ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្អែក​នេះ​! តុលាការ​នឹង​ប្រកាស​សាលក្រម​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ផ្កាយ​៣ ឌួ​ង ងៀប

1 ឆ្នាំ មុន
  • ភ្នំពេញ

សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ បាន​លើកយក​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ផ្កាយ​៣ ឌួ​ង ងៀប មក​បើក​សវនាការ​តាម​ការ​ស្នើ​សុំ​របស់​ជន​ត្រូវ​ចោទ មុន​ជំនុំជម្រះ​លើ​អង្គសេចក្តី ។ សវនាការ​នោះ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែកក្កដា ឆ្នាំ​២០២២ បាន​លើកយក​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​លោក​ផ្កាយ​៣ ឌួ​ង ងៀប មក​បើក​សវនាការ​តាម​ការ​ស្នើ​សុំ​របស់​ជន​ត្រូវ​ចោទ មុន​ជំនុំជម្រះ​លើ​អង្គសេចក្តី ។ សវនាការ​នោះ ត្រូវ​បាន​បញ្ចប់​ទៅ​វិញ ប៉ុន្តែ​ចៅក្រម​ជំនុំជម្រះ​មិន​ទាន់​ប្រកាស​សាលក្រម​ភ្លាម​ៗ​នៅឡើយ​ទេ ដោយ​បាន​កំណត់​យក​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២២ ស្អែក​នេះ និង​សម្រេច​ឲ្យ ឬ​មិន​ឲ្យ ម្ចាស់​បណ្តឹង គឺ​លោក ឌួ​ង ងៀប សុំ​នៅ​ក្រៅ​ឃុំ​នោះ ដឹង​បាន​អត់ ។

សូម​ជម្រាប​ថា លោក អ៊ឹម វណ្ណៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២ បាន​សម្រេច​ឃុំខ្លួន​លោក​ផ្កាយ​៣ ឌួ​ង ងៀប អគ្គលេខាធិការ​រង នៃ​ក្រសួងមហាផ្ទៃ ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.​ឆ​បោ​.​ក និង​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​. (​សែក​ស្អុយ​) ។

លោក​ឧត្តមសេនីយ៍ ឯក ឌួ​ង ងៀប ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​នៅ​មុខ​សណ្ឋាគារ ដឺ​គ្រី ផ្លូវ​ឌួ​ង ងៀប សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកុម្ភៈ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​តុលាការ ។

ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់​ថា ក្រោយ​ពី​បាន​ពិនិត្យ​លើ​សំណុំរឿង​ចប់​សព្វគ្រប់ យល់​ឃើញ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ឌួ​ង ងៀប ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជការ មាន​ទីលំនៅ​ផ្ទះ​លេខ​០៣ ផ្លូវ​ឌួ​ង​ងៀប​២ កែង​ផ្លូវ​ដោ​ន​ថោ​ន​៣ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​.​ឆ​បោ​.​ក និង​បទ​.​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៩ ដែល​បទល្មើស​មាន​ចែង​ឲ្យ​ផ្តន្ទាទោស​ស​តាម​បញ្ញា​ត្តិ​មាត្រា ៣៧៧ និង​មាត្រា ៣៧៨ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់ ។

យល់​ឃើញ​ថា ជន​ត្រូវ​ចោទ​ឈ្មោះ ឌួ​ង ងៀប បាន​គេចវេស​ពី​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ។ យល់​ឃើញ​ថា តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​ចុះ​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផុត​រយៈពេល​អនុវត្ត តែ​មន្ត្រី​នគរបាល​យុត្តិធម៌​មិន​អាច​ស្វែងរក​ជន​ត្រូវ​ចោទ​រូប​នេះ​ឃើញ ដើម្បី​អនុវត្ត​ការ​នាំ​ខ្លួន​បាន ។ យល់​ឃើញ​ថា ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឲ្យ​បាន​ពេញលេញ គប្បី​សម្រេច​ឲ្យ​ចាប់ខ្លួន​ឈ្មោះ ឌួ​ង ងៀប យក​មក​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ ដើម្បី​អនុវត្ត​តាម​បញ្ញា​ត្តិ​មាត្រា ២៣០ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។ ហេតុ​ដូច្នេះ សម្រេច​បញ្ជា​ដល់​កម្លាំង​សាធារណៈ​ឲ្យ​ចាប់ខ្លួន នឹង​បង្គាប់​ឲ្យ​ប្រធាន​ពន្ធនាគារ PJ ទទួល នឹង​ឃុំខ្លួន​ឈ្មោះ ឌួ​ង ងៀប ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ថា ការ​ចាប់​ឃុំខ្លួន​លោក ឌួ​ង ងៀប នៅ​ថ្ងៃ​ទី​១០ ខែកុម្ភៈ បន្ទាប់ ពី​លោក​បាន​បង្ហោះ​ឃ្លី​ប​វី​ដេ​អូ​មួយ ពាក់ព័ន្ធ​កាលពី​យប់​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២ ដោយ​ចោទប្រកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា បាន​ចាត់ការ​សំណុំរឿង​របស់​លោក​ប្រែ​ពី​ស​ទៅ​ខ្មៅ និង​ចោទប្រកាន់​លើ​រូប​គាត់​ថា បាន​ឆ​បោ​.​ក​ប្រាក់​ពី​ជនជាតិ​ចិនតៃវ៉ាន់ ដែល​ឃ្លី​ប​វី​ដេ​អូ​នោះ​ត្រូវ​បាន​បណ្តាញ​ទំនាក់​សង្គម​យក​ទៅ​បង្ហោះ នឹង​មានការ​ចែកចាយ​ត​ៗ​គ្នា ។

តាម​សេចក្តី​បំភ្លឺ​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២២ នោះ​ដែរ បាន​បញ្ជាក់​ថា លោក ឌួ​ង ងៀប ត្រូវ​បាន​ប្តឹង​ដោយ​ឈ្មោះ CHIHYUEN និង​ឈ្មោះ YAO CHING KING កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២០ ពាក់ព័ន្ធ​នឹង​ការ​លក់​អចលនវត្ថុ​មួយ​កន្លែង ដែល​អ្នកទិញ​ជាដើម​បណ្តឹង បាន​ប្រគល់​ប្រាក់​ថ្លៃ​ដី​គ្រប់​ចំនួន​៧.៣០៥.០០០ ដុល្លារ​មេ​រិ​ក ឲ្យ​ទៅ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួ​ង ងៀប រួចរាល់​ហើយ ប៉ុន្តែ​ជន​ត្រូវ​ចោទ​ពុំ​មាន​ដី​ឲ្យ​ទៅ​ម្ចាស់​ប្រាក់​នោះ​ឡើយ មាន​តែ (​ដី​ខ្យល់​) ។

អ្នកនាំពាក្យ​បន្ត​ថា ក្នុង​ការ​សម្របសម្រួល​ដោះស្រាយ​ទំនាស់ លោក ឌួ​ង ងៀប បាន​ចេញ​មូល​ប្ប​ទា​នប​ត្រ​ចំនួន​៣​សន្លឹក​ដែល​មាន​លេខ​១៤៥៥៧៧ មាន​តម្លៃ ១.៦៥០.០០០​ដុល្លារ លេខ​២១៣៩៩៧ មាន​តម្លៃ​៣.៦៥៥.០០០​ដុល្លារ និង​លេខ​១៣២៧៨៨ មាន​តម្លៃ ២.០០០.០០០ ដុល្លារ​អា​មេ​រិ​ក ឲ្យ​ទៅ​ដើមបណ្តឹង​រដ្ឋប្បវេណី ។ បន្ទាប់​មក​ដើមបណ្តឹង​រដ្ឋប្បវេណី​បាន​យក​មូល​ប្ប​ទា​នប​ត្រ​នោះ ទៅ​បើកប្រាក់​ពី​ធនាគារ ប៉ុន្តែ​ខាង​ធនាគារ​បញ្ជាក់​ថា មូល​ប្ប​ទា​នប​ត្រ​នេះ គ្មាន​សាច់ប្រាក់​ទេ ពោល​គឺ​សែក​ស្អុយ ។

អ្នកនាំពាក្យ​បាន​បន្ត​ថា ក្នុង​ដំណាក់កាល​ស៊ើបសួរ ចៅក្រម​ស៊ើបសួរ​បាន​ពិនិត្យ​ផ្ទៀងផ្ទាត់​ភស្ដុ​តាង និង​សួរ​ចម្លើយ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួ​ង ងៀប ហើយ​បាន​សម្រេច​មិន​ឃុំខ្លួន​ជន​ត្រូវ​ចោទ ដោយ​ជំនួស​មក​វិញ នូវ​ការ​ដាក់​ជន​ត្រូវ​ចោទ​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​តាម​រយៈ​ដីកា​សម្រេច​លេខ​៤២៩៣«​ម​» ដ​.​ព​.​ស ចុះ​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០២១ ដែល​មាន​កាតព្វកិច្ច តម្រូវ​ឲ្យ​ជន​ត្រូវ​ចោទ​ដាក់​ប្រាក់​ធានា​មិន​ឃុំខ្លួន​ចំនួន ៥.៣០៥. ០០០ ដុល្លារ​អា​មេ​រិ​ក មក​តម្កល់​នៅ​ក្នុង​គណនី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​១​ខែ តែ​ជន​ត្រូវ​ចោទ​ពុំ​បាន​យក​ប្រាក់​ធានា​ខ្លួន​នេះ មក​តម្កល់​តាម​ការ​កំណត់​ក្នុង​ដីកា​សម្រេច​នោះ​ឡើយ ។

ដោយ​ជន​ត្រូវ​ចោទ​ឈ្មោះ ឌួ​ង ងៀប បាន​គេចវេស​ពី​កាតព្វកិច្ច​នៃ​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ចៅក្រម​ស៊ើបសួរ​ក៏​បាន​ចាត់វិធានការ​តាម​នីតិវិធី ស្រប​តាម​បញ្ញត្តិ មាត្រា ២៣០ នៃ ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ត្រូវ​ចាប់​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​កាត់ទោស​លើ​អង្គសេចក្តី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ