំ មានជំងឺប្រចាំកាយផង និងរស់នៅម្នាក់ឯងស្ថិតក្នុងភូមិតាណ សង្កាត់ស្វាយតឿ…
ខេត្តស្វាយរៀង ៖ លោកយាយទុរគតម្នាក់ឈ្មោះ តូច ផាន្នី ហៅអាន អាយុ៧៦ឆ្នាំ មានជំងឺប្រចាំកាយផង និងរស់នៅម្នាក់ឯងស្ថិតក្នុងភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ដោយលោកយាយបានប្រឹងតស៊ូលក់បន្លែ ត្រកួន និងកណ្តៀងមួយកញ្ជ្រែង ដើម្បីចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់
គាត់ ។
ទោះបីរាងកាយលោកយាយទ្រុឌទ្រោមលំបាកយ៉ាងណាក៏ដោយ លោកយាយនៅតែប្រឹងរកបេះបន្លែ ត្រកួន និងកណ្តៀងប្រមាណជាង១០ដុំ ដឹកតាមកង់យកមកលក់នៅក្នុងផ្សារក្រមួន ស្ថិតក្នុងភូមិរោងបន្លែសង្កាត់ស្វាយរៀង ដោយក្នុង១សប្តាហ៍លក់០៣ព្រឹក ។
លោកយាយ អាន បានរៀបរាប់ប្រាប់កោះសន្តិភាពអំពីរដំណើរជីវិតដ៏កំសត់របស់គាត់ថា លោកយាយមានស្វាមី ឈ្មោះ ប៉ាង ស៊ុត អតីតជាទាហានសម័យរាជានិយម ក្រោយពីធ្វើរដ្ឋប្រហារថ្ងៃ១៨ មីនា ឆ្នាំ១៩៧០ ស្វាមី លោកយាយត្រូវមេបញ្ជាការបញ្ជូនទៅឈជើងនៅខេត្តក្រចេះ ។ កាលគ្រានោះ លោកយាយ ទើបតែឆ្លងទន្លេរួចបានជាង១០ថ្ងៃ បានកូនស្រីមួយ ចំណែកលោកយាយរស់នៅជាមួយម្តាយ នៅខេត្តស្វាយរៀង ក្រោយមក បាន២ខែកូនស្រីក៏មានជំងឺស្លា.ប់បាត់ទៅ ។
លោកយាយក៏ត្រូវរស់នៅបែកពីប្តីរហូតដល់ឆ្នាំ១៩៧៥ ទើបជួបជុំជាមួយស្វាមីវិញ នៅភូមិព្រៃឈ ឃុំព្រៃឈ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ មកដល់ចុងឆ្នាំ១៩៧៨ ខ្មែរក្រហមគេស៊ើបដឹងថា ប្តីគាត់ធ្វើទាហានលន់ ណុល ពួកខ្មែរក្រហមប៉ុល ពត បានចាប់ប្តីរបស់គាត់យកទៅសម្លា.ប់ចោលតែម្តង ។
មកដល់ឆ្នាំ១៩៧៩ ក្រោយថ្ងៃរំដោះ៧មករា លោកយាយនិងម្តាយក៏បាននាំគ្នាមករស់នៅស្រុកកំណើត ភូមិតាណ នេះរហូតមក ក្រោយមក ឪពុកម្តាយចាស់ជរាក៏បានស្លា.ប់ទៀត រូបគាត់រស់នៅម្នាក់ឯង គ្មានដីធ្លីនិងគេទេ ប្រកបមុខរបរ ស៊ីឈ្នួលដកស្ទូងឲ្យគេ ហើយបានសុំដីភូមិប្អូនស្រី សង់ខ្ទមរស់នៅរហូតមក។
រហូតមកដល់ឆ្នាំ២០០០ ក៏មានជំងឺរោគស្ត្រីប្រចាំកាយ ស្រុតស្បូន ក្រោយមកគ្រូពេទ្យធ្វើការវះកាត់ស្បូនចោល ក៏ប៉ុន្តែជំងឺរោគស្ត្រីនៅតែបៀតបៀនបន្តរហូតមក និងមានជំងឺលើសឈាម ឈឺ សន្លាក់រ៉ាំរ៉ៃដល់សព្វថ្ងៃ ។ លោកយាយបន្តទៀតថា គាត់មានដីកូនអំពកតូចមួយដែរ នៅមាត់ព្រែកទន្លេវ៉ៃគោ ទំហំ១០ម៉ែត្រx២០ម៉ែត្រ គាត់ក៏ដាំបន្លែ ត្រកួន ទឹក និងកណ្តៀង សម្រាប់បេះលក់ គឺក្នុង១ថ្ងៃ កាត់បាន ត្រកួន៥ដុំ កណ្តៀង ១០ដុំ ក្នុង១ដុំ តម្លៃ៨០០រៀល សរុបបាន១ម៉ឺន២ពាន់រៀល។
ក៏ប៉ុន្តែក្នុង១សប្តាហ៍កាត់បានតែ០៣ទៅ៤ ដងអស់ហើយ ដោយសារស្មៅដុះច្រើន គាត់គ្មានកម្លាំងបោចស្មៅ ហើយពេលកាត់បន្លែបានលោកយាយចងជាដុំដាក់ក្នុងចានដែកដឹកកង់យកទៅលក់នៅផ្សារគ្រាន់និងទិញអង្ករ និងម្ហូបប្រចាំថ្ងៃ ។ លោកយាយបន្តទៀតថា ដោយផ្ទះខ្ទម លោកយាយបាក់ទ្រុឌទ្រោម ក្មួយនិងអ្នកភូមិបានរួមគ្នា សង់ផ្ទះ១ខ្នង៤ម៉ែត្រX៥ម៉ែត្រសង់អំពីដែកប្រក់ស័ង្កសី លើដីក្មួយគេឲ្យនៅរហូតអស់ជីវិត ។
ហើយកន្លងមក ពេលខ្វះខាតបាយទឹកម្ហូបអ្នកជិតខាងគេហុចឲ្យ និងអាជ្ញាធរក៏បានជួយខ្លះដែរ ក៏ប៉ុន្តែមិនគ្រប់គ្រាន់តាមតម្រូវការនោះទេ ដោយសារជរាជំងឺប្រចាំកាយ ដូច្នេះ សូមអំពាវនាវសូមសប្បុរសជនមេត្តា ជួយឧបត្ថម្ភថវិកា ឬ អង្ករ ស្បៀងអាហារ សម្លៀកបំពាក់ ដល់លោកយាយ បានផ្គត់ផ្គងជីវភាពនៅជីវិតចុងក្រោយដោយអនុគ្រោះ ។
ចែករំលែកព័តមាននេះ