ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ប្រុស​ស្រី​៣​នាក់ ក្រោយ​ប្រើ​ល្បិច​ដក​លុយ​ពី​ធនាគារ​អស់​ជាង​៣​ម៉ឺន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី

រាជធានី​ភ្នំពេញ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ កាលពី​រសៀល​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ពី បទ «​ក្លែង​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​ក្លែង អត្តសញ្ញាណ​បុគ្គល​លើ​អត្តសញ្ញាណប័ណ្ណ ឆ​បោ​.​ក​ជា​ប្រពន្ធ និង​សំអាត​ប្រាក់​» ដែល​ប្រព្រឹត្ត​នៅ​ធនាគារ​មួយ​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ។

មនុស្ស​ទាំង​៣​នាក់​ខាងលើ​នេះ រួម​មាន ៖ ១- ឈ្មោះ សង វ៉ា​ន់​ដេ​ត ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​លេខ​១២ ផ្លូវ​លេខ​៦A ស្ថិត​ក្នុងភូមិ​ក្រាំង​អង្ក្រង សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ២- ឈ្មោះ ជុំ ឆេ​ង​លី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​ដើម​ឬ​ស ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​៣- ឈ្មោះ អុល មិថុនា ភេទ​ស្រី អាយុ​៤១​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​ភូមិ​កំពង់ទួល ឃុំ​ដើម​ឬ​ស ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​តាម​ពាក្យបណ្តឹង​របស់​មេធាវី​ម្នាក់ ពាក់ព័ន្ធ​ករណី «​ក្លែង​ឯកសារ​សាធារណៈ ក្រោម​រូបភាព​យក​ទៅ​ឆ​បោ​.​ក​ប្រាក់​ពី​ធនាគារឯកជន​មួយ​ប្រមាណ ៣៥ ០០០ ដុល្លារ​អា​មេ​រិ​ក​» ។

អង្គហេតុ​នៃ​ពាក្យបណ្តឹង​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២២ ជនសង្ស័យ​ទាំង​៣​នាក់​តាម​រយៈ​ប្រើប្រាស់​អត្តសញ្ញាណ​ក្លែង ក្លែង​ឯក​សាធារណៈ ក្លែង​អត្តសញ្ញាណ​បុគ្គល​លើ​អត្តសញ្ញាណប័ណ្ណ​ថា ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​ដីធ្លី និង​ជា​មនុស្ស​នៅ​ក្នុង​អត្តសញ្ញាណប័ណ្ណ​ខាងលើ​ពិតប្រាកដ ដែល​ធ្វើ​ឲ្យ​ធនាគារឯកជន​សាខា​បឹង​កេងកង ជឿ​ទុកចិត្ត ហើយ​ប្រគល់​ប្រាក់​ឲ្យ​ចំនួន ១៥ ០០០ ដុល្លារ​អា​មេ​រិ​ក ។ លុះ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០២២ ជនសង្ស័យ​ទាំង​៣​នាក់​ដដែល បាន​ប្រើប្រាស់​អត្តសញ្ញាណ​ក្លែង ទៅ​ឆ​បោ​.​ក​ធនាគារឯកជន​សាខា​ខណ្ឌដូនពេញ ដោយ​ដក​យក​ប្រាក់​ប្រមាណ ២០ ០០០ ដុល្លារ​អា​មេ​រិ​ក ។

ប្រភព​ដដែល​បន្ត​ថា ហើយ​និង​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២២ ជនសង្ស័យ​ទាំង​៣​នាក់ ក៏​បាន​ប្រើប្រាស់​អត្តសញ្ញាណ​ក្លែង ក្លែង​ឯក​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង និង​ក្លែង​អត្តសញ្ញាណ​បុគ្គល​លើ​អត្តសញ្ញាណប័ណ្ណ​ថា ខ្លួន​ជា​ម្ចាស់​កម្មសិទ្ធិ​ដី បាន​ទៅ​ដាក់​សំណើរ​សុំ​ខ្ចីប្រាក់​ចំនួន ៩០ ០០០ ដុល្លារ​អា​មេ​រិ​ក ពី​ធនាគារឯកជន​សាខា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ម្តងទៀត ប៉ុន្តែ​លើក​នេះ ពួក​គេ​ក៏​ត្រូវ​អស់លក្ខណ៍ ដោយ​ខាង​ធនាគារ​បាន​ប្រើប្រាស់​សិទ្ធិ​ពឹងពាក់​មេធាវី​ការពារ​ក្តី ប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ចាប់ខ្លួន​បុគ្គល​ទាំង​៣​នាក់​នេះ ចាត់ការ​តាម​ផ្លូវច្បាប់ ។

តាម​ការ​ស្តាប់​ចម្លើយ​របស់​ជនសង្ស័យ​ទាំង​៣​នាក់ បាន​សារភាព​ប្រហាក់ប្រហែល​គ្នា​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆ​បោ​.​ក​យក​ប្រាក់​ពី​ធនាគារឯកជន​នោះ​ពិតប្រាកដ​មែន តាម​រូបភាព​ប្រើប្រាស់​ឯកសារ​ក្លែង​ទាំងអស់ ។

សំណុំរឿង​នេះ ជនសង្ស័យ​ទាំង​៣​នាក់ ស្ថិត​នៅ​ដំណាក់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ និង​ក្រោយ​ពី​សួរ​ចប់ ពួក​គេ​ទំនងជា​មិន​អាច​គេច​ផុត​ពី​ការ​ឃុំខ្លួន​ដាក់​ពន្ធ​គារ​ជា​បណ្តោះអាសន្ន ដើម្បី​រង់ចាំ​ការ​កាត់ក្តី​ទៅ​តាម​បទល្មើស​ដែល​ពួក​គាត់​បាន​ប្រព្រឹត្ត​នោះ​ទេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ