ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ប្តី​ប្រពន្ធ និង​បក្ខពួក វា.យ​គ្នា​ផ្អើល​នៅ​បុរី​អ័​រ​គី​ដេ សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​បញ្ជូន​ទៅ​តុលាការ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ប្តី​ប្រពន្ធ​វ៉ៃ​គ្នា (​កំពុង​ប្តឹង​លែងលះ ប៉ុន្តែ​មិន​ទាន់​ចេញ​សាលក្រម​) សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ (​ភាគី​ប្រពន្ធ​) បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២៨…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ប្តី​ប្រពន្ធ​វ៉ៃ​គ្នា (​កំពុង​ប្តឹង​លែងលះ ប៉ុន្តែ​មិន​ទាន់​ចេញ​សាលក្រម​) សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ (​ភាគី​ប្រពន្ធ​) បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែមិថុនា ឆ្នាំ​២០២២ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហិ.ង្សា ព្រួត​គ្នា​វាយ​ភាគី​ខាង​ប្តី ។

ស្ត្រី​ជា​ជនជាប់សង្ស័យ​ឈ្មោះ បូ រ៉ា​នី អាយុ​៣៤​ឆ្នាំ មុខរបរ​នៅផ្ទះ ស្នាក់​នៅផ្ទះ​លេខ​១៣១A៨ ផ្លូវលំ ភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

ដើមចម ពី​ការ​ឃាត់ខ្លួន​ស្ត្រី​ខាងលើ​នេះ ត្រូវ​បាន​ប្រភព​ព័ត៌មាន បង្ហើប​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២២ មាន​ករណី​ហិ.ង្សា ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស​មួយ (​ព្រួត​គ្នា​វាយ​ទៅ​លើ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​មាន​របួស​យ៉ាងធ្ងន់ធ្ងរ​) ស្ថិត​នៅ​ក្នុង​បុរី​អ័​រ​គី​ដេ ផ្លូវជាតិ​លេខ ៦A ភូមិ​ព្រែក​លៀប សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ បង្ក​ដោយ​ភាគី​ជនសង្ស័យ​មាន​គ្នា​៥ នាក់ (​ខាង​ប្រពន្ធ​) ។

ក្រោយ​កើតហេតុ ភាគី​ខាង​(​ប្តី​) ដែល​រង​របួស បាន​ទៅ​ដាក់​ពាក្យ​នៅ​សមត្ថកិច្ច ឲ្យ​ជួយ​ចាត់ការ​លើ​ករណី​ហិ.ង្សា​នេះ ទើប​សមត្ថកិច្ច បាន​សុំ​ការ​អនុញ្ញាត​ពី​ស្ថាប័ន​អយ្យការ ឃាត់ខ្លួន​ភាគី ដែល​ថា ជា​ជន​បង្ក នាំ​ទៅ​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ។

តាម​ពាក្យបណ្តឹង បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៦ មិថុនា ២០២២ ភាគី​ដើមបណ្តឹង​(​ប្តី​) និង​ប្អូនស្រី រួម​ជាមួយ​មិត្តភក្តិ​ប្អូនស្រី​ម្នាក់​ទៀត បាន​នាំ​គ្នា​ទៅ​មើល​ផ្ទះ ដែល​ទិញ​បង់​រំ​លោះ នៅ​បុរី​អ័​រ​គី​ដេ ព្រែក​លៀប (​ផ្ទះ​ទិញ​រួម​គ្នា​ជាមួយ​ប្រពន្ធ​) ក្នុង​គោលបំណង​លក់​វិញ ។ លុះ​ពេល ទៅ​ដល់​ស្រាប់តែ​ឈ្មោះ បូ រ៉ា​នី (​ភាគី​ខាង​ប្រពន្ធ​) និង​បក្ខពួក​៤ នាក់ (​ប្រុស​២​នាក់​) បាន​ធ្វើ​សកម្មភាព ដោយ​ប្រើប្រាស់​ទូរ​សព្ទ​ដៃ ថត​ឡាយ​ភាគី​ខាង​ប្តី ដែល​កំពុង​ដើរ​មើល​ក្នុងផ្ទះ​នោះ បង្ក​ឲ្យ​កើត​មាន​ជម្លោះ ឈាន​ដល់​ភាគី​ខាង​ប្រពន្ធ ព្រួត​គ្នា​វាយ​ទាត់​ធាក់ ទៅ​លើ​ភាគី​ខាង​ប្តី ទាំង​៣​នាក់ ខ្លះ​បែកក្បាល ខ្លះ​បែក​ចិញ្ចើម បែក​គុម្ពត្រជៀក របួស​កែងដៃ ជាំ​ភ្លៅ និង​ជ្រុះ​សក់ ទាំង​ដុំ​ៗ រួច​ហើយ​ក្រុម​ជន​បង្ក បាន​នាំ​គ្នា​គេចខ្លួន​បាត់​អស់ ។

ចម្លើយ​ជនសង្ស័យ​ឈ្មោះ បូ រ៉ា​នី នៅ​ចំពោះ​មុខ​សមត្ថកិច្ច ក៏​បាន​ទទួលស្គាល់​ដែរ​ថា ខ្លួន​និង​បក្ខពួក ពិតជា​បាន​ព្រួត​គ្នា ធ្វើ​សកម្មភាព​វាយ​ទៅ​លើ​ភាគី​ម្ខាង​ទៀត (​ប្តី​) ប្រាកដ​មែន ។

ដោយ​យោង​ទៅ​ពាក្យបណ្តឹង រវាង​ភាគី​ខាង​រង​របួស និង​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ស៊ីសង្វាក់ និង​ពាក់ព័ន្ធ​បទល្មើស សមត្ថកិច្ច ក៏​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ដែល​សំណុំរឿង​នេះ​បាន​ស្ថិត​នៅ​លោក អ៊ុំ សុ​ភក្តិ ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលាដំបូង បើក​ការ​ស៊ើបសួរ ។

សូម​បញ្ជាក់​ថា ដើមបណ្តឹង និង​ចុងចោទ​ឈ្មោះ បូ រ៉ា​នី ជា​ប្តី​ប្រពន្ធ មានរឿង​ក្តីក្តាំ ប្តឹងផ្តល់​គ្នា​នៅ​តុលាការ ដោយ​សុំ​ផ្តាច់​អ​នីតិ​សង្វាស (​លែងលះ​) ព្រោះតែ​ការ​រស់នៅ​មិន​ចុះសម្រុង​គ្នា ។ ប៉ុន្តែ​បណ្តឹង​នោះ តុលាការ​មិន​ទាន់​សម្រេច​យ៉ាង​នៅឡើយ​ទេ ពោល​គឺ​ទាំង​២ នាក់​ប្តី​ប្រពន្ធ មិន​ទាន់​មាន​សាលក្រម លែងលះ​ជា​ផ្លូវការ​នោះ​ដែរ ។ ការ​សាកសួរ​ជនសង្ស័យ បាន​អូស​បន្លាយ​រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​២៩ ខែមិថុនា ទើប​តំណាង​អយ្យការ បាន​ផ្ញើ​ជនសង្ស័យ ទៅ​សមត្ថកិច្ច​វិញ ដោយ​មិន​ទាន់​សម្រេច​យ៉ាងណា នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ