ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ចាត់តាំង​រដ្ឋមន្ត្រី សាយ សំ​អាល់ ជា​បេសកជន​ពិសេស ទៅ​ចូលរួម​អបអរសាទរ ប្រធានាធិបតី​ថ្មី របស់​ហ្វី​លី​ពី​ន

1 ឆ្នាំ មុន

ទីក្រុង​ម៉ានីល ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់តាំង ឯកឧត្ដម សាយ…

ទីក្រុង​ម៉ានីល ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាត់តាំង ឯកឧត្ដម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជា​បេសកជន​ពិសេស តំណាង​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​ពិធី​អបអរសាទរ ការ​ប្រកាស​ចូល​កាន់​តំណែង​របស់​លោក ហ្វឺ​ឌី​ណា​ន់ ម៉ា​កូ​ស ជេ​អរ (Ferdinand Romualdez Marcos Jr) ជា​ប្រធានាធិបតី ទី​១៧ នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​សារមន្ទីរ​ជាតិ​វិចិត្រសិល្បៈ ក្នុង​រដ្ឋធានី​ម៉ានីល នា​ថ្ងៃ​ព្រហស្បតិ៍ ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ដោយ​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​នៅ​ក្នុង​តំបន់ និង​សកលលោក ។

ឯកឧត្ដម សាយ សំ​អាល់ បាន​ចូល​ជួប​សម្តែង​ការ​គួរសម ដើម្បី​ចូលរួម​អបអ​សាទរ និង​ពិភាក្សា​ការងារ​ទ្វេភាគី ជាមួយ​លោក ហ្វឺ​ឌី​ណា​ន់ ម៉ា​កូ​ស ជេ​អរ (​ដែល​ជា​ទូទៅ​គេ​ហៅ​លោក​ថា Bongbong Marcos) នា​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ នៅ​វិមាន​ប្រធានាធិបតី ។

ភាគី​ទាំង​ពីរ បាន​វាយតម្លៃ​ខ្ពស់​លើ​ចំណងមិត្តភាព​ជា​ប្រពៃណី កិច្ច​សហប្រតិបត្តិការ ការ​រីក​ចំរើន នៃ​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន នៃ​ប្រជាជាតិ​ទាំង​ពីរ ។ ភាគី​ទាំង​ពីរ ក៏​បាន​ពិភាក្សា​លើ​ការ​ពង្រឹងពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម សុវត្ថិភាព​ស្បៀង អាហារូបត្ថម្ភ សន្តិសុខ​ថាមពល ពាណិជ្ជកម្ម និង​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែប្រួល​អាកាសធាតុ ដែល​ជា​បញ្ហា​រួម​របស់​តំបន់ និង​ពិភពលោក ។

ក្នុង​ឱកាស​នេះ​ដែរ លោក​រដ្ឋមន្ត្រី សាយ សំ​អាល់ ជា​បេសកជន​ពិសេស ក៏​បាន​ពាំនាំ​ការ​សាកសួរ​សុខទុក្ខ និង​ផ្តាំផ្ញើ​ការ​ជូនពរ​ពី​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជូន​ចំពោះ​លោក ហ្វឺ​ឌី​ណា​ន់ ម៉ា​កូ​ស ជេ​អរ ចំពោះ​ការ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី ទី​១៧ នៃ​សាធារណរដ្ឋ​ហ្វី​លី​ពី​ន ដែល​ទទួល​បានការ​គាំទ្រ​ពី​ប្រជាជន​ហ្វី​លី​ពី​ន យ៉ាងច្រើន​លើសលប់ ដោយ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ពី​ជំនឿ​ទុកចិត្ត និង​ចក្ខុវិស័យ នៃ​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី​ថ្មី ។

ជា​ការ​ឆ្លើយ​តប លោក​ប្រធានាធិបតី ក៏​បាន​ផ្តាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ​ជូន​ចំពោះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​សូម​អបអរសាទរ​ចំពោះ​សមិទ្ធផល ដែល​សម្រេច​បាន​ក្រោម​ការ​ដឹកនាំ​របស់​សម្តេច ហើយ​ហ្វី​លី​ពី​ន បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​លើកយក​កិច្ចការ​អាទិភាព​មួយ​ចំនួន ដើម្បី​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​អាស៊ាន នៅ​ក្ន​ង​អំឡុង​ពេល​ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន នា​ពេល​ខាង​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ