ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេឃុំជាប់ឆ្នោត​គណបក្សភ្លើងទៀន ដែល​ប៉ូលិស​ចាប់ នៅខេត្តកំពង់ធំ​ បានចូល​កាន់​តំណែង​ ជាមេឃុំផ្លូវការហើយ​

1 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ៖ លោក ញឹម សារ៉ុម ដែលត្រូវប៉ូលិសចាប់ឃុំខ្លួន ១យប់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅពេលនេះ…

ខេត្តកំពង់ធំ៖ លោក ញឹម សារ៉ុម ដែលត្រូវប៉ូលិសចាប់ឃុំខ្លួន ១យប់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ នៅពេលនេះ បានចូលកាន់តំណែង ជាមេឃុំចំណារលើ ជាផ្លូវការហើយ​។ ពិធីប្រកាស​ចូលកាន់តំណែង​ក្រុមប្រឹក្សាឃុំចំណារលើ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ បានធ្វើឡើង កាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២​។

លទ្ធផលនៃការបោះឆ្នោតឃុំសង្កាត់ នៅឃុំចំណារលើ គឺ​មានសមាសភាព​ក្រុមប្រឹក្សាឃុំ ចំនួន ៩រូប។ ក្នុងនោះ គណបក្សភ្លើងទៀន មាន ៥រូប និងគណបក្ស​ប្រជាជនកម្ពុជា ចំនួន ៤រូប។ មេឃុំ បានលើគណបក្សភ្លើងទៀន។​

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ លោក ញឹម សារ៉ុម ​បេក្ខជន​ជាប់ឆ្នោត​​មេឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ មកពីគណបក្សភ្លើងទៀន ត្រូវបានប៉ូលិស ចាប់ខ្លួន ​ពាក់ព័ន្ធបទល្មើសប្លន់ កាលពី ២០ឆ្នាំមុន។ ក្នុងសំណុំរឿងប្លន់នោះ តុលាការខេត្តកំពង់ធំ បានកាត់ទោសកំបាំងមុ​ខ​ ដាក់ពន្ធនាគារ ៥ឆ្នាំ កាលពីឆ្នាំ២០១​៤​។

ក៏ប៉ុន្តែនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ចៅក្រមជំនុំជម្រះតុលាការសាលាដំបូង ខេត្តកំពង់ធំ បានសម្រេច «មិនឃុំខ្លួន​ជា​បណ្តោះអាសន្ន លើជនជាប់ចោទ ឈ្មោះ ឌុក សារ៉ុម ហៅ ញឹម សារ៉ុម ហៅ ឌុប វ៉ាន់ ហៅ ឌុប រ៉ុម ភេទប្រុស កើតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៧០ សញ្ជាតិខ្មែរ ពីបទអំពើប្លន់ ប្រព្រឹត្តនៅភូមិត្រពាំងជ័រ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០០២ តាមមាត្រា៦ នៃ ច្បាប់ស្តីពីស្ថានទម្ងន់ទោស នៃបទឧក្រិដ្ឋ។ សាលក្រមនេះ ជំនុំជម្រះជាសាធារណៈ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ចំពោះមុខជនជាប់ចោទ ទុកសិទ្ធិប្តឹងឧទ្ធរណ៍ ក្នុងកំណត់ច្បាប់​។

ជាមួយគ្នានេះ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក៏បានចេញ​សេចក្ដីថ្លែង​ការណ៍មួយទៀតផងដែរ ពាក់ព័ន្ធនីតិវិធីនៃសវនាការ និងការចាប់ខ្លួនលោក ញឹម សារ៉ុម ដែលជាមេឃុំ ទើបជាប់ឆ្នោត តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៣៣ ដ.ច/២០១២ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ របស់សាលាដំបូងខេត្តកំពង់ធំ ពីបទ «ប្លន់»។

អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានប្រកាស ជម្រាបជូនសាធារណជននូវនីតិវិធី ក្នុងការអនុវត្តផ្លូវច្បាប់ ពាក់ព័ន្ធលើ​ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ ៥២ឆ្នាំ ដូចខាងក្រោម៖ ១៖ ឈោ្មះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ ៥២ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ «ប្លន់» និង​ផ្តន្ទាទោស តាមរយៈសាលក្រមកំបាំងមុខ លេខ ០៧ «ង» ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ របស់សាលាដំបូង ខេត្តកំពង់ធំ ដោយដាក់ពន្ធនាគារកំណត់ ០៥ (ប្រាំ) ឆ្នាំ ពីបទ «ប្លន់» និងបានសម្រេចចេញ​ដីកាបង្គាប់ឲ្យ​ចាប់ខ្លួនលើ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ៥២ឆ្នាំ ខណៈដែលឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ ៥២ឆ្នាំ អវត្តមាននៅគ្រប់ដំណាក់កាលនៃកិច្ចនីតិវិធីរបស់តុលាការនាពេលមក។ ២៖ ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១៣៣ ដ.ច/២០១២ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ របស់សាលាដំបូងខេត្តកំពង់ធំ លើឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ ៥២ឆ្នាំ និង​ត្រូវបានយកមកបង្ហាញខ្លួន នៅចំពោះមុខតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ដើម្បីធ្វើការជូនដំណឹងអំពីសាលក្រម​កំបាំងមុខ លេខ ០៧ «ង» ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ របស់សាលាដំបូងខេត្តកំពង់ធំ ស្របតាមនីតិវិធីច្បាប់។ ៣៖ នៅចំពោះមុខតំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ ៥២ឆ្នាំ បានធ្វើការសុំប្តឹងទាស់​នឹងសាលក្រម​កំបាំងមុខ លេខ ០៧ «ង» ចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ របស់សាលាដំបូង​ខេត្តកំពង់ធំ និង​ស្នើសុំនៅក្រៅឃុំជាបណ្ដោះអាសន្ន។ ៤៖ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ សាលាដំបូងខេត្តកំពង់ធំ បានបើកសវនាការជាសាធារណៈ ដើម្បីជំនុំជម្រះ មុនអង្គសេចក្តីលើការ​ស្នើសុំនៅក្រៅឃុំជាបណ្ដោះអាសន្នរបស់​ឈ្មោះ ញឹម សារ៉ុម ហៅ ឌុក សារ៉ុម ហៅ ឌុប រ៉ុម ភេទប្រុស អាយុ ៥២ឆ្នាំ ហើយសាលាដំបូងខេត្តកំពង់ធំ បានសម្រេចឱ្យ​ឈ្មោះ ញឹម សារ៉ុម ហៅ ឌុប សារ៉ុម ហៅ ឌុប រ៉ុម នៅក្រៅឃុំជាបណ្ដោះអាសន្ន។

សូមរម្លឹកថា ក្នុងការបោះឆ្នោតឃុំ​សង្កាត់ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ គណបក្ស​ភ្លើងទៀន ទទួលបានអាសនៈនៅឃុំសង្កាត់ ចំនួន ២១៩៨​រូប ហើយក្នុងនោះ គណបក្សភ្លើងទៀន ទទួលបានតំណែង​មេឃុំ ចំនួន ៤រូប គឺនៅខេត្តកំពង់ចាម ១រូប និងនៅខេត្តកំពង់ធំ ៣រូប​។

ដោយឡែក​ គណបក្ស​ប្រជាជនកម្ពុជា ទទួលបានអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ ច្រើនជាងគេ រហូតដល់ ៩៣៧៦​រូប ក្នុងចំណោមអាសនៈ​ឃុំសង្កាត់​សរុប ១១៦២២​រូប។ គណបក្ស​ប្រជាជនកម្ពុជា ទទួលបានតំណែង​ជាមេឃុំចៅសង្កាត់ ចំនួន ១៦៤​៨រូប ក្នុងចំណោមមេឃុំចៅសង្កាត់សរុប ១៦៥២​រូប​។​

ក្រៅពីនោះទៀត មានគណបក្ស​នយោបាយ ៧ផ្សេងទៀត បានទទួលអាសនៈ​នៅក្រុមប្រឹក្សាឃុំសង្កាត់​ ដែលសេសសល់ រួមមាន៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច ១៩រូប គណបក្សខ្មែររួបរួមជាតិ ១៣រូប គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ៦រូប គណបក្ស​ខ្មែរស្រឡាញ់ជាតិ ៥រូប គណបក្ស​យុវជនកម្ពុជា ៣រូប គណបក្សកម្ពុជានិយម ១រូប និងគណបក្ស​សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ១រូប៕

(រូបថតពីហ្វេសប៊ុកគណបក្សភ្លើងទៀន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ