ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ក្រុម​ផលិត​គ្រឿងញៀ.ន​មេខ្លោង​វៀតណាម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២៥​នាក់​ដែល​បាន​ឃាត់ខ្លួន​ក្នុង​ករណី​ផ្សេង​ៗ​គ្នា ត្រូវបាន​នគរបាល​ខណ្ឌឫស្សីកែវ​ធ្វើ​សន្និសីទ​សារព័ត៌មាន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២៥​នាក់​ដែល​បាន​ឃាត់ខ្លួន​ក្នុង​ករណី​ផ្សេង​ៗ​គ្នា ត្រូវបាន​នគរបាល​ខណ្ឌឫស្សីកែវ​ធ្វើ​សន្និសីទ​សារព័ត៌មាន​បង្ហាញ​មុខជា​សាធារណៈ កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៥ ខែធ្នូ បន្ទាប់​ពី​ឃាត់ខ្លួន​ក្នុង​រយៈពេល​៣​ថ្ងៃ​កន្លង​មក ។

នៅ​ក្នុង​ចំណោម​នោះ មាន​ជនសង្ស័យ​៥​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​៤ ខែធ្នូ និង​ឈាន​ទៅ​ឆែកឆេរ​ទីតាំង​ផលិត​កែ​ច្នៃ​គ្រឿងញៀន​មួយ​កន្លែង ចាប់តាំងពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល រហូត​ដល់​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៥ ខែធ្នូ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៩ ផ្លូវ​លេខ​៣BC  ក្រុម​ទី​១ ភូមិ​ចម្រើន​ផល​១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ព្រមទាំង​ដកហូត​បាន​សម្ភារ​សម្រាប់​ផលិត​សារធាតុ​ផ្សំ និង​គ្រឿងញៀន​មួយ​ចំនួន​ធំ ។

ក្នុង​សន្និសីទ​សារព័ត៌មាន​បង្ហាញមុខ​នេះ​លោក​វរសេនីយ៍ត្រី អុ​ី​វ ឈុ​ន​ផេង អធិការរង​នគរបាល​ខណ្ឌឫស្សីកែវ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បង្ហាញមុខ​នៅ​ពេល​នេះ ត្រូវ​បាន​នគរបាល​ខណ្ឌឫស្សីកែវ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​៣​ថ្ងៃ ដោយ​ឃាត់ខ្លួន​បាន​សរុប​ចំនួន​២៥​នាក់​ក្នុង​នោះ​មាន​ស្រី​៣​នាក់ក្នុង​១១​ករណី​ផ្សេង​ពី​គ្នា រួម​មាន​ចោរកម្ម ល្បែងស៊ីសង ជួញ​ដួ​រ ផលិត និង​ប្រើប្រាស់​គ្រឿងញៀន ។

លោក​អធិការរង​បន្ត​ថា ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​២៥​នាក់ មាន​៥​នាក់​ត្រូវ​បាន​នគរ​បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ក្នុង​បទល្មើស​ផលិត​កែ​ច្នៃ​គ្រឿងញៀន​គឺ ៖
១-​ឈ្មោះ យ៉ុ​ង ចាន់​ហ៊ូ​យ៉ុ​ង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​ជួល កន្លែង​ឃាត់ខ្លួន​ខាងលើ ។ ជន​នេះ​ជា​មេខ្លោង​ផលិត​គ្រឿងញៀន ។
២-​ឈ្មោះ នួន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​ឃាត់ខ្លួន
៣-​ឈ្មោះ ដួង លី​លី ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​១០ សង្កាត់​បឹង​ព្រលិត ខណ្ឌ​៧​មក​រា
៤-​ឈ្មោះ ប៉ក់ ស្រី​ពៅ ភេទ​ស្រី អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​កន្លែង​ឃាត់ខ្លួន​ខាងលើ និង
៥-​ឈ្មោះ ចាន់ ឆវី ភេទ​ស្រី អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ។

លោក​អធិការរង បានឱ្យ​ដឹង​ថា នៅ​ក្នុង​ការ​បង្ក្រាប​គ្រឿងញៀន​នេះ សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​មួយ​ចំនួន​ធំ​ដូច​ជា មេតា​ណុ​ល​ចំនួន​១៤​ដប សារធាតុ​ផ្សំ​និង​កែ​ច្នៃ​សារធាតុ​ញៀន​មួយ​ចំនួន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២​កញ្ចប់​ធំ ថ្នាំពេទ្យ​សម្រាប់​កែ​ច្នៃ​ធ្វើ​ជា​សារធាតុ​ញៀន​មួយ​ចំនួន សារធាតុ​ញៀន​ជា​គ្រាប់​ចំនួន​៣​កញ្ចប់​ធំ សារធាតុ​ដែល​ផលិត​រួច​មួយ​ចំនួន​ធំ រួម​មាន​ប្រភេទ​ខេ​(​សម្រាប់​ហិត​) ប្រភេទ​គ្រាប់​(​គ្រវី​) ប្រភេទ wy (​យ៉ា​ម៉ា​) ប្រភេទ​លាយ​ដែល​ផ្សំ​រួច​(​មេ​តំ​ហ្វេ​តា​មីន​មួយ​ចំនួន​) ម្សៅ​កែ​ច្នៃ​សារធាតុ​ញៀន​មួយ​ចំនួន ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ ឧបករណ៍​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន និង​ឧបករណ៍​សម្រាប់​កែ​ច្នៃ​សារធាតុ​ញៀន​មួយ​ចំនួន ។

លោក​អធិការរង បានឱ្យ​ដឹង​ទៀត​ថា ដោយ​មាន​បទបញ្ជា​ពី​លោក​វរសេនីយ៍ឯក ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ នៅ​វេលា​ម៉ោង​៤​ទៀប​ភ្លឺ​ថ្ងៃ​ទី​៤ ខែធ្នូ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ សេន ដា​យូ​សា ហៅ​បូ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ  តាម​ដីកាចាប់ខ្លួន​លេខ​៤១១ រ​.​ដ​.​ច​.​ន ចុះ​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦  ពី​បទ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន និង​បាន​ដកហូត​គ្រឿងញៀន​ចំនួន​១​កញ្ចប់ ។ តាម​ចម្លើយ​សារភាព សមត្ថកិច្ច​ក៏​ឈាន​ទៅ​បង្ក្រាប​ទីតាំង​ផលិត​សារធាតុ​ញៀន​នៅ​ខណ្ឌមានជ័យ​តែ​ម្តង ។

នៅ​ក្នុង​ប្រតិបត្តិការ​នេះ មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក ស៊ិ​ន វី​រៈ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូល​រូ​ម​ពី​នគរបាល​ខណ្ឌមានជ័យ​ផង​ដែរ​។ បន្ទាប់​ពី​បង្ហាញមុខ ជនសង្ស័យ​២០​នាក់​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ច្បាប់ ។ ចំណែក​ជនសង្ស័យ​៥​នាក់ ដែល​កែ​ច្នៃ​ផលិត​គ្រឿងញៀន កំពុង​សាកសួរ​នៅ​អធិការដ្ឋាន និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ដែរ ៕