បន្ទាយមានជ័យ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះថា បញ្ហាកូវីដ-១៩ បានចាប់ផ្តើមឆ្លងឡើងវិញហើយ ដែលទាមទារឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នបន្តវិធានការការពារខ្លួនតាមវិធានសុខាភិបាល មិនដូច្នេះទេ វិធានការ «ពាក់ម៉ាស់» អាចនឹងត្រូវដាក់ជា «កាតព្វកិច្ចពាក់ម៉ាស» ឡើងវិញ ។
![Picture]()
ថ្លែងក្នុងពិធីជួបជុំ នាព្រឹកថ្ងៃទី១ កក្កដា អបអរទិវាមច្ឆជាតិ នៅអាងទឹកត្រពាំងថ្មនេះ សម្តេចបានបញ្ជាក់ថា ក្នុងនោះកាលពីថ្ងៃទី២៨ ខែមិថុនា មានអ្នកឆ្លង១០នាក់ ។ ថ្ងៃទី២៩ មិថុនា មាន៧នាក់ ។ ថ្ងៃទី៣០ មិថុនា មាន៣នាក់ ។ អ្នកទាំងនោះ រកឃើញតាមការធ្វើតេស្តម៉ាស៊ីន PCR និងជាប្រភេទអូមីក្រុងទាំងអស់ ។
អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា កម្មវិធីនៅព្រឹកនេះក៏បានធ្វើតេស្តរហ័សលើអ្នកចូលរួមទាំងអស់ ហើយរកឃើញអ្នកឆ្លងកូវីដ៦នាក់ ដោយក្នុងនោះ ៥នាក់ ជាអ្នកនៅខេត្តបន្ទាយមានជ័យ និងម្នាក់មកពីរាជធានីភ្នំពេញ ។
![Picture]()
![Picture]()
សម្តេចបន្តថា «ខ្ញុំសូមបញ្ជាក់ថា យើងចាំបាច់ត្រូវតែបន្តនូវការប្រុងប្រយ័ត្នជាបន្តទៀត ដើម្បីជៀសវាងនូវការឆ្លង ព្រោះយើងមិនទាន់ចប់ទេនូវបញ្ហាទាក់ទិនជាមួយនឹងកូវិដ-១៩នេះ។ យើងគ្រាន់តែបានទប់ស្កាត់វា កុំឱ្យធ្លាក់ទៅក្នុងជ្រោះមរណៈតែប៉ុណ្ណោះ។ ជំងឺនៅមាន អ្នកតេស្តឃើញដោយតេស្តរហ័ស ត្រូវទៅធ្វើតេស្ត PCR បន្ត ដើម្បីដឹងថាជាប្រភេទជំងឺអី អូមីក្រុង ឬដែលតា ឬអូមីក្រុងបំប្លែងថ្មី។
«ហើយដើម្បីធានាថាប្រជាពលរដ្ឋរបស់យើងទទួលបាននូវសុវត្ថិភាព បើទោះបីជាឆ្លងក៏មិននាំទៅដល់ការស្លាប់ឬភាពធ្ងន់ធ្ងរ គឺសូមមេត្តា រឿងតែមួយគត់ គឺចាក់វ៉ាក់សាំង»។ សម្តេចក៏បានបញ្ជាក់ថាថ្មីថា កុំថាចាក់ដូសទី៣ ដូសទី៤ ដូសទី៥ ទោះដូសទី២០ ក៏រាជរដ្ឋាភិបាលមិនគិតលុយដែរ។ សម្តេចបន្តថា នៅក្នុងឃ្លាំង គឺកម្ពុជានៅមានវ៉ាក់សាំងបង្ការកូវីដ-១៩ ចំនួន ១០លាន៤សែនដូស។ និងនៅសល់ ២០លានដូសទៀតដែលមិនទាន់ដឹកចូល និងបានចុះហត្ថលេខាដើម្បីទិញចំនួនជាង ១០០លានដូសបន្ថែមទៀតសម្រាប់ឆ្នាំ២០២៤ ២០២៥ និង២០២៦។
![Picture]()
នៅចំពោះមុខការឆ្លងឡើងវិញនូវជំងឺកូវីដ១៩នេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យប្រជាពលរដ្ឋបន្តវិធានការការពារខ្លួនតាមវិធានសុខាភិបាលកុំ និង៣ការពារ ហើយជាពិសេសត្រូវទៅចាក់ថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។
សម្តេចតេជោ បញ្ជាក់ថាថ្មីថា កម្ពុជាចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ជូនពលរដ្ឋមិនគិតថ្លៃនោះទេ រួមទាំងជនបរទេសកំពុងមានវត្តមាននៅកម្ពុជា ខណៈនៅប្រទេសខ្លះ គឺគេគិតថ្លៃសម្រាប់ការចាក់វ៉ាក់សាំងកូវីដ-១៩។ ហើយកាន៉ពិសេសនៅកម្ពុជា មានតែឱ្យលុយថែម សម្រាប់អ្នកចាក់ទី១លាន ២លាន ឬលើកទី៣លាន ជាដើម។
សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបន្តថា កូវីដ-១៩ វាអត់ទៅណាឆ្ងាយៗទេ អំពាវនាវចំពោះប្រជាពលរដ្ឋ នេះជាការការពារខ្លួនអត់មាននរណាមកឈឺជំនួសយើងទេ។
«ប៉ុន្តែអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពាក់ម៉ាស លាងដៃ រក្សាគម្លាត។ ពិតមែនហើយ កាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែង។ ប៉ុន្តែរាជរដ្ឋាភិបាល អាចនឹងដាក់ឡើងវិញនូវកាតព្វកិច្ចពាក់ម៉ាស ក្នុងករណីឃើញថាមានការរីករាលដាលទ្រង់ទ្រាយធំនៅក្នុងប្រទេសរបស់យើង»។
«ប៉ុន្តែបើក្នុងកម្រិតត្រឹមតែប៉ុណ្ណេះ គឺមិនជាបញ្ហាធំពេកទេ វានៅតិចណាស់»៕
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ