ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​លោក​អ្នក​ជឿ​លើ​បុណ្យ​បាប​ដែរ​ឬទេ ?

1 ខែ មុន

ព្រះសម្មាសម្ពុទ្ធ ព្រះ​បច្ចេកពុទ្ធ ព្រះ​អគ្គសាវ័ក ព្រះ​អគ្គសាវិកា ពុទ្ធមាតា ពុទ្ធបិតា​ជាដើម សុទ្ធតែ​បាន​សម្រេច​ដោយសារ​បុណ្យ​ដែល​ខ្លួន​បាន​សាង​មក​ហើយ​ទាំងអស់ ចំណែក​ការ​យោនយកកំណើត​ជា​នរក ប្រេត តិរច្ឆាន…

ព្រះសម្មាសម្ពុទ្ធ ព្រះ​បច្ចេកពុទ្ធ ព្រះ​អគ្គសាវ័ក ព្រះ​អគ្គសាវិកា ពុទ្ធមាតា ពុទ្ធបិតា​ជាដើម សុទ្ធតែ​បាន​សម្រេច​ដោយសារ​បុណ្យ​ដែល​ខ្លួន​បាន​សាង​មក​ហើយ​ទាំងអស់ ចំណែក​ការ​យោនយកកំណើត​ជា​នរក ប្រេត តិរច្ឆាន អសុរកាយ ក៏​សុទ្ធតែ​ធ្លាប់​បាន​សាង​ទុច្ចរិត​កម្ម ។ ហេតុ​ម្ដេច​ក៏​ត្រូវ​មិន​ជឿ​បុណ្យ​បាប ?

Picture

ទ្រព្យ​តិច ឬ​ទ្រព្យ​ច្រើន សុទ្ធតែ​កើតឡើង​អំពី​បុណ្យ បើ​មិន​មានបុណ្យ​ទេ​នឹង​មាន​ទ្រព្យធន​មកពីណា បើ​មិនមែន​បុណ្យ​ទេ​បាន​អ្វី​មក​កើតជា​មនុស្ស​នេះ បើ​គ្មាន​បុណ្យ​ឧបត្ថម្ភ​គាំទ្រ​ទេ​បាន​អ្វី​ឱ្យ​យើង​មានជីវិត​នៅ​រស់​នេះ បើ​គ្មាន​បាប​ទេ តើ​អកុសលវិបាក គឺ​ផល​នៃ​អំពើ​អកុសល​មាន​មកពីណា ។
ហេតុ​អ្វី​ក៏​ក្បត់​បុណ្យ ទៅ​ចុះចូល​បម្រើ​បាប​វិញ ? ឬ​គិត​ថា បាប​នាំ​ឱ្យ​ផុត​ទុក្ខ​ឬ ? ត្រូវ​ដឹង​ថា អំពើ​បាប​មិន​ដែល​ឱ្យ​ផល​ល្អ​ឡើយ ។

Picture

មួយវិញទៀត អំពើ​ល្អ និង​អំពើអាក្រក់​ពុំ​អាច​លុបលាង ឬ​ស៊ីសង​គ្នា​បាន​ទេ ដោយហេតុ​ថា អំពើ​ល្អ​រមែង​នាំ​មក​នូវ​ផល​ល្អ ឯ​អំពើអាក្រក់​រមែង​នាំ​មក​នូវ​ផល​អាក្រក់ ។ ដាំ​ក្រូច បេះ​ផល​ក្រូច ដាំ​ស្វាយ បេះ​ផល​ស្វាយ ដាំ​មៀន បេះ​ផល​មៀន ពុំដែល​មាន​ដាំ​ដើម​ល្មុត បេះ​ផល​ល្ហុង​នោះ​ទេ ។

Picture

រីឯ​ការ​ធ្វើបុណ្យ​ក៏​ដូច​គ្នា​ដែរ ពុំ​មែនមាន​ន័យ​ថា យក​កុសលកម្ម​ទៅ​ទូទាត់ ស៊ីសង​គ្នា​ជាមួយ​អកុសលកម្ម ឲ្យ​រួច​ជ្រះស្រឡះ ដូច​យើង​យក​ប្រាក់​ទៅ​សង​ជំពាក់​គេ​ឲ្យ​រួច​គ្នា​នោះ​ទេ ។ អកុសលកម្ម ដែល​បុគ្គល​បាន​ប្រព្រឹត្ត ត្រូវ​តែ​ទទួលផល​អាក្រក់ ចៀស​មិន​រួច​ដាច់ខាត ។

ឯ​បុណ្យ ឬ​កុសលកម្ម ដែល​យើង​ធ្វើ គឺ​ដើម្បី​បំភ្លេច​អកុសលកម្ម កុំ​ឲ្យ​កើត​មាន​ក្នុង​សន្តាន​ចិត្ត​តទៅ​ទៀត រួច​ព្យាយាម​សាង​អំពើ​ល្អ​តទៅ​មុខជា​និច្ច​និរន្តរ៍ ដើម្បី​សេចក្តីសុខ​សេចក្តីចម្រើន ក្នុង​បច្ចុប្បន្ន​ជាតិ និង​អនាគតជាតិ ។

Picture

ព្រះពុទ្ធ​សម្តែង​ថា ចិត្តជា​បុណ្យ បុណ្យ​ជា​សុខ ។ ដូចនេះ ទើប​យើង​តាំងចិត្ត​ធ្វើបុណ្យ​ប្រាថ្នា​សេចក្តីសុខ ។ តាម​ច្បាប់​នៃ​កម្ម បើ​យើង​ប្រព្រឹត្ត​អាក្រក់​តិច ប្រព្រឹត្ត​ល្អ​បាន​ច្រើន យើង​ទទួលផល​អាក្រក់​តិច ផល​ល្អ​ច្រើន​នា​អនាគតជាតិ ។ ផ្ទុយ​ទៅ​វិញ បើ​យើង​សាង​បាប​ច្រើន​ជាង​ធ្វើបុណ្យ យើង​ទទួលលទ្ធផល​អាក្រក់​ច្រើន​ជាង​ល្អ​នៅ​អនាគតជាតិ ៕