ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ប្រវត្តិសាស្ត្រ​ដ៏​យូរលង់​របស់​មនុស្ស​សម័យ​បុរេប្រវត្តិ​នៃ​កម្ពុជា មុន​សម័យ​អង្គរ ក្រោយ​ធ្វើ​កំណាយ ល្អាង​ស្ពាន នៅ​ខេត្តបាត់ដំបង

3 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ស្ថានីយ៍​ល្អាង​ស្ពាន ក្នុង​ខេត្តបាត់ដំបង ស្ថិត​ក្នុង​ចំណោម​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​ធំ​ៗ នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ដីគោក ត្រូវ​បាន​ធ្វើ​កំណាយ​រក​ឃើញ​ពី​ប្រវត្តិ​ដ៏​យូរលង់ នៃ​ដំណាក់កាល​ធំ​ៗ​របស់​មនុស្ស​សម័យ​បុរេប្រវត្តិសាស្ត្រ នៃ​កម្ពុជា ពោល​គឺ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​មុន​សម័យ​អង្គរទៅទៀត…

ខេត្តបាត់ដំបង ៖ ស្ថានីយ៍​ល្អាង​ស្ពាន ក្នុង​ខេត្តបាត់ដំបង ស្ថិត​ក្នុង​ចំណោម​ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​ធំ​ៗ នៃ​តំបន់​អាស៊ី​អាគ្នេយ៍​ដីគោក ត្រូវ​បាន​ធ្វើ​កំណាយ​រក​ឃើញ​ពី​ប្រវត្តិ​ដ៏​យូរលង់ នៃ​ដំណាក់កាល​ធំ​ៗ​របស់​មនុស្ស​សម័យ​បុរេប្រវត្តិសាស្ត្រ នៃ​កម្ពុជា ពោល​គឺ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​មុន​សម័យ​អង្គរទៅទៀត នេះ​បើ​យោង​តាម​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២២​នេះ ។

ប្រតិបត្តិការ​បុរាណវិទ្យា ដឹកនាំ​ដោយ​បេសកកម្ម​បុរេប្រវត្តិសាស្ត្រ​បារាំង​-​កម្ពុជា ស្ថិត​ក្នុង​ក្របខ័ណ្ឌ នៃ​ការដ្ឋាន​អន្តរជាតិ និង​មាន​គោលដៅ​គូសវាស​ឡើង​វិញ នូវ​ដំណាក់កាល​នីមួយ នៃ​ការ​រស់នៅ​របស់​មនុស្ស​សម័យ​បុរេប្រវត្តិសាស្ត្រ នៃ​ប្រទេស​កម្ពុជា រាប់​ចាប់ពី​មនុស្ស​យុគ​ថ្ម​បំបែក ដល់​យុគ​ថ្ម​រំលីង នៃ​វាលទំនាប​បាត់ដំបង ។

ដោយ​មានការ​គាំទ្រ​ពី​គណៈកម្មការ​កំណាយ​បុ​រណវិទ្យា​នៅ​បរទេស នៃ​ក្រសួង​អឺរ៉ុប និង​ការ​បរទេស​បារាំង កំណាយ​ខាងលើ បាន​នាំ​ទៅ​រក​របកគំហើញ ពុំ​ធ្លាប់​មាន​ពាក់ព័ន្ធ​នឹង ៤​សម័យកាល រួម​មាន ៖

-​យុគ​ថ្ម​រំលីង ៖ ផ្នូរ​បញ្ចុះសព ចំនួន​៦ ត្រូវ​បាន​រក​ឃើញ ដោយ​មាន​ភាជន៍ ថ្ម​រំលីង អលង្ការ និង​គ្រឿង​លម្អ​ផ្សេង​ៗ ដែល​ស្ថិត​ក្នុង​ស្ថានភាព​រក្សា​ទុក បាន​យ៉ាង​ល្អ ។ មាន​អាយុកាល ១,៥០០​ឆ្នាំ មុន​គ្រិស្តសករាជ ផ្នូរ​ទាំងនេះ បង្ហាញ​ឱ្យ​ឃើញ​ថា ល្អាង​ស្ពាន​ត្រូវ​បាន​ប្រើប្រាស់​ជា​ច្រើន​លើក​ច្រើន​សារ ជា​កន្លែង​បញ្ចុះសព​ដោយ​ក្រុម​កសិករ ដែល​រស់នៅ​តំបន់​វាលទំនាប​បាត់ដំបង ។

-​យុគ​ថ្ម​បំបែក​ចុង​ក្រោយ ៖ សំដៅលើ​អ្នក​បរបាញ់​-​អ្នក​ប្រមូល​អនុ​ផល​ព្រៃឈើ​ចុង​ក្រោយ នៃ​តំបន់​អាស៊ី​អាគ្នេយ៍ (១,១០០​ឆ្នាំ ទៅ​៥,០០០​ឆ្នាំ មុន​គ្រិស្តសករាជ​)​។ បរិមាណ​ដ៏​ច្រើន នៃ​បំណែក​ឆ្អឹង និង​ឧបករណ៍​ប្រើប្រាស់​ធ្វើ​ឱ្យ​គេ​ស្គាល់​កាន់តែ​ច្បាស់ អំពី​របៀប​រស់នៅ​របស់​អ្នក​បរបាញ់ សម័យ​បុរេប្រវត្តិសាស្ត្រ នៅ​តំបន់​ត្រូពិច ។

-​យុគសម័យ​បុ​រេ​ហាវ​ប៊ី​ញៀន ៖ គេ​ឃើញ​មាន​ថ្ម ប្រើប្រាស់​បង្កើត​ផ្លា​ភ្លើង ដើម្បី​បង្កាត់ភ្លើង ដែល​មាន​អាយុកាល ចន្លោះ​១១,០០០​ឆ្នាំ ទៅ ២៦,០០០​ឆ្នាំ មុន​គ្រិស្តសករាជ ។

-​យុគ​មុន​សម័យកាល​បុ​រេ​ហាវ​ប៊ី​ញៀន ៖ គេ​ឃើញ​មាន​បំណែក​ថ្ម ប្រើប្រាស់​សម្រាប់​ពុះ​ច្រៀក ដែល​មាន​លក្ខណៈ​គ្រប​ទៅ​ដោយ​ផេះ ទំនង​បណ្តាល​មក​ពី​ប​ន្ទុះ​ភ្នំភ្លើង Toba ។

ស្ថានីយ៍​ល្អាង​ស្ពាន​បង្ហាញ​នូវ​ទិដ្ឋភាព​វប្បធម៌ នៃ​រយៈពេល​ដ៏​វែង​មួយ​ដែល​អាច​ឲ្យ​គេ​កំណត់​សារ​ជា​ថ្មី នូវ​ដំណាក់កាល​ធំ​ៗ​របស់​មនុស្ស​សម័យ​បុរេប្រវត្តិសាស្ត្រ នៃ​កម្ពុជា ចាប់តាំងពី​ពេល​កកើត ។ ស្ថានីយ៍​ល្អាង​ស្ពាន ផ្ទុក​នូវ​បណ្តុំ​ព័ត៌មាន​បុរេប្រវត្តិសាស្ត្រ​ដ៏​មាន​សារសំខាន់ ដោយសារ​ផ្តល់​នូវ​ព័ត៌មាន ដែល​ខ្វះខាត​ទាក់ទង​នឹង​ប្រវត្តិ​ដ៏​យូរលង់ នៃ​ប្រទេស​កម្ពុជា ពោល​គឺ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​មុន​សម័យ​អង្គរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ