ខេត្តកំពង់ឆ្នាំង ៖ ជនសង្ស័យ២នាក់ រួមនិងវត្ថុតាងមានត្រាក់ទ័រមួយគ្រឿង ត្រូវបានមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់នៅព្រឹកថ្ងៃទី៤ កក្កដា ឆ្នាំ២០២២ បន្ទាប់ពីធ្វើសកម្មភាពឈូសឆាយចំការព្រៃដាំនៃស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មា-នក ស្ថិតនៅក្នុងតំបន់ដំណាក់ស្វាយ ភូមិក្តុលអភិវឌ្ឍន៍ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ។
![Picture]()
លោក ឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចបានឲ្យដឹងថា ដោយទទួលព័ត៌មានពីបទល្មើសឈូសឆាយដីចំការព្រៃរបស់រដ្ឋ នៅថ្ងៃទី០៣ ខែកក្កដា កម្លាំងសមត្ថកិច្ចរបស់លោក បានសហការជាមួយកម្លាំងការពារ ចម្ការព្រៃដាំនៃស្ថានីយដាំឈើម្សៅក្រដាស ហ៊ុនសែន មា-នក និងដោយមានការសម្របសម្រួលពីឯកឧត្តមអ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងបានចុះចាប់និងបង្ក្រាបបទល្មើសឈូសឆាយ ដីព្រៃរបស់រដ្ឋ ដើម្បីយកដីកាន់កាប់ធ្វើកម្មសិទ្ឋ ។
![Picture]()
នាយផ្នែករដ្ឋបាលព្រៃឈើកំពុងត្រឡាចបានបន្តថា ជនសង្ស័យដែលឃាត់ខ្លួនទី១-ឈ្មោះ ពែក បូរាម អាយុ២២ឆ្នាំ ជាអ្នកបើកបរត្រាក់ទ័រ និងទី២-ឈ្មោះ តូច ខុន អាយុ៦៩ឆ្នាំ ជាម្ចាស់ត្រាក់ទ័រ ។ពួកគាត់ទាំង២នាក់មានទីលំនៅភូមិច្រកស្ដេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ។ ការឃាត់ខ្លួនយើងក៏បានដកហូតនូវត្រាក់ទ័រម៉ាក គូបូតា (M8540) ពណ៌ក្រហមមួយគ្រឿង ។
![Picture]()
ជាលទ្ធផលនៃការចុចនិយាមការនៃការខូចខាតឃើញអស់ផ្ទៃរបស់ស្ថានីយដាំកូនឈើម្សៅក្រដាសហ៊ុន សែន មា-នក អស់ទំហំ៩, ៦៨៧ហិកតា ហើយបើតាមប្រមាណ អស់ដើមអាកាស្យាជាង៣.៨៧៤ដើម(ក្នុង១ហិកតាដាំ៤០០ដើម) ។ ជាមួយនឹងការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ខាងលើក៏បានឆ្លើយដាក់ថា មានអ្នកជួលឲ្យឈូសឆាយ ក្នុងផ្ទៃដី១ហិកតា៣០០ដុល្លារ ។ដោយហេតុនេះហើយ លោកបានកសាងសំណុំរឿង លើអ្នកពាក់ព័ន្ធ ដើម្បីបញ្ជូនទៅតុលាការតាមផ្លូវច្បាប់បន្តទៀត៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ