រាជធានីភ្នំពេញ ៖ តារាម៉ូដែលផ្សាយលក់ផលិតផលម្នាក់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធការចោទប្រកាន់ពីបទ.លួច ធ្វើឲ្យខូចខាតដោយចេតនា និងបទ.គំរា.មកំហែងថា នឹងសម្លា.ប់ ។
ជនសង្ស័យខាងលើនេះមានឈ្មោះ លាង សម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរតារាម៉ូដែល មានទីលំនៅភូមិច្រេះ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ហើយសំណុំរឿងនេះ បានស្ថិតនៅលោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បើកការស៊ើបសួរ ។

ដើមចមពីការឃាត់ខ្លួនតារាម៉ូដែលរូបនេះ បញ្ជូនទៅតុលាការ ត្រូវបានគេដឹងថា ស្ត្រីម្នាក់មានមុខរបររកស៊ីលក់ប្រេងឆា កាហ្វេរ៉េឌីង និងលក់ផលិតផលថែរក្សាសម្រស់មកពីប្រទេសកូរ៉េ និងថៃ ជាដើមបណ្តឹង ។ ដោយអាជីវកម្មរកស៊ីមានការរីកចម្រើន និងការងាររវល់មមាញឹកផងនោះ ស្ត្រីជាដើមបណ្តឹង បានជ្រើសរើសបុគ្គលិកម្នាក់ឈ្មោះ លាង សម្បត្តិ (ជនសង្ស័យ) យកមកធ្វើការផ្នែកម៉ូដែល ថតបង្ហាញលក់ផលិតផលតាមប្រព័ន្ធអនឡាញ និងលក់លើទីផ្សារនានា ដោយបានផ្តល់ប្រាក់ខែ៣០០ដុល្លារអាមេរិកក្នុង១ខែ ព្រមទាំងផ្គត់ផ្គង់ការហូបចុក និងកន្លែងស្នាក់នៅទៀតផង ។
ចាប់តាំងពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឈ្មោះ លាង សម្បត្តិ ចូលធ្វើការ គេបានធ្វើខ្លួនឲ្យល្អដើម្បីឲ្យថៅកែជឿទុកចិត្ត តែទីបំផុតឆ្លៀតឱកាសលួចយកកូនសោចូលបន្ទប់ថៅកែ រួចលួចយកលុយអស់ប្រមាណ ៣៥ ០០០ ដុល្លារអាមេរិក និងគ្រឿងអលង្ការមួយចំនួន ព្រមទាំងធ្វើឲ្យខូចខាតរថយន្ត FORD XL T ១គ្រឿងទៀតផង ។ ក្រោយកើតមានរឿងនេះហើយ ដើមបណ្តឹងបានព្យាយាមទាក់ទង ដើម្បីរកការដោះស្រាយជាមួយជនសង្ស័យដែរ តែបែរជាជនសង្ស័យបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកគំរា.មកំហែងថា នឹងសម្លា.ប់ទៅវិញ ។ ដោយសារទង្វើជនសង្ស័យធ្វើដូច្នោះ ទើបស្ត្រីដើមបណ្តឹង សម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។

បើតាមជនសង្ស័យបានឆ្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ក៏ដូចជានៅចំពោះមុខអយ្យការ ប្រហាក់ប្រហែលទៅនឹងពាក្យបណ្តឹងរបស់ជនរងគ្រោះដែរថា «ខ្លួនបានចូលធ្វើការជាមួយថៅកែស្រីតាំងពីអំឡុងឆ្នាំ២០២១ ជាអ្នកដើរម៉ូត ថតស្ពតលក់ផលិតផល និងបើកបររថយន្ត ដោយទទួលបានប្រាក់ខែ ១ ០០០ ដុលារអាមេរិក ។ ហើយជនសង្ស័យក៏បានទទួលស្គាល់ការពិត គឺបានលួចលុយថៅកែចំនួន ១៣ ០០០ ដុល្លារ និងវា.យបំបែកកញ្ចក់រថយន្ត ព្រមទាំងគំរា.មថាសម្លា.ប់ប្រាកដមែន»។
យោងលើពាក្យបណ្តឹង និងចម្លើយសារភាពមានភាពស៊ីសង្កាត់ជាប់ពាក់ព័ន្ធនឹងបទល្មើស ធ្វើឲ្យតំណាងអយ្យការពិចារណាចោទប្រកាន់ជាផ្លូវការ និងចាត់បញ្ជូនទៅចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ៕
ចែករំលែកព័តមាននេះ