ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​បញ្ចូល​ជា​ផ្លូវការ សៀវភៅ​មុខ​វិជ្ជា​«​ទេសចរណ៍​»​សម្រាប់​សិស្ស​រៀន​ថ្នាក់​ទី​១១

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោម​កិច្ចសហការ​ដ៏​ល្អ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងទេសចរណ៍ ក្នុង​ការ​ជំរុញ​ការ​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ទេសចរណ៍ ទៅ​ក្នុង​កម្មវិធី​សិក្សាអប់រំ​វិជ្ជាជីវៈ ជម្រើស​ក្នុង​សាលា​ចំណេះ​ទូទៅ ដើម្បី​ជា​ការ​តម្រង់​ទិស…

រាជធានី​ភ្នំពេញ ៖ ក្រោម​កិច្ចសហការ​ដ៏​ល្អ​រវាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួងទេសចរណ៍ ក្នុង​ការ​ជំរុញ​ការ​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ទេសចរណ៍ ទៅ​ក្នុង​កម្មវិធី​សិក្សាអប់រំ​វិជ្ជាជីវៈ ជម្រើស​ក្នុង​សាលា​ចំណេះ​ទូទៅ ដើម្បី​ជា​ការ​តម្រង់​ទិស និង​ការ​ទាក់ទាញ​ដល់​យុវជន និង​សិស្សានុសិស្ស​ឱ្យ​ឃើញ​ពី​សារៈសំខាន់ នៃ​វិស័យ​ទេសចរណ៍ ក្រសួង​អប់រំ និង​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២​នេះ បាន​សហការ​គ្នា​ផ្សព្វផ្សាយ និង​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​សៀវភៅ​ទេសចរណ៍ ជា​មុខ​វិជ្ជា​មួយ​រៀន​នៅ​ថ្នាក់​ទី​១១ សម្រាប់​សាលា​ចំណេះដឹង​ទូទៅ​របស់​ក្រសួង ។

ពិធី​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​ឯកឧត្ដម ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​លោក​បណ្ឌិត អ៊ឹម កុ​ច រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា តំណាង​លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា និង​មានការ​ចូលរួម​ពី​សំណាក់​មន្ត្រី​ជំនាញ នៃ​ក្រសួង​ទាំង​ពីរ មន្ទីរ​ទេសចរណ៍ មន្ទីរ​អប់រំ យុវជន និង​កីឡា លោក លោកស្រី នាយក​គ្រឹះស្ថាន​សិក្សាអប់រំ និង​សាលា​បណ្តុះបណ្តាល សាស្ត្រាចារ្យ សមាគម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ យុវជន និង​សិស្ស និស្សិត សរុប​២៥០​នាក់ ។

ថ្លែង​នា​ឱកាស​នោះ ឯកឧត្ដម ថោ​ង ខុន ក៏​បាន​ថ្លែងអំណរគុណ​ដល់​លោក​រដ្ឋមន្ត្រី ហង់ ជួនណា​រ៉ុ​ន និង​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​បាន​តែងតែ​ផ្តល់​ការ​គាំទ្រ និង​កិច្ចសហការ​យ៉ាង​ល្អ លើ​ការ​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ទេសចរណ៍ ទៅ​ក្នុង​កម្រិតសិក្សា​ចំណេះដឹង​ទូទៅ ដែល​រួម​មាន​ទាំង​ការ​រៀបចំ​សៀវភៅ​ទេសចរណ៍ ថ្នាក់​ទី​១១ និង​ទី​១២ ដើម្បី​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ចំណេះដឹង​ទូទៅ និង​ការ​រៀបចំ​កម្មវិធី​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍ សម្រាប់​ដាក់​ឲ្យ​ប្រើប្រាស់​តាម​វិទ្យាល័យ​ចំណេះ​ទូទៅ និង​បច្ចេកទេស (​ថ្នាក់​ទី​១០ ទី​១១ និង​ទី​១២) ។

ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា ការ​ដាក់​បញ្ចូល​កម្មវិធី​សិក្សា​ទេសចរណ៍ ទៅ​ក្នុង​កម្រិតសិក្សា​ចំណេះដឹង​ទូទៅ​នេះ គឺជា​ទិស​ដៅ​យុទ្ធសាស្ត្រ នៃ​ផែនការ​អភិវឌ្ឍ​ធនធានមនុស្ស ក្នុង​វិស័យ​ទេសចរណ៍ ដើម្បី​ចូលរួម​ជំរុញ​ការ​បណ្តុះបណ្តាល និង​លើកកម្ពស់​ធនធាន​អ្នកជំនាញ​ទេសចរណ៍ ឱ្យ​ឆ្លើយ​តប​ទាំង​បរិមាណ និង​គុណភាព​ស្រប​តាម​តម្រូវការ​អភិវឌ្ឍន៍ ក្នុង​វិស័យ​ទេសចរណ៍ ដែល​វិស័យ​នេះ​ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ​ដើរតួ​ជា «​មាស​បៃតង​» រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម និង​ការ​ការពារ​បរិស្ថាន ចូលរួម​ដល់​ការ​កសាង​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា ដែល​ជា​ផ្នែក​គាំទ្រ​ដល់​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs) ឆ្នាំ​២០៣០ របស់​អង្គការសហប្រជាជាតិ (UN) ។

ជាមួយ​គ្នា​នោះ ដើម្បី​ចូលរួម​ជំរុញ​ការ​ប្រើប្រាស់​សៀវភៅ​ទេសចរណ៍ នៅ​ក្នុង​កម្រិតសិក្សា​ចំណេះដឹង​ទូទៅ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព លោក​រដ្ឋមន្ត្រី ថោ​ង ខុន ក៏​បាន​ស្នើ ៣​ចំណុច​ដូច​ជា ៖

ទី​១- ស្នើ​សុំ​ដល់​ក្រសួង​អប់រំ យុវជន និង​កីឡា បន្ត​ជំរុញ​ការ​ផ្សព្វផ្សាយ និង​ណែនាំ​ពី​ការ​ប្រើប្រាស់​សៀវភៅ​ថ្នាក់​ទី​១១​នេះ ដល់​សាលា​ចំណេះដឹង​ទូទៅ នៅ​ក្រោម​ឱវាទ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​ទាំងអស់ ព្រមទាំង​បន្ត​ផ្តល់​ការ​គាំទ្រ និង​សហការ​លើ​ការ​ចងក្រង និង​រៀបចំ​សៀវភៅ​ទេសចរណ៍​ថ្នាក់​ទី​១២ និង​ការ​រៀបចំ កម្មវិធី​សិក្សា ជំនាញ​ទេសចរណ៍ សម្រាប់​ដល់​បញ្ចូល​ក្នុង​កម្រិតសិក្សា​ចំណេះដឹង​ទូទៅ​ផ្សេង​ៗ​ទៀត​ផង​ដែរ ។

ទី​២- ស្នើ​សុំ​ដល់​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល​ក្រោម​ឱវាទ​ក្រសួង​អប់រំ​ទាំងអស់ ជួយ​បន្ត​ជំរុញ​បណ្តុះបណ្តាល​លើ​ជំនាញ​ទេសចរណ៍ និង​ប​ដិ​ស​ណ្ឋា​រ កិច្ច ឱ្យ​បាន​ច្រើន ទាំង​កម្រិត​ជំនាញ និង​គ្រប់គ្រង​ផ្នែក​ទេសចរណ៍ និង​បដិសណ្ឋារកិច្ច ជា​ពិសេស​សម្រាប់​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល ដែល​មិន​ទាន់​មានការ​បណ្តុះបណ្តាល ជំនាញ​ទេសចរណ៍ សូម​រៀបចំ​ឱ្យ​មាន​ថ្នាក់​សិក្សា​លើ​ជំនាញ​ទេសចរណ៍ ជា​ពិសេស​នៅ​តាម​គោលដៅ​ទេសចរណ៍​ដែល​មិន​មាន​សាលា​បណ្តុះបណ្តាល​ជំនាញ ទេសចរណ៍​។

ទី​៣- ស្នើ​សុំ​ដល់​មន្ទីរ​ទេសចរណ៍ និង​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី ខេត្ត​ទាំងអស់​សហការ​ជាមួយ​គ្រឹះស្ថាន​អប់រំ និង​បណ្តុះបណ្តាល​នៅ​ក្នុង​គោលដៅ​រាជធានី ខេត្ត​របស់​ខ្លួន ជំរុញ​រៀប​ចំការ​បណ្តុះបណ្តាល​ជំនាញ​ទេសចរណ៍​ឱ្យ​បាន​កាន់តែ​ច្រើន​ផង​ដែរ ។

ជាមួយ​គ្នា​នោះ​ផង​ដែរ​លោក​បណ្ឌិត អ៊ឹម កុ​ច ក៏​បាន​បញ្ជាក់​ដែរ​ថា ដើម្បី​ចូលរួម​លើកកម្ពស់​ការ​យល់​ដឹង​របស់​សិស្សានុសិស្ស លើ​វិស័យ​ទេសចរណ៍ ចំពោះ​សិស្ស​ដែល​បាន​រៀន​ចប់​ត្រឹម​ថ្នាក់​ទី​៩ នឹង​បន្ត​ចូល​រៀន​នៅ​តាម​សាលា​អប់រំ​បច្ចេកទេស រាប់​ទាំង​ជំនាញ​ទេសចរណ៍ រយៈពេល ៣​ឆ្នាំ ក្រោយ​ពេល​ប្រឡង​បាន​ជោគជ័យ និង​ទទួល​បាន​សញ្ញាបត្រ​មួយ​ដែល​មាន​តម្លៃ​ស្មើនឹង​សញ្ញាបត្រ​បាក់​ឌុ​ប​ផង​ដែរ ដែល​បេក្ខជន​អាច​ស្នើ​សុំ​សញ្ញាបត្រ​នេះ ដែល​មានការ​បោះត្រា និង​ចុះហត្ថលេខា​ដោយ ក្រសួង​អប់រំ យុវជន និង​កីឡា ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ