រាជធានីភ្នំពេញ ៖ ចៅក្រមសាលាឧទ្ធរណ៍ លោក ប៉ុល សំអឿន នៅព្រឹកថ្ងៃទី៦ ធ្នូ បានសម្រេចប្រកាសសាលដីកាតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល ក្នុងសំណុំរឿងដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន (ឆ្លងដែន) ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ កញ្ញាឆ្នាំ២០១៣ បទល្មើសដែលមានចែងតាមបញ្ញត្តិមាត្រា៤០នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។
នៅពេលសវនាការកន្លងមក គឺមានតែជនជាប់ចោទ៣នាក់ប៉ុណ្ណោះ ដែលបានបណ្តឹងឧទ្ធរណ៍ ចំណែក២នាក់ទៀត មិនបានបណ្តឹងមកទេ ពោលគឺរត់គេចខ្លួន ។
ជនជាប់ចោទទាំង៥នាក់នេះ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមផ្តន្ទាទោស ១-ឈ្មោះ NWOKO PRECIOUS CHINEME ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារកំណត់២៧ឆ្នាំ ពិន័យ៨០លានរៀលចូលថវិការដ្ឋ ។ ២-ឈ្មោះ SAVARINO CHARLENE ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិបារាំង ដាក់ពន្ធនាគារកំណត់២៥ឆ្នាំ ពិន័យ៥០លានរៀលចូលថវិការដ្ឋ ។ ៣-ឈ្មោះTAYLOR YOSHE ANN ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិអូស្ត្រាលី ដាក់ពន្ធនាគារកំណត់២៣ ឆ្នាំ ពិន័យ៥០លានរៀលចូលថវិការដ្ឋ ។ ៤-ឈ្មោះ OJUKWU TOJUKWO MATINS ភេទប្រុស អាយុ៩៣ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារកំណត់២៧ឆ្នាំ ពិន័យ៨០លានរៀលចូលថវិការដ្ឋ និង៥-ឈ្មោះ ASEMOTA JUSTICE OSAHENI ភេទប្រុសជនជាតិនីហ្សេរីយ៉ា ដាក់ពន្ធនាគារកំណត់២៧ឆ្នាំ ពិន័យ៨០លានរៀលចូលថវិការដ្ឋ។




ចែករំលែកព័តមាននេះ