ខេត្តក្រចេះ ៖ សមត្ថកិច្ចស្រុកស្នួលដោយមានការបញ្ជាពីលោកអភិបាលស្រុក ប្រធានគណៈបញ្ជាការឯកភាពស្រុកចាត់ឱ្យលោក សឿន សូលីប៊ែល អនុប្រធានការិយាល័យសេដ្ឋកិច្ច សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំក្រញូងសែនជ័យ នៅល្ងាចថ្ងៃទី២៩ មិថុនាឆ្នាំ ២០២២ ម្សិលមិញ បានឆ្មក់បង្ក្រាបរថយន្ត និងរ៉ឺម៉កដឹកឈើឈើគ្រញូង ដែលក្រុមឈ្មួញបានរៀបចំដាក់ចេញពីឃ្លាំងមួយកន្លែង ស្ថិតនៅក្នុងផ្លូវច្រកធីធីវ៉ាយ បម្រុងនាំឆ្លងដែនទៅលក់នៅប្រទេសវៀតណាម តាមច្រកងាំ៦២ ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ។

នៅក្នុងប្រតិបត្តិការចុះឆ្មក់បង្ក្រាបនេះ រថយន្តសាំយ៉ុងមួយគ្រឿងបានបើករត់គេចបាត់ ដោយសារគេដឹងខ្លួនទាន់ បន្សល់ទុករ៉ឺម៉កដែលមានផ្ទុកឈើគ្រញូង និងឈើគគីរពីរសន្លឹកដែលមានមុខកាត់ធំៗ ។

ក្នុងខណៈដែរសមត្ថកិច្ចឃាត់រ៉ឺម៉កដឹកឈើប្រណីតខាងលើ គេសង្កេតឃើញមេឈ្មួញឈ្មោះ តា វី ដែលជាជនជាតិវៀតណាម បានចេញមកសម្របសម្រួល និងសុំចរចា ដើម្បីកុំឲ្យសមត្ថកិច្ចធ្វើការរឹបអូសយកឈើប្រណីតទាំងនោះ ។

ទោះជាយ៉ាងណាក៏ដោយ សមត្ថកិច្ចនៅរឹបអូសយកមធ្យោបាយដឹកជញ្ជូន និងឈើទាំងនោះយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួល ដើម្បីកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕







ចែករំលែកព័តមាននេះ