ខេត្តស្វាយរៀង ៖ បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចផ្ទះសំណាក់យីហោ «ឋាន សួគ៍» ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីចាប់បង្ខាំងមនុស្សដោយខុសច្បាប់មួយកើតឡើង ដែលបង្កឡើងដោយជនសង្ស័យជាជនជាតិវៀតណាមចំនួន២នាក់។
សេចក្តីរាយការណ៍បន្តថា ជនសង្ស័យទាំង២នាក់ខាងលើនេះ គឺម្នាក់មានឈ្មោះ វៀង ថាញ់ជុង ភេទប្រុស ឣាយុ២៤ឆ្នាំ មានទីលំនៅភូមិម៉ាសា ឃុំដៃពឿង ស្រុកមីឌឿក ក្រុងហាណូយ (គ្មានលិខិតឆ្លងដែន) និងម្នាក់ឈ្មោះ វៀង បាវ ឡុង ភេទប្រុស ឣាយុ៤៦ឆ្នាំ មានទីលំនៅភូមិរុង ឃុំថាន់ឌឹក ស្រុកកូយ៉ូវ ខេត្តតៃនិញ (មានលិខិតឆ្លងដែន) បានធ្វើសកម្មភាពចាប់បង្ខាំងទៅលើជនរងគ្រោះម្នាក់ឈ្មោះ វាត់ ធីគីថាំ ភេទស្រី ឣាយុ៤៩ឆ្នាំ ជាជនជាតិវៀតណាម ដូចគ្នា មុខរបរមេផ្ទះ មានលំនៅភូមិជុងម៉ូក ឃុំភូមី ស្រុកភូមិតាំង ខេត្តឣាំងយ៉ាង ប្រទេសវៀតណាម។

ក្រោយពីទទួលបានព័ត៌មាននោះភ្លាម កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលក្រុងបាវិត បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ចុះទៅដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យជនជាតិវៀតណាមទាំង២នាក់ ទៅធ្វើការសាកសួរ ។
ហើយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា «ពួកគេពិតជាបានរួមគំនិតគ្នាធ្វើសកម្មភាពចាប់បង្ខាំងជនរងគ្រោះទុកក្នុងបន្ទប់ជួលផ្ទះសំណាក់ «ឋានសួគ៌» ពិតប្រាកដមែន មូលហេតុដោយសារជនរងគ្រោះបានខ្ចីប្រាក់ពីពួកគេចំនួន 200,000,000ដុង (ពីររយលានដុង) ដើម្បីយកទៅលេងល្បែងស៊ីសងនៅកាស៊ីណូ «ម៉ុកវ៉ា» ស្ថិតនៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង រហូតដល់ចាញ់ឣស់ប្រាក់ពីខ្លួន ហើយក៏គ្មានប្រាក់សងពួកគេ ទើបពួកទាំងពីរនាក់ចាប់ជនរងគ្រោះយកទៅបង្ខាំងទុកក្នុងបន្ទប់ជួលនោះ ដើម្បីជម្រិតទារប្រាក់តែម្តង» ។

បន្ទាប់ពីស្តាប់ចម្លើយជនសង្ស័យសារភាព ដែលស៊ីសង្វាក់ទៅនឹងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះ សមត្ថកិច្ចក៏បានសុំការឯកភាពពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ទើបនគរបាលក្រុងបាវិត បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ